ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Friday, July 26, 2013

CNRP Last day campaign in Phnom Penh

ក្បួន​ដង្ហែរ​​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ចុង​ក្រោយ គឺ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​ កក្កដា ឆ្នាំ​២០១៣៖ ​

Wednesday, August 3, 2011

ញ៉ាំៗ យួន​កំពុង​ញ៉ាំ​ទឹក​ដី​ខ្មែរ

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​ (ភាគ​១) ជា​មួយ​លោក តាន់​ប៉ា​ដូច​ខាង​ក្រោមនេះ។


ញ៉ាំៗ យួន​កំពុង​ញ៉ាំ​ទឹក​ដី​ខ្មែរ (កិច្ច​សម្ភាសន៍​លើក​ទី១) | សារជា​សម្លេង

សូម​រង់​ចាំ​ស្ដាប់​ កិច្ច​សម្ភាសន៍​ (ភាគ២) ដែល​និង​ប្រកាស​ជូន​ក្នុង​ពេល​ឆាប់​នេះ។​ សូម​អរគុណ!


Monday, March 14, 2011

សូម​ស្ដាប់​​​​ប្រសាសន៍ របស់​លោក​ផៃ​ ស៊ី​ផាន​

តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជាឬទេ?
 
នៅ​​ក្នុង​នាទី​​វេទិកា​​អ្នក​​ស្ដាប់​​វិទ្យុ​​អាស៊ី​​សេរី ​ក្រោម​ប្រធាន​បទ តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជា ឬទេ?​នៅ​​យប់​​ថ្ងៃ​​សុក្រ ទី​​១១ មីនា ឆ្នាំ​​២០១១ លោក ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ​​នៃ​​ទីស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី និង​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី បាន​មាន​ប្រសាសន៍ថា៖

«អ្វី​ដែល​ប្រៀបធៀប​យើង​ទៅ​នឹង​គេ គឺ​ខុស​គ្នា​មេឃ និង​ដី ពី​ព្រោះ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​ពី​ការ​បែក​បាក់​គ្នា មក​ជួប​ចុំ​គ្នា ហើយ​ស្វែង​រក​ការ​ឯកភាព និង​ការ​សាមគ្គី​តាម​រយៈ​អ្វី​ដែល​យើង​ឈរ​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ឆន្ទៈ​រួម​របស់​កម្ពុជា​យើង ខុស​ប្លែក​ពី​ប្រទេស​ដទៃ»។

«ដូច្នេះ ល្គឹក​ណា​អនុវត្ត​នីតិ​រដ្ឋ អនុវត្ត​ច្បាប់​ដូច្នេះ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់ ហើយ​នឹង​បង្ក្រាប អា​ហ្នឹង​ជៀស​មិន​ផុត​ទេ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សង្គម និង​ធានា​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៀត»។ 

ខេមរា​មិន​សូវ​យល់​​អ្នក​នយោ​បាយ​ទេ ដូច្នេះ​សូម​អ្ន​អាន​ទាំង​អស់​មេត្តា​ប្រាប់​ខ្ញុំ​ផង​មើល​ថា តើ​លោក ផៃ ស៊ី​ផាន​ មាន​ប្រាសាសន៍​នេះ​ ចង់​ថា ម៉េច? សំដៅ​ចំពោះ​អ្នក​ណា​​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម? 

ដើម្បី​ជា​​ព័ត៌​មាន​លម្អិត​បន្ថែម​ ខេម​រា​សូម​ដក​ស្រង់​អត្ថ​បទ​របស់វិទ្យ​អាស៊ី​សេរី ជូន​មិត្ត​អ្នក​ទាំង​ស្រុង​ដូច​ខាង​ក្រោមនេះ៖ 


