ព្រឹកម៉ិញនេះ នៅពេលកំពុងញ៉ាំអាហារ ខេមរាក៏បានឮលោក សម ឆាយា ពន្យល់អំពីអំពើល្អរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាតិ ខេមរា សូមស្វាគមន៍ និងគាំទ្រទាំងស្រុងចំពោះអ្វីដែលលោក ឆាយ៉ា អធិប្បាយ និងសូមកោតសរសើរដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
ប៉ុន្តែ ខេមរា នៅមានចម្ងល់ថា ចំពោះព្រឹត្តិការណ៍គួរឲ្យរន្ធត់ តក់ស្លុត ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់នេះ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ក្រុមហ៊ុន កោះពេជ្រ? រាជរដ្ឋាភិបាល? ប្រជាពលរដ្ឋ?
ខេមរាគិតថា ដើម្បីឲ្យអ្នកដែលបានចែកឋានទៅហើយ និងដើម្បីឲ្យញាតិមិត្តរបស់សាកសពទាំងនោះស្ងប់អារម្មណ៍ រាជរដ្ឋាភិបាល ឬអង្គភាពមានសមត្ថកិច្ចត្រូវរកឲ្យឃើញ អ្នកដែលទទួលខុសត្រូវ យកមកកាត់ទោស ព្រោះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន ព្រឹត្តិការណ៍នេះជាការសម្លាប់រង្គាលទី២ ក្នុងពេលជាង៣០ឆ្នាំក្រោយពីរបបខ្មែរក្រហម។
ដើម្បីបង្ហាញភាពស្មោះត្រង់ ភាពបរិសុទ្ធ និងអំពីពើល្អរបស់រាជរដ្ឋាភិបាល ដូចដែលលោកសម ឆាយាបាននិយាយនោះ សូមឲ្យសម្ដេចចាត់វិធានការស៊ើបអង្កេតឯករាជមួយ ដើម្បីចាប់អ្នកទទួលខុសត្រូវមកកាត់ទោស។
ជីវិតមនុស្សថ្លៃមិនអាចលក់ដូរបានទេ។ ដូច្នេះ រាជរដ្ឋាភិបាលមិនត្រូវបញ្ចប់ ករណីសម្លាប់រង្គាលជាប្រវត្តិសាស្ត្រនេះ ដោយត្រឹមតែឧបត្ថម្ភ ៤ ទៅ៥ ពាន់ដុល្លារដល់ញាតិមិត្តរបស់ជនរងគ្រោះជាថ្នូរនៃការបញ្ចប់រឿងក្ដីនោះទេ។
ដរាបណា រាជរដ្ឋាភិបាលកម្ពុជា ឬសម្ដេចនាយករដ្ឋមន្ត្រី មិនអាចវែកមុខអ្នកទទួលខុសត្រូវទេ ដរាបនោះ ជាតិ ខេមរា នៅតែយល់ថា រដ្ឋាភិបាលអសមត្ថភាព ព្រមទាំងមិនបានបញ្ជាក់អំពីភាពស្មោះត្រង់ និងភាពបរិសុទ្ធរបស់ខ្លួនដដែល។ ចំណែកឯការប្រមូលប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះនោះ គ្រាន់តែជាសកម្មភាពបំភាន់សាធារណជន ឬជាអំពើដែលធ្វើឲ្យសាធារណជនភ្លេចគិតអំពីការទទួលខុសត្រូវរបស់ជនខិលខូចតែប៉ុណ្ណោះ។
សូមអរគុណ
ជាតិ ខេមរា