ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Thursday, November 3, 2011

សកម្មភាព​ជីកកាយដី​អូរបាក់​ទូក៖ ការសង្ស័យរបស់​ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ​ម្នាក់​​ដែល​មានទី​លំនៅ​រស់​នៅ​ក្នុង​ភូមិ​បឹងសា​​ឡាង​ សង្កាត់​ឬស្សី​កែវ​​ (ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​) ​​បាន​និយាយ​ប្រាប់​ខេមរាថា ចាប់​ពី​ថ្ងៃទី​២៦ ខែ​តុលា រហូត​ដល់​ថ្ងៃ​នេះ គាត់​ឃើញ​មាន​សកម្មភាព​ជីកកាយដី​អូរ​បាក់​ទូក ដែល​ស្ថិតនៅ​ក្នុង​ភូមិ​បឹងសាឡាង និង​ភូមិ​ទួល​សង្កែ នៃ​សង្កាត់​ឬស្សី​កែវ ​ឥត​មាន​ឈប់​មួយ​ថ្ងៃ​ណា​ឡើយ សូម្បី​តែ​ថ្ងៃ​អាទិត្យ។ ខេមរា​បាន​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ជីក​កាយ​ដីនេះ​កើត​ចេញ​ពី​បុព្វ​ហេតុ​ពីរ។ ទីមួយ ការសាង​សង់​ផ្ទះ​ល្វែង​គ្មាន​​ច្បាប់​អនុញ្ញាត និង​ទី២ ស្ដារ​អូរនេះ​ដើម្បី​​​ធ្វើ​ផ្លូវ​រំដោះ​ទឹកចេញ​ពី​បឹង​កក់​ដែល​នឹង​រលាយសាបសូន្យមិន​យូរ​ប៉ុន្មាននេះ​ (មិន​យូរប៉ុន្មាន​លែង​មាន​បឹង​កក់​ទៀត​ហើយ)។


អ្នកភូមិ​នោះ​បាន​ប្រាប់​ខេមរាថា ចេញ​ពី​សកម្មភាព​ទាំង​នេះ គាត់​និង​អ្នក​ភូមិ​មួយ​ចំនួនទៀត​ដែល​រស់​នៅ​​តាម​ដង​អូរនេះ (ភូមិ​ទួល​សង្កែ និង​ភូមិ​បឹងសាឡាង) មាន​មន្ទិល​សង្ស័យថា សកម្មភាព​ជីក​កាយ​ដី​​អូរ​បាក់​ទូក​នេះ​​មិន​ត្រូវ​តាម​នីតិវិធី​នៃ​ការ​អភិវឌ្ឍ​ទេ ព្រមទាំងសង្ស័យថា លិខិត​ជូន​ដំណឹង​ដែល​ចេញ​ដោយ​សាលា​រាជ​ធានា​ភ្នំពេញ​នោះ មិន​ត្រឹមត្រូវ​ទេ។ (សូម​បញ្ជាក់​ថា លិខិត​នេះ​គ្មាន​ចុះ​លេខ ព្រម​ទាំង​គ្មាន​ឈ្មោះ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការចេញ​លិខិត​នេះ​ទេ ទោះបីជា​មាន​ត្រា​សាលា​ក្រុង​ភ្នំពេញ​ក៏ដោយ)​ (សូម​មើល​លិខិត​នេះ​ដូច​មាន​ភ្ជាប់​មកជាមួយនេះ)។

គាត់​និយាយថា តាម​ធម្មតា ការអភិវឌ្ឍ​ដែល​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​គឺ៖ ទី១ ត្រូវ​ជូន​ដំណឹង​ច្បាស់​លាស់​អំពី​ការ​អភិវឌ្ឍ​នេះ​​ (មាន​ផែនការ និង​មាន​ប្លង់អភិវឌ្ឍន៍) ទី២ មាន​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​​ផលប៉ះពាល់ជាមុន និង​ទី៣ មាន​ការយល់​ព្រម​ដោយ​គ្មាន​ការបង្ខិត​បង្ខំ​ ជាមុនពី​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ផល​ប៉ះពាល់​នោះ និងទី៤ ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​ការបណ្ដេញ​ចេញ ឬ​ត្រូវ​រុះ​រើ​ ឬមាន​ការខូច​ខាត​​ទ្រព្យ​សម្បត្តិ​ដោយ​សារ​​ការអភិវឌ្ឃ​ណាមួយ ពួកគាត់​​ត្រូវ​តែ​ទទួល​បាន​សំណង​សមរម្យ និង​យុត្តិធម៌​ជាមុន។