តើ​បដិវត្ត​ផ្កា​ម្លិះ អាច​កើត​ឡើង​នៅ​កម្ពុជាឬទេ?
ដោយ សេក បណ្ឌិត
2011-03-13

បដិវត្ត​ផ្កា​ម្លិះ ដែល​កំពុង​រីក​រាលដាល​នៅ​ពិភព​អារ៉ាប់​ បាន​​ធ្វើ​​ឲ្យ​​អ្នក​​នយោបាយ និង​​ប្រជា​ពល​​រដ្ឋ​ខ្មែរ​​មាន​​ការ​ចាប់​​អារម្មណ៍។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា ​ឆ្នាំ​២០១១​ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូល​រួម​សម្ដែង​មតិ បាន​បង្ហាញ​ថា មេ​រៀន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាក់​ស្បាត និង​សង្គ្រាម​ដ៏​ជូរ​ចត់​ធ្លាប់​ជួប និង​ភាព​វឹកវរ​ការ​កាប់​សម្លាប់​ដោយ​មើល​មុខ​គ្នា​មិន​ចំ​អស់​ជា​ច្រើន​ ឆ្នាំ​មក​ហើយ។

លោក លី គៀង ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ដោយ​ពល​រដ្ឋ​ឆ្អែត​នឹង​សង្គ្រាម​នេះ​ហើយ ដែល​នាំ​ឲ្យ​លោក​ជឿ​ថា ពល​រដ្ឋ​ខ្មែរ​មិន​ហ៊ាន​ងើប​តវ៉ា ឬ​បះបោរ​ធំ​ដំ​ដូច​នៅ​ពិភព​អារ៉ាប់​​នោះ​ទេ​៖ «មូល​ហេតុ​នេះ​ហើយ​បាន​ជា​មាន​អង្គការ​សហ​ប្រជា​ជាតិ​មក​ជួយ​ផ្សះផ្សា​​គ្នា​​ឲ្យ​កើត​បាន​ជា​រដ្ឋាភិបាល​មួយ​ពេញ​ច្បាប់ រហូត​មាន​ការ​ការ​ពារ​​ដោយ​​​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ហើយ​ច្បាប់​នេះ​ក៏​កំពុង​បន្ត​ស្វែង​រក​ឫស​គល់​នៃ​អ្នក​កាប់​សម្លាប់​​ទៀត​ផង​»។

ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី វី ពី​ខេត្ត​ក្រចេះ ក៏​មាន​ជំនឿ​ដែរ​ថា ពល​រដ្ឋ​ខ្មែរ​មិន​អាច​ងើប​ធ្វើ​បាតុកម្ម​ធំ​បាន​ឡើយ ប៉ុន្តែ​ទន្ទឹម​នេះ អ្នក​ស្រី​សូម​ឲ្យ​រដ្ឋាភិបាល​គិត​គូ​អាណិត​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​រស់​នៅ និង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​៖ «មិន​ហ៊ាន​ធ្វើ​បាតុកម្ម​ទេ ប៉ុន្តែ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល មេត្តា​អាណិត​ដល់​ប្រជា​ពល​រដ្ឋ​យើង​ក្រីក្រ​នៅ​តាម​ជនបទ ដូច​ខ្ញុំ​នៅ​ខាង​ខេត្ត​ក្រចេះ ឃុំ​២​ធ្នូ​អី ដី​ព្រៃ​ជ័រ​អី​វិនិយោគ​​សម្បទាន​ឲ្យ​អ្នក​មាន​អស់ សូម​លោក​មេត្តា​ផ្អាក​វិនិយោគ​ឲ្យ​អ្នក​មាន ហើយ​អ្នក​ក្រ​ដូច​ខ្ញុំ​អត់​មាន​ដី​អី​ធ្វើ​ស្រែ​ចម្ការ ធ្វើ​ម៉េច​រស់​បាន»។

ពល​រដ្ឋ​ខេត្ត​កំពង់ចាម លោក រស់ សុខ ក៏​មាន​ទស្សនៈ​មិន​ខុស​គ្នា​និង​ពល​រដ្ឋ​ដទៃ​ទៀត​ដែរគឺ​ថា ​បដិវត្ត​ផ្កា​ម្លិះ​មិន​អាច​កើត​មាន​នៅ​កម្ពុជា​បាន​ទេ ដោយ​សារ​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា​នៅ​ឡើយ​៖ «ខ្មែរ ​យើង​ប្រហែល​ជា​ចិត្ត​មិន​សឿង​ទេ មិន​សឿង​ដូច​យុវជន​នៅ​ទុយណេស៊ី គឺ​ថា​ដុត​ខ្លួន យើង​បើ​មាន​តែ​ម្នាក់ ឬ​ពីរ​នាក់​ដុត​ខ្លួន ឈឺ​ចិត្ត​អ៊ីចឹង មាន​ប្រជា​ជន​ដទៃ​ទៀត​នាំ​គ្នា​ថា ហើស​ងាប់​ទៅ​ហ្អែង​ទូល​ផែន​ដី​ម្នាក់​ឯង​អី មិន​អ៊ីចឹង​ឥឡូវ​ហ្នឹង មិន​ដុត​ទៅ​មាន​គុណ​សម្បត្តិ​ទេ»។

