ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Friday, November 26, 2010

អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​មរណភាព​លើ​ស្ពាន​កោះ​ពេជ្រ?

ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​រន្ធត់​ តក់​ស្លុតនា​ពេល​ថ្មីៗ​នេះ​ មាន​មតិ​ជា​ច្រើន​​បាន​​វិភាគ​ទៅលើ​​ស្ថាន​ភាពនៃ​ការទទួល​ខុស​ត្រូវ​របស់​​អ្នក​បង្ក​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​នេះ។​ 

ព្រឹកម៉ិញ​នេះ នៅ​ពេល​កំពុង​ញ៉ាំ​អាហារ ខេមរាក៏​បាន​​​ឮ​លោក​ សម ឆាយា ពន្យល់​អំពី​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ជាតិ ខេមរា សូម​ស្វាគមន៍ និង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​លោក​ ឆាយ៉ា​ អធិប្បាយ និង​សូម​កោត​សរសើរ​ដល់​​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋា​ភិបាល ជាពិសេស​​​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ប៉ុន្តែ​ ខេមរា នៅ​មាន​ចម្ងល់​ថា ចំពោះ​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​រន្ធត់ តក់​ស្លុត ដែល​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​រាប់​រយ​នាក់​នេះ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ក្រុម​ហ៊ុន​ កោះ​ពេជ្រ? រាជរដ្ឋា​ភិបាល? ប្រជាពលរដ្ឋ?

ខេមរា​​គិត​ថា ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ និង​ដើម្បី​ឲ្យ​ញាតិ​មិត្ត​របស់​សាក​សព​ទាំង​នោះ​​​ស្ងប់​អារម្មណ៍ រាជរដ្ឋាភិបាល ឬ​អង្គភាព​មាន​សមត្ថ​កិច្ច​ត្រូវ​រកឲ្យ​ឃើញ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ យក​មក​កាត់​ទោស ព្រោះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន ​ព្រឹត្តិការណ៍​នេះ​ជា​ការ​សម្លាប់​រង្គាល​ទី២ ក្នុង​ពេល​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។

ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​ ភាព​បរិសុទ្ធ​ និង​​អំពី​ពើ​ល្អ​របស់​រាជរដ្ឋា​ភិបាល ដូច​ដែល​លោក​សម​ ឆាយា​បាន​និយាយ​នោះ សូម​ឲ្យ​សម្ដេច​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ឯករាជ​មួយ​ ដើម្បី​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​មក​កាត់​ទោស។ 

ជីវិត​មនុស្ស​ថ្លៃ​មិន​អាច​លក់​ដូរ​បាន​ទេ។ ដូច្នេះ​ រាជរដ្ឋា​ភិបាល​មិន​ត្រូវ​​បញ្ចប់ ករណី​សម្លាប់​រង្គាល​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយ​ត្រឹម​តែ​​​ឧបត្ថម្ភ​ ៤ ទៅ​៥ ពាន់​ដុល្លារ​​ដល់​ញាតិ​មិត្ត​របស់​ជន​រង​គ្រោះ​​ជា​ថ្នូរ​នៃ​ការ​បញ្ចប់​រឿង​ក្ដី​នោះ​ទេ។

ដរាប​ណា​ រាជរដ្ឋាភិបាល​កម្ពុជា ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ មិន​អាច​វែកមុខ​អ្នក​ទទួល​ខុសត្រូវ​ទេ ដរាប​នោះ ជាតិ​ ខេមរា​ ​នៅ​តែ​យល់​ថា រដ្ឋាភិបាល​អសមត្ថភាព ព្រម​ទាំង​មិន​បាន​បញ្ជាក់​​អំពី​ភាព​ស្មោះ​ត្រង់​ និង​ភាព​បរិសុទ្ធ​របស់​ខ្លួន​ដដែល។ ចំណែក​ឯការ​ប្រមូល​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ គ្រាន់​តែ​​ជា​សកម្ម​ភាព​បំភាន់​សាធារណជន ឬ​​ជា​អំពើ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ្លេច​គិត​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ជន​ខិល​ខូច​តែ​ប៉ុណ្ណោះ។

សូម​អរគុណ
ជាតិ ខេមរា