ចំណែក​ឯ​ពាក់​ព័ន្ធ​នឹង​លិខិត​មិន​ត្រឹម​ត្រូវ​​ជាផ្លូវការ​នោះ គាត់​បាន​និយាយ​ប្រាប់​ខេមរាថា​ វាទំនង​ជា​(ទី១) មាន​​ជន​ខិល​ខូច​មួយ​ចំនួនឃុបឃិត​គ្នា​​ (មន្ត្រី​​ខិល​ខូច និង​ឈ្មួញទុច្ចរិត) ដើម្បី​​កាយ​ដី​អូរ​នេះ​ហាល​ឲ្យ​ស្ងួត​រួច​ដឹក​យក​ទៅ​លក់ ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ដែរ ដែល​កាល​នោះ​មាន​មនុស្ស​ខិល​ខូច​មក​និយាយ​កុហក​ថា ​​ស្ដារ​អូរនេះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​គេ​ដឹក​ដី​ដែល​ជី​ក ពី​អូរ​នោះ​ទៅ​លក់​យក​លុយចាយ​ដោយ​​​គ្មាន​ខ្លាច​ច្បាប់​ឡើយ។ ក្រុម​ប្រឹក្សា​​​ឃុំ សង្កាត់ ឬ​​ក្រុម​ប្រឹក្សា​ ស្រុក ខណ្ឌ ឬរាជធានី​ខេត្ត​ក្រុង​មិន​ដែល​បាន​បង្ហាញ​គម្រោង​អភិវឌ្ឍន៍ ឬ​ផែនការ​អភិវឌ្ឍន៍​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​បាន​ម្ដង​ណាឡើយ និង (ទី២) ទំនង​ជា​មាន​ឈ្មួញ​​ដែល​រកស៊ី​ម្ដុំ​នេះ ចង់​បើក​ផ្លូវ​ឲ្យ​ទូលាយ​ដើម្បី​​ងាយស្រួល​ចេញ​ចូល​ ដើម្បី​ផល​ប្រយោជន៍​បុគ្គល ឬ​ឯកជន​តែ​ប៉ុណ្ណោះ។

នៅ​ចុងក្រោយ​ អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ សំណូម​ពរ​ឲ្យ​ខេមរា ជួយ​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​ទៅ​អ្នក​កាសែត អង្គការ​មិនមែន​រដ្ឋាបាល​ និង​មន្ត្រី​ល្អៗ​របស់​សាលា​ក្រុង​មេត្តា​ចុះ​ស្រាវ​ជ្រាវ និង​បំភ្លឺ​ប្រជា​ពលរដ្ឋ​ ដើម្បី​ឲ្យ​ពួក​គាត់​អស់​មន្ទិល​សង្ស័យផង។     ​

Thursday, August 4, 2011

Wednesday, August 3, 2011

ញ៉ាំៗ យួន​កំពុង​ញ៉ាំ​ទឹក​ដី​ខ្មែរ

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​ (ភាគ​១) ជា​មួយ​លោក តាន់​ប៉ា​ដូច​ខាង​ក្រោមនេះ។


ញ៉ាំៗ យួន​កំពុង​ញ៉ាំ​ទឹក​ដី​ខ្មែរ (កិច្ច​សម្ភាសន៍​លើក​ទី១) | សារជា​សម្លេង

សូម​រង់​ចាំ​ស្ដាប់​ កិច្ច​សម្ភាសន៍​ (ភាគ២) ដែល​និង​ប្រកាស​ជូន​ក្នុង​ពេល​ឆាប់​នេះ។​ សូម​អរគុណ!


Monday, March 14, 2011

សូម​ស្ដាប់​​​​ប្រសាសន៍ របស់​លោក​ផៃ​ ស៊ី​ផាន​

តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជាឬទេ?
 