លោក​បន្ត​ទៀត​ថា ​អ្នក​ដឹក​នាំ​នៅ​កម្ពុជា​គេ​ចេះ​វាយ ហើយ​គេ​ចេះ​បញ្ចុក​ចេក។ រចនា​សម្ព័ន្ធ​គ្រប់​គ្រង​រដ្ឋបាល​ចាប់​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ គឺ​រដ្ឋបាល​រៀបចំ​សុទ្ធ​តែ​អ្នក​ស្មោះ​ត្រង់ ហើយ​មាន​ការ​ផ្គត់ផ្គង់​បុណ្យ​សក្ដិ ទ្រព្យ​សម្បត្តិ ជា​ដើម។

លោក រស់ សុខ បាន​ពន្យល់​ថា​៖ «លោក​ឃើញ​ហើយ ទៅ​សម្ពោធ​កន្លែង​ណា​មួយ​ហ្នឹង លោក​ឃើញ​ទេ  គេ​ជូន​អំណោយ​ផ្សេងៗ អា​ហ្នឹង​អ៊ីចឹង ប៉ុន្តែ​ដូច​បឹង​កក់​បឹង​អី​អ៊ីចឹង គេ​ដេញ​អី​អ៊ីចឹង​ទៅ»។

រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ លោក ផៃ ស៊ីផាន ជា​វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១១ មីនា កន្លង​មក​នេះ មាន​ប្រសាសន៍​ដោយ​ជឿ​ជាក់​ថា កម្ពុជា​ពិត​ជា​មិន​មាន​ព្រឹត្តិការណ៍​ដូច​នៅ​ពិភព​អារ៉ាប​នោះ​ទេ ពីព្រោះ​កម្ពុជា​ខុស​ពី​ប្រទេស​ទាំង​នោះ ទាំង​វប្បធម៌ សាសនា ជា​ពិសេស​របប​នយោបាយ​របស់​កម្ពុជា។ លោក​ថា កម្ពុជា​កំពុង​មាន​ការ​វិវឌ្ឍ​លើ​នយោបាយ​ដោយ​ឈរ​លើ​នយោបាយ​កំណែ​តម្រង់​ រដ្ឋាភិបាល ច្បាប់ តុលាការ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ និង​កំណែ​ទម្រង់​ដទៃ​ទៀត៖ «អ្វី​ដែល​ប្រៀបធៀប​យើង​ទៅ​នឹង​គេ គឺ​ខុស​គ្នា​មេឃនិង​ដី ពី​ព្រោះ​កម្ពុជា​កំពុង​ពង្រឹង​ខ្លួន​ពី​ការ​បែក​បាក់​គ្នា មក​ជួប​ជុំ​​គ្នា ហើយ​ស្វែង​រក​ការ​ឯកភាព និង​ការ​សាមគ្គី​តាម​រយៈ​អ្វី​ដែល​យើង​ឈរ​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ឆន្ទៈ​រួម​របស់​កម្ពុជា​យើង ខុស​ប្លែក​ពី​ប្រទេស​ដទៃ»។

លោក កឹម អូន រស់​នៅ​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​មិន​អាច​មាន​បដិវត្ត​ផ្កា​ម្លិះ​ទៅ​រួច​នោះ ដោយ​សារ​ពល​រដ្ឋ​ខ្មែរ​មាន​ការ​កៀបសង្កត់​ធ្ងន់ធ្ងរ ពល​រដ្ឋ​មាន​ការ​ខ្លាច​រអា​នឹង​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ចំពោះ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នានា​កន្លង​មក៖ «វា​មិន​អាច​ត្រង់​ថា​ពេល​ថ្មីៗនេះ ​ប្រជា​ជន​នៅ​ខាង​បឹង​កក់ គ្នា​ធ្វើ​បាតុកម្ម​អា​រឿង​គេ​រំលោភ គេ​ប៉ូម​ដី​ខ្សាច់​កប់​ផ្ទះ​កប់​សម្បែង មក​ធ្វើ​ទៅ​ត្រូវ​គេ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា មាន​យក​កាមេរ៉ា​អ្នក​កាសែត អី​ហ្នឹង​របៀប​ផ្ដាច់​ការ​មួយ​ហើយ អ៊ីចឹង​បាន​ថា ខ្មែរ​មិន​ហ៊ាន​ទេ បើ​សិន​ធ្វើ​ទៅ​នៅ​គិត​ខ្លាច​ថា មាន​គេ​បង្គ្រប​ខ្លាំង​ជាង​ហ្នឹង មិន​ដូច​ប្រទេស​គេ​ទេ គេ​នៅ​មាន​ញញើត​ញញើម​ប្រជា​ជន​គេ»។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល ក្នុង​ការ​ណែ​នាំ​ឲ្យ​ដើរ​ទៅ​តាម​គន្លង​នីតិ​រដ្ឋ៖ «ដូច្នេះ ល្គឹក​ណា​អនុវត្ត​នីតិ​រដ្ឋ អនុវត្ត​ច្បាប់​ដូច្នេះ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​ច្បាប់ ហើយ​នឹង​បង្ក្រាប អា​ហ្នឹង​ជៀស​មិន​ផុត​ទេ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​សង្គម និង​ធានា​ផល​ប្រយោជន៍​អ្នក​ដទៃ​ទៀត»។

តែ​ទោះ​យ៉ាង​ណា លោក សំ សុខា ពល​រដ្ឋ​ខ្មែរ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ប្រសាសន៍​យល់​ឃើញ​ថា នៅ​អនាគត កូដកម្ម​ធំ​អាច​នឹង​កើត​មាន​ឡើង បើ​ស្ថាន​ភាព​​គ្រប់គ្រង​កម្ពុជា​ដូច​សព្វ​ថ្ងៃ​នេះ៖ «លោក​មាន​ប្រសាសន៍​ អំបាញ់មិញលោក​ថា ​ប្រទេស​ខ្មែរ​យើង​អនាគត​ទៅ​មិន​មាន​ធ្វើ​បាតុកម្ម​ទេ យល់​ថា​នឹង​មាន​ ឲ្យ​តែ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ធ្វើ​តែ​បែប​ហ្នឹង នឹង​មាន​បាតុកម្ម​មួយ​យ៉ាង​ធំ ហើយ​ធំ​ទាល់​តែ​មែន​ទែន»។

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​ការ​ញុះញង់​ណា​មួយ​ឲ្យ​មាន​ការ​បះបោរ​នៅ​ កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល ដោយ​លោក​ប្រើ​ពាក្យ​ "បិទ​ទ្វា​វាយ​ឆ្កែ"​។

ជា​រឿយៗនៅ​កម្ពុជា អាជ្ញាធរ និង​រដ្ឋាភិបាល​តែងតែ​បាន​ធ្វើ​ការ​ឃាត់ឃាំង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ គ្នា​នៅ​តាម​ទី​សាធារណៈ ក្នុង​ការ​តវ៉ា​ទាមទារ​លើ​បញ្ហា​អ្វី​មួយ ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​បើ​ពល​រដ្ឋ​អ្នក​តវ៉ា​នៅ​តែ​ចចេស​នោះ នឹង​ត្រូវ​រង​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ៕


Friday, November 26, 2010

អ្នក​ណា​ទទួល​ខុស​ត្រូវ​ចំពោះ​មរណភាព​លើ​ស្ពាន​កោះ​ពេជ្រ?