នៅ​​ក្នុង​នាទី​​វេទិកា​​អ្នក​​ស្ដាប់​​វិទ្យុ​​អាស៊ី​​សេរី ​ក្រោម​ប្រធាន​បទ តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជា ឬទេ?​នៅ​​យប់​​ថ្ងៃ​​សុក្រ ទី​​១១ មីនា ឆ្នាំ​​២០១១ លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ​​នៃ​​ទីស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី និង​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី បាន​មាន​ប្រសាសន៍ថា៖

«អ្វី​ដែល​ប្រៀបធៀប​យើង​ទៅ​នឹង​គេ គឺ​ខុស​គ្នា​មេឃ និង​ដី ពី​ព្រោះ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​ពី​ការ​បែក​បាក់​គ្នា មក​ជួប​ចុំ​គ្នា ហើយ​ស្វែង​រក​ការ​ឯកភាព និង​ការ​សាមគ្គី​តាម​រយៈ​អ្វី​ដែល​យើង​ឈរ​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ឆន្ទៈ​រួម​របស់​កម្ពុជា​យើង ខុស​ប្លែក​ពី​ប្រទេស​ដទៃ»

«ដូច្នេះ ល្គឹក​ណា​អនុវត្ត​នីតិ​រដ្ឋ អនុវត្ត​ច្បាប់​ដូច្នេះ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់ ហើយ​នឹង​បង្ក្រាប អា​ហ្នឹង​ជៀស​មិន​ផុត​ទេ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សង្គម និង​ធានា​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៀត» 

ខេមរា​មិន​សូវ​យល់​​អ្នក​នយោ​បាយ​ទេ ដូច្នេះ​សូម​អ្ន​អាន​ទាំង​អស់​មេត្តា​ប្រាប់​ខ្ញុំ​ផង​មើល​ថា តើ​លោក ផៃ ស៊ី​ផាន​ មាន​ប្រាសាសន៍​នេះ​ ចង់​ថា ម៉េច? សំដៅ​ចំពោះ​អ្នក​ណា​​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម? 

ដើម្បី​ជា​​ព័ត៌​មាន​លម្អិត​បន្ថែម​ ខេម​រា​សូម​ដក​ស្រង់​អត្ថ​បទ​របស់វិទ្យ​អាស៊ី​សេរី ជូន​មិត្ត​អ្នក​ទាំង​ស្រុង​ដូច​ខាង​ក្រោមនេះ៖ 


តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជាឬទេ?
ដោយ សេក បណ្ឌិត
2011-03-13

បដិវត្ត​ផ្កា​ម្លិះ ដែល​កំពុង​រីក​រាលដាល​នៅ​ពិភព​អារ៉ាប់​ បាន​​ធ្វើ​​ឲ្យ​​អ្នក​​នយោបាយ និង​​ប្រជា​ពល​​រដ្ឋ​ខ្មែរ​​មាន​​ការ​ចាប់​​អារម្មណ៍។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា ​ឆ្នាំ​២០១១នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូល​រួម​សម្ដែង​មតិ បាន​បង្ហាញ​ថា មេ​រៀន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាក់​ស្បាត និង​សង្គ្រាម​ដ៏​ជូរ​ចត់​ធ្លាប់​ជួប និង​ភាព​វឹកវរ​ការ​កាប់​សម្លាប់​ដោយ​មើល​មុខ​គ្នា​មិន​ចំ​អស់​ជា​ច្រើន​ ឆ្នាំ​មក​ហើយ

លោក លី គៀង ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ដោយ​ពល​រដ្ឋ​ឆ្អែត​នឹង​សង្គ្រាម​នេះ​ហើយ ដែល​នាំ​ឲ្យ​លោក​ជឿ​ថា ពល​រដ្ឋ​ខ្មែរ​មិន​ហ៊ាន​ងើប​តវ៉ា ឬ​បះបោរ​ធំ​ដំ​ដូច​នៅ​ពិភព​អារ៉ាប់​​នោះ​ទេ​៖ «មូល​ហេតុ​នេះ​ហើយ​បាន​ជា​មាន​អង្គការ​សហ​ប្រជា​ជាតិ​មក​ជួយ​ផ្សះផ្សា​​គ្នា​​ឲ្យ​កើត​បាន​ជា​រដ្ឋាភិបាល​មួយ​ពេញ​ច្បាប់ រហូត​មាន​ការ​ការ​ពារ​​ដោយ​​​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ហើយ​ច្បាប់​នេះ​ក៏​កំពុង​បន្ត​ស្វែង​រក​ឫស​គល់​នៃ​អ្នក​កាប់​សម្លាប់​​ទៀត​ផង​»