ក្នុង​ស្ថាន​ភាព​គួរ​ឲ្យ​រន្ធត់​ តក់​ស្លុតនា​ពេល​ថ្មីៗ​នេះ​ មាន​មតិ​ជា​ច្រើន​​បាន​​វិភាគ​ទៅលើ​​ស្ថាន​ភាពនៃ​ការទទួល​ខុស​ត្រូវ​របស់​​អ្នក​បង្ក​ឲ្យ​មាន​ការ​សម្លាប់​រង្គាល​នេះ។​ 

ព្រឹកម៉ិញ​នេះ នៅ​ពេល​កំពុង​ញ៉ាំ​អាហារ ខេមរាក៏​បាន​​​ឮ​លោក​ សម ឆាយា ពន្យល់​អំពី​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល ជាពិសេស​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ ជាតិ ខេមរា សូម​ស្វាគមន៍ និង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​អ្វី​ដែល​លោក​ ឆាយ៉ា​ អធិប្បាយ និង​សូម​កោត​សរសើរ​ដល់​​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋា​ភិបាល ជាពិសេស​​​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ប៉ុន្តែ​ ខេមរា នៅ​មាន​ចម្ងល់​ថា ចំពោះ​ព្រឹត្តិ​ការណ៍​គួរ​ឲ្យ​រន្ធត់ តក់​ស្លុត ដែល​​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​រាប់​រយ​នាក់​នេះ តើ​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? ក្រុម​ហ៊ុន​ កោះ​ពេជ្រ? រាជរដ្ឋា​ភិបាល? ប្រជាពលរដ្ឋ?

ខេមរា​​គិត​ថា ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ និង​ដើម្បី​ឲ្យ​ញាតិ​មិត្ត​របស់​សាក​សព​ទាំង​នោះ​​​ស្ងប់​អារម្មណ៍ រាជរដ្ឋាភិបាល ឬ​អង្គភាព​មាន​សមត្ថ​កិច្ច​ត្រូវ​រកឲ្យ​ឃើញ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ យក​មក​កាត់​ទោស ព្រោះ​បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន សែន ​ព្រឹត្តិការណ៍​នេះ​ជា​ការ​សម្លាប់​រង្គាល​ទី២ ក្នុង​ពេល​ជាង​៣០​ឆ្នាំ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម។

ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់​ ភាព​បរិសុទ្ធ​ និង​​អំពី​ពើ​ល្អ​របស់​រាជរដ្ឋា​ភិបាល ដូច​ដែល​លោក​សម​ ឆាយា​បាន​និយាយ​នោះ សូម​ឲ្យ​សម្ដេច​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ឯករាជ​មួយ​ ដើម្បី​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​មក​កាត់​ទោស។ 

ជីវិត​មនុស្ស​ថ្លៃ​មិន​អាច​លក់​ដូរ​បាន​ទេ។ ដូច្នេះ​ រាជរដ្ឋា​ភិបាល​មិន​ត្រូវ​​បញ្ចប់ ករណី​សម្លាប់​រង្គាល​ជា​ប្រវត្តិ​សាស្ត្រ​នេះ ដោយ​ត្រឹម​តែ​​​ឧបត្ថម្ភ​ ៤ ទៅ​៥ ពាន់​ដុល្លារ​​ដល់​ញាតិ​មិត្ត​របស់​ជន​រង​គ្រោះ​​ជា​ថ្នូរ​នៃ​ការ​បញ្ចប់​រឿង​ក្ដី​នោះ​ទេ។

ដរាប​ណា​ រាជរដ្ឋាភិបាល​កម្ពុជា ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ មិន​អាច​វែកមុខ​អ្នក​ទទួល​ខុសត្រូវ​ទេ ដរាប​នោះ ជាតិ​ ខេមរា​ ​នៅ​តែ​យល់​ថា រដ្ឋាភិបាល​អសមត្ថភាព ព្រម​ទាំង​មិន​បាន​បញ្ជាក់​​អំពី​ភាព​ស្មោះ​ត្រង់​ និង​ភាព​បរិសុទ្ធ​របស់​ខ្លួន​ដដែល។ ចំណែក​ឯការ​ប្រមូល​ប្រាក់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នោះ​ គ្រាន់​តែ​​ជា​សកម្ម​ភាព​បំភាន់​សាធារណជន ឬ​​ជា​អំពើ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ភ្លេច​គិត​អំពី​ការ​ទទួល​ខុសត្រូវ​របស់​ជន​ខិល​ខូច​តែ​ប៉ុណ្ណោះ។

សូម​អរគុណ
ជាតិ ខេមរា

Friday, October 22, 2010

មិន​ពេញ​ចិត្ត​ការងារ​របស់​នគរបាល​ចរាចរណ៍?

ថ្ងៃ​នេះ​ដោយ​​ទ្រាំ​មិន​បាន​នឹង​អំពើ​របស់ ​ក្រុម​នគរបាល​ចរាចរណ៍​ដែល​​ភាគ​ច្រើន​​ប្រព្រឹត្ត​​មិន​​គប្បី​នឹង​​​ច្បាប់​​ និង​ចំពោះ​ប្រជាពលរដ្ឋ​ ដូច្នេះ​ខេមរា​ក៏​ចាប់​បើក​កុំ​ព្យូ​ទ័រ​ចូល​មក​សរសេរ​កំណត់​ហេតុ​​បញ្ចេញ​ មតិ​ ស្ដីពី​ "ការមិន​ពេញ​ចិត្ត​​ចំពោះ​ការងារ​របស់​ក្រុម​នគរបាល​ចរាចរណ៍" ​ដោយ​​សារ​​​​មូល​​ហេតុ​ដូច ខាង ក្រោម៖ 
ការ​ងារ​របស់​នគរបាល​ចរាចរណ៍​មួយ​ផ្នែក​ធំ​គឺ​គ្មាន​ភាព​ស្មោះ​ត្រង់ ​នឹង​ច្បាប់​ចរាចរណ៍​​និង​ម៉ែ​ឪ កូន​ចៅ និង​បង​ប្អូន​របស់​គាត់​ទេ​។ ពួក​គាត់​ឆ្លៀត​យក​ច្បាប់​នេះ​ មក​ប្រើ​​ដើម្បី​​ចាប់​ជម្រិត​ប្រជា​ពល​រដ្ឋ​ដែល​​ទន់​ខ្សោយ​ទារ​យក​ប្រាក់​ ដាក់​ហោ​ប៉ៅខ្លួន។​ បើមិន​ជឿ​ខេមរា​ទេ សូម​តាម​សង្កេត​មើល​ដោយ​ខ្លួន​ឯង​ចុះ។​
ព្រោះ​ខេមរា​ សង្កេត​ឃើញថា នៅ​តាម​ដង​ផ្លូវ​ពួក​គាត់​ (នគរបាល​ចរាចរណ៍) មាន​អកប្បកិរិយា ពួន​ស្ទាក់​ ចាំ​មើល​ឲ្យ​តែ​ឃើញ ប្រជាពលរដ្ឋ ជ្រុល​បន្តិច គាត់​ស្ទុះ​​ចង្អុល និង​ឃាត់​ប្រជា​ពល​រដ្ឋ​សម្លុត​ទារ​ប្រាក់​ ដែល​ភាគ​ច្រើន​កម្រ​យក​ទៅ​ឲ្យ​រដ្ឋ​ណាស់។
ប្រសិន​បើ​ គាត់​ពិត​ជា​ស្មោះ​ត្រង់​ក្នុង​ការ​ចុះ​បំពេញ​ភារកិច្ច​ដើម្បី​សណ្ដាប់​ ធ្នាប់​ចរាចរណ៍​​ និង​ពិត​ជា​នគរបាល​ដែល​មាន​បេសកកម្ម​ដើម្បី​បម្រើ​​ប្រជាពលរដ្ឋ​ដោយ​ស្មោះ​ មែន ហេតុ​​អ្វី​ពួក​គាត់​ចាំ​បាច់​ធ្វើ​​​របៀប​ពួន​ស្ទាក់​ដូច្នេះ?​
ពួកគាត់ ​គប្បី​ឈរ​នៅ​ជិតៗ​​បង្គោល​ភ្លើង​​ស្តុប (ភ្លើង​បញ្ជា​ចរាចរណ៍) ឬ​នៅ​តាម​កែង​ដែល​គេ​អាច​មើល​ឃើញ​ ​​ដើម្បី​ជា​សញ្ញា​ប្រាប់​អ្នក​ធ្វើ​ដំណើរ​​ទាំង​អស់​ថា ពួក​គាត់​អាច​ប្រព្រឹត្ត​ខុស​ច្បាប់​ចរាចរណ៍។
សូម​មេត្តា​ផ្ដល់​យោបល់​ទាក់​ទងនឹង​បញ្ហា​នេះ​ផង ព្រោះ​ថា ជូន​កាល​ការ​បញ្ចេញ​មតិ​របស់​ខេមរា​ អាច​នឹង​មិន​សម​ទំនង​ទេ។ 
សូម​អរគុណ,
ខេមរា 