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី វី ពី​ខេត្ត​ក្រចេះ ក៏​មាន​ជំនឿ​ដែរ​ថា ពល​រដ្ឋ​ខ្មែរ​មិន​អាច​ងើប​ធ្វើ​បាតុកម្ម​ធំ​បាន​ឡើយ ប៉ុន្តែ​ទន្ទឹម​នេះ អ្នក​ស្រី​សូម​ឲ្យ​រដ្ឋាភិបាល​គិត​គូ​អាណិត​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​រស់​នៅ និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​៖ «មិន​ហ៊ាន​ធ្វើ​បាតុកម្ម​ទេ ប៉ុន្តែ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល មេត្តា​អាណិត​ដល់​ប្រជា​ពល​រដ្ឋ​យើង​ក្រីក្រ​នៅ​តាម​ជនបទ ដូច​ខ្ញុំ​នៅ​ខាង​ខេត្ត​ក្រចេះ ឃុំ​២​ធ្នូ​អី ដី​ព្រៃ​ជ័រ​អី​វិនិយោគ​​សម្បទាន​ឲ្យ​អ្នក​មាន​អស់ សូម​លោក​មេត្តា​ផ្អាក​វិនិយោគ​ឲ្យ​អ្នក​មាន ហើយ​អ្នក​ក្រ​ដូច​ខ្ញុំ​អត់​មាន​ដី​អី​ធ្វើ​ស្រែ​ចម្ការ ធ្វើ​ម៉េច​រស់​បាន»

ពល​រដ្ឋ​ខេត្ត​កំពង់ចាម លោក រស់ សុខ ក៏​មាន​ទស្សនៈ​មិន​ខុស​គ្នា​និង​ពល​រដ្ឋ​ដទៃ​ទៀត​ដែរគឺ​ថា ​បដិវត្ត​ផ្កា​ម្លិះ​មិន​អាច​កើត​មាន​នៅ​កម្ពុជា​បាន​ទេ ដោយ​សារ​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា​នៅ​ឡើយ​៖ «ខ្មែរ យើង​ប្រហែល​ជា​ចិត្ត​មិន​សឿង​ទេ មិន​សឿង​ដូច​យុវជន​នៅ​ទុយណេស៊ី គឺ​ថា​ដុត​ខ្លួន យើង​បើ​មាន​តែ​ម្នាក់ ឬ​ពីរ​នាក់​ដុត​ខ្លួន ឈឺ​ចិត្ត​អ៊ីចឹង មាន​ប្រជា​ជន​ដទៃ​ទៀត​នាំ​គ្នា​ថា ហើស​ងាប់​ទៅ​ហ្អែង​ទូល​ផែន​ដី​ម្នាក់​ឯង​អី មិន​អ៊ីចឹង​ឥឡូវ​ហ្នឹង មិន​ដុត​ទៅ​មាន​គុណ​សម្បត្តិ​ទេ»

លោក​បន្ត​ទៀត​ថា ​អ្នក​ដឹក​នាំ​នៅ​កម្ពុជា​គេ​ចេះ​វាយ ហើយ​គេ​ចេះ​បញ្ចុក​ចេក។ រចនា​សម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​ចាប់​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ គឺ​រដ្ឋបាល​រៀបចំ​សុទ្ធ​តែ​អ្នក​ស្មោះ​ត្រង់ ហើយ​មាន​ការ​ផ្គត់ផ្គង់​បុណ្យ​សក្ដិ ទ្រព្យ​សម្បត្តិ ជា​ដើម

លោក រស់ សុខ បាន​ពន្យល់​ថា​៖ «លោក​ឃើញ​ហើយ ទៅ​សម្ពោធ​កន្លែង​ណា​មួយ​ហ្នឹង លោក​ឃើញ​ទេ  គេ​ជូន​អំណោយ​ផ្សេងៗ អា​ហ្នឹង​អ៊ីចឹង ប៉ុន្តែ​ដូច​បឹង​កក់​បឹង​អី​អ៊ីចឹង គេ​ដេញ​អី​អ៊ីចឹង​ទៅ»

រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ លោក ផៃ ស៊ីផាន ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា កន្លង​មក​នេះ មាន​ប្រសាសន៍​ដោយ​ជឿ​ជាក់​ថា កម្ពុជា​ពិត​ជា​មិន​មាន​ព្រឹត្តិការណ៍​ដូច​នៅ​ពិភព​អារ៉ាប​នោះ​ទេ ពីព្រោះ​កម្ពុជា​ខុស​ពី​ប្រទេស​ទាំង​នោះ ទាំង​វប្បធម៌ សាសនា ជា​ពិសេស​របប​នយោបាយ​របស់​កម្ពុជា។ លោក​ថា កម្ពុជា​កំពុង​មាន​ការ​វិវឌ្ឍ​លើ​នយោបាយ​ដោយ​ឈរ​លើ​នយោបាយ​កំណែ​តម្រង់​ រដ្ឋាភិបាល ច្បាប់ តុលាការ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ និង​កំណែ​ទម្រង់​ដទៃ​ទៀត«អ្វី​ដែល​ប្រៀបធៀប​យើង​ទៅ​នឹង​គេ គឺ​ខុស​គ្នា​មេឃនិង​ដី ពី​ព្រោះ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​ពី​ការ​បែក​បាក់​គ្នា មក​ជួប​ជុំ​​គ្នា ហើយ​ស្វែង​រក​ការ​ឯកភាព និង​ការ​សាមគ្គី​តាម​រយៈ​អ្វី​ដែល​យើង​ឈរ​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ឆន្ទៈ​រួម​របស់​កម្ពុជា​យើង ខុស​ប្លែក​ពី​ប្រទេស​ដទៃ»

លោក កឹម អូន រស់​នៅ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​មិន​អាច​មាន​បដិវត្ត​ផ្កា​ម្លិះ​ទៅ​រួច​នោះ ដោយ​សារ​ពល​រដ្ឋ​ខ្មែរ​មាន​ការ​កៀបសង្កត់​ធ្ងន់ធ្ងរ ពល​រដ្ឋ​មាន​ការ​ខ្លាច​រអា​នឹង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ចំពោះ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នានា​កន្លង​មក«វា​មិន​អាច​ត្រង់​ថា​ពេលថ្មីៗនេះ ​ប្រជា​ជន​នៅ​ខាង​បឹង​កក់ គ្នា​ធ្វើ​បាតុកម្ម​អា​រឿង​គេ​រំលោភ គេ​ប៉ូម​ដី​ខ្សាច់​កប់​ផ្ទះ​កប់​សម្បែង មក​ធ្វើ​ទៅ​ត្រូវ​គេ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា មាន​យក​កាមេរ៉ា​អ្នក​កាសែត អី​ហ្នឹង​របៀប​ផ្ដាច់​ការ​មួយ​ហើយ អ៊ីចឹង​បាន​ថា ខ្មែរ​មិន​ហ៊ាន​ទេ បើ​សិន​ធ្វើ​ទៅ​នៅ​គិត​ខ្លាច​ថា មាន​គេ​បង្គ្រប​ខ្លាំង​ជាង​ហ្នឹង មិន​ដូច​ប្រទេស​គេ​ទេ គេ​នៅ​មាន​ញញើត​ញញើម​ប្រជា​ជន​គេ»

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល ក្នុង​ការ​ណែ​នាំ​ឲ្យ​ដើរ​ទៅ​តាម​គន្លង​នីតិ​រដ្ឋ«ដូច្នេះ ល្គឹក​ណា​អនុវត្ត​នីតិ​រដ្ឋ អនុវត្ត​ច្បាប់​ដូច្នេះ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់ ហើយ​នឹង​បង្ក្រាប អា​ហ្នឹង​ជៀស​មិន​ផុត​ទេ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សង្គម និង​ធានា​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៀត»

តែ​ទោះ​យ៉ាង​ណា លោក សំ សុខា ពល​រដ្ឋ​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ប្រសាសន៍​យល់​ឃើញ​ថា នៅ​អនាគត កូដកម្ម​ធំ​អាច​នឹង​កើត​មាន​ឡើង បើ​ស្ថាន​ភាព​​គ្រប់គ្រង​កម្ពុជា​ដូច​សព្វ​ថ្ងៃ​នេះ«លោក​មាន​ប្រសាសន៍​ អំបាញ់មិញលោក​ថា ​ប្រទេស​ខ្មែរ​យើង​អនាគត​ទៅ​មិន​មាន​ធ្វើ​បាតុកម្ម​ទេ យល់​ថា​នឹង​មាន​ ឲ្យ​តែ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ធ្វើ​តែ​បែប​ហ្នឹង នឹង​មាន​បាតុកម្ម​មួយ​យ៉ាង​ធំ ហើយ​ធំ​ទាល់​តែ​មែន​ទែន»

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​ការ​ញុះញង់​ណា​មួយ​ឲ្យ​មាន​ការ​បះបោរ​នៅ​ កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល ដោយ​លោក​ប្រើ​ពាក្យ​ "បិទ​ទ្វា​វាយ​ឆ្កែ"​។

ជា​រឿយៗនៅ​កម្ពុជា អាជ្ញាធរ និង​រដ្ឋាភិបាល​តែងតែ​បាន​ធ្វើ​ការ​ឃាត់ឃាំង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ គ្នា​នៅ​តាម​ទី​សាធារណៈ ក្នុង​ការ​តវ៉ា​ទាមទារ​លើ​បញ្ហា​អ្វី​មួយ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​បើ​ពល​រដ្ឋ​អ្នក​តវ៉ា​នៅ​តែ​ចចេស​នោះ នឹង​ត្រូវ​រង​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ


Friday, November 26, 2010

អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​មរណភាព​លើ​ស្ពាន​កោះ​ពេជ្រ?

ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​រន្ធត់​ តក់​ស្លុតនា​ពេល​ថ្មីៗ​នេះ​ មាន​មតិ​ជា​ច្រើន​​បាន​​វិភាគ​ទៅលើ​​ស្ថាន​ភាពនៃ​ការទទួល​ខុស​ត្រូវ​របស់​​អ្នក​បង្ក​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​នេះ។​ 

ព្រឹកម៉ិញ​នេះ នៅ​ពេល​កំពុង​ញ៉ាំ​អាហារ ខេមរាក៏​បាន​​​ឮ​លោក​ សម ឆាយា ពន្យល់​អំពី​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ជាតិ ខេមរា សូម​ស្វាគមន៍ និង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​លោក​ ឆាយ៉ា​ អធិប្បាយ និង​សូម​កោត​សរសើរ​ដល់​​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋា​ភិបាល ជាពិសេស​​​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ប៉ុន្តែ​ ខេមរា នៅ​មាន​ចម្ងល់​ថា ចំពោះ​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​រន្ធត់ តក់​ស្លុត ដែល​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​រាប់​រយ​នាក់​នេះ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ក្រុម​ហ៊ុន​ កោះ​ពេជ្រ? រាជរដ្ឋា​ភិបាល? ប្រជាពលរដ្ឋ?

ខេមរា​​គិត​ថា ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ និង​ដើម្បី​ឲ្យ​ញាតិ​មិត្ត​របស់​សាក​សព​ទាំង​នោះ​​​ស្ងប់​អារម្មណ៍ រាជរដ្ឋាភិបាល ឬ​អង្គភាព​មាន​សមត្ថ​កិច្ច​ត្រូវ​រកឲ្យ​ឃើញ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ យក​មក​កាត់​ទោស ព្រោះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន ​ព្រឹត្តិការណ៍​នេះ​ជា​ការ​សម្លាប់​រង្គាល​ទី២ ក្នុង​ពេល​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។

ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​ ភាព​បរិសុទ្ធ​ និង​​អំពី​ពើ​ល្អ​របស់​រាជរដ្ឋា​ភិបាល ដូច​ដែល​លោក​សម​ ឆាយា​បាន​និយាយ​នោះ សូម​ឲ្យ​សម្ដេច​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ឯករាជ​មួយ​ ដើម្បី​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​មក​កាត់​ទោស។ 

ជីវិត​មនុស្ស​ថ្លៃ​មិន​អាច​លក់​ដូរ​បាន​ទេ។ ដូច្នេះ​ រាជរដ្ឋា​ភិបាល​មិន​ត្រូវ​​បញ្ចប់ ករណី​សម្លាប់​រង្គាល​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយ​ត្រឹម​តែ​​​ឧបត្ថម្ភ​ ៤ ទៅ​៥ ពាន់​ដុល្លារ​​ដល់​ញាតិ​មិត្ត​របស់​ជន​រង​គ្រោះ​​ជា​ថ្នូរ​នៃ​ការ​បញ្ចប់​រឿង​ក្ដី​នោះ​ទេ។

ដរាប​ណា​ រាជរដ្ឋាភិបាល​កម្ពុជា ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ មិន​អាច​វែកមុខ​អ្នក​ទទួល​ខុសត្រូវ​ទេ ដរាប​នោះ ជាតិ​ ខេមរា​ ​នៅ​តែ​យល់​ថា រដ្ឋាភិបាល​អសមត្ថភាព ព្រម​ទាំង​មិន​បាន​បញ្ជាក់​​អំពី​ភាព​ស្មោះ​ត្រង់​ និង​ភាព​បរិសុទ្ធ​របស់​ខ្លួន​ដដែល។ ចំណែក​ឯការ​ប្រមូល​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ គ្រាន់​តែ​​ជា​សកម្ម​ភាព​បំភាន់​សាធារណជន ឬ​​ជា​អំពើ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ្លេច​គិត​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ជន​ខិល​ខូច​តែ​ប៉ុណ្ណោះ។

សូម​អរគុណ
ជាតិ ខេមរា