Thursday, September 30, 2010

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់រដ្ឋបាល​ រវាងរាជធានីនិងខេត្តកណ្តាល

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់​រដ្ឋបាល រវាង​​រាជធានី​និង​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ ព្រះ​រាជក្រឹត្យ​ឡាយព្រះ​ហស្តលេខាដោយ​ព្រះមហាក្សត្រ​ថ្ងៃទី២០ កញ្ញា ត្រូវ​បាន​ប្រកាស​ដោយ​កាត់​យកឃុំ​ចំនួន២០​នៃ​ខេត្ត​កណ្តាលបញ្ជូលមកក្នុង​រាជ​ធានី​ភ្នំពេញគឺ៖
  1. ឃុំព្រែកព្នៅ​ ឃុំសំរោង​ និងឃុំ​ពញា​ពន់ ស្រុកពញាឮ ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូល​មក​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ ។ 
  2. ឃុំ ពន្សាំង ឃុំស្នោរ ឃុំ​ឪឡោក ឃុំបឹង​ធំ​ ឃុំកំបូល និងឃុំ​កន្ទោក ស្រុកអង្គស្នួល ខេត្ត​កណ្តាល ត្រូវ បានបញ្ចូល​មកក្នុងខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។
  3. ​ឃុំ​គង​នយ ឃុំទៀន ឃុំរលូស ឃុំស្ពានថ្ម និង​ឃុំ​ព្រែក​កំពឹស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ​​ត្រូវ​បានបញ្ចូលមកក្នុងខណ្ឌដង្កោ​​ រាជ ធានីភ្នំពេញ​។ 
  4. ​ឃុំ​វាលស្បូវ ឃុំព្រែក​ឯង ឃុំ​ក្បាលកោះ និង​ឃុំ​ព្រែកថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ត្រូវ​បាន​បញ្ចូល​មកក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។ 
  5. ឃុំបាក់ខែង និង ឃុំកោះ​ដាច់ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូលមកក្នុង​ខណ្ឌ​ប្ញស្សីកែវ​ រាជ​ធានី​ភ្នំពេញ ។​ 
កាលពីថ្ងៃ២៨​ កញ្ញា សាលារាជធានីភ្នំពេញក៏បានជំរុញការងារនេះដែរ ៕

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​: "

នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​តំណាង​កម្មករ​​និង​មេ​ដឹកនាំ​សហជីព​ ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៏​មុន​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​ឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។​ សេចក្តី​អធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​GMAC​ បាន​ច្រាន​ចោល​សំណើ​របស់​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ដែល​បាន​សុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង​កម្មករ​ ចំពោះ​ការ​ធ្វើ​កូដកម្ម​ពី​តុលាការ​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ។​ តំណាង​សហជីព​ បាន​ស្វាគមន៏​ដល់​សំណើរ​បស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ចង់​ឱ្យ​មាន​វិធានការ​ទាំង​ឡាយ​ ដែល​ត្រូវ​រក​ការ​ស្រុះស្រួល​គ្នា​តាម​រយៈ​ ការ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​បញ្ឃប់​ការប្តឹង​ផ្តល់​គ្នា។

«ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ ចំពោះ​កម្មករ​ និង​មេដឹកនាំ​សហជីព ​ហើយ​សុំ​គ្រប់​រោងចក្រ​មេត្តា​ទទួល​យក​កម្មករ​ឱ្យ​ចូល​ធ្វើការ​វិញ។​ នេះ​គឺ​ជា​​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចាក់​ថា​ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ ការ ធ្វើ​កូដកម្ម​នៅ​តែ​បន្ត។

«ថៅកែ​រោងចក្រ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ ប្រាក់ឈ្នួល​ និង​ប្រាក់​កម្រៃ​ផ្សេងៗ។​ បើ​ ថៅកែ​រោងចក្រ​អាច​ដំឡើង​បាន​ ថៅកែ​ខិតខំ​ដំឡើង។​ ឯ​កម្មករ​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ឱ្យ​បានល្អ ​ដើម្បី​រោង ចក្រ​បាន​ចំណេញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែងថា ​នេះ​ជា​កាយវិការ​មួយ​ដ៏ត្រឹមត្រូវរ​បស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ។

«តំណាង​កម្មករ​ និង​សកម្មជន​ប្រមាណ​ ១៥០​នាក់​ មក​ពី​១៧​រោងចក្រ​នៅ​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ ត្រូ​វបាន​ប្តឹង​ទៅ​តុលាការ ​និង​មិន​ឱ្យ​ចូល​ធ្វើការ»។

លោក​ ខេន លូ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​បដិសេធ​ការ​អធិប្បាយ​អំពី​ប្រសាសន៏​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​បញ្ជាក់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ពី​តុលាការ​ទេ។

មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ទទួល​បាន​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​នឹង​ធ្វើការ​ពិនិត្យ​ទៅ​តាម​ផ្លូវ​ច្បាប់។

សហជីព ​និង​រោងចក្រ​កាត់ដេរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដែល​មាន​ប្រាំបួន​ចំណុច​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ឯកភាព​ដំណើរការ​ជំហ៊ាន​ជា​បន្តបន្ទាប់​ ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​ទាំង​ប្រាំបួន​នេះ​រួមមាន​ ការ​លើក​ទឹកចិត្ត​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​កម្រិត​សហគ្រាស​ ដើម្បី​ពិភាក្សា​ការផលិត​ជាថ្មី​និង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៅ​កម្រិត​សហគ្រាស។

ដំណោះស្រាយ​ជម្លោះ ​និង​អធិការកិច្ច​ការងារ។​ ភាគី​ទាំងអស់​ឯកភាព​អនុវត្ត​នូវ​ការ​ស្រាវជ្រាវ​រួមគ្នា​ រក​ការពិត​អំពី​ប្រេវ៉ាឡង់ ​និង​ចរឹក​នៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​

ថៅកែ​រោងចក្រ ​និង​សហជីព​ប្តេជ្ញា​ស្វែង​រក​ឱកាស​ភ្ជាប់​កិច្ច ​សន្យា​ដោយ​សេចក្តី​ជឿ​ទុកចិត្ត ​និង​ការ ចរចា​ថ្នាក់​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ផលិតភាព​កាន់តែ​ប្រសើរ​ ហើយ​ភាគី​ទាំងអស់​ឯកភាព​ពិភាក្សា​លើ​ដំណើរការ​ជ្រើសរើស​អាជ្ញា​កណ្តាល​ ដើម្បី​ធានា​នូវ​សេចក្តី​ជឿ​ទុកចិត្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​គ្រប់​ភាគី៕
"

Wednesday, September 29, 2010

សីលធម៌​និង​គ្រាប់​បាយ?

សម្រាប់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការងារ​រាជការ (ឬ​ហៅ​សាមញ្ញថា ការងាររដ្ឋ) អ្នក​ណាក៏​ដឹង​ដែរ​ថា ប្រាក់​ខែ​ដែល​ពួក​គាត់​ទទួល​បាន​ពី​រដ្ឋដែល​រក​​ប្រាក់​ចំណូលបាន​​ពី​ការ​ទារ​ពន្ធ​​​​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុម​ហ៊ុន​​ជាដើម​នោះ សុទ្ធ​តែដឹង​ថា ប្រាក់​ខែ​របស់​គាត់​ពិត​​ជា​ចាយ​មិនគ្រាន់​ទេ។

ចុះ​ហេតុ​អ្វី​ពួក​គាត់​អាច​រស់​នៅ​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? បញ្ញា​នេះ​​គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​គឺ​ពួក​​គាត់​អាច​​ឆ្លៀត​ពេល​ពី​ការងារ​ស្នូលរបស់​គាត់​ទៅ​ រកការងារបន្ទាប់​បន្សំ​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​ប្រពន្ធ ផ្គត់​ផ្គង់​កូន​រៀន​សូត្រ និង​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​បន្ត​ជីវិត​រស់​នៅ។

ចុះ​រឿង​ខាង​ក្រោម​នេះ​របស់​មន្ត្រី​នគរបាល​វា​យ៉ាង​ម៉េច​ដែរ? តាម​ខ្លឺមសារ​នៃ​អត្ថ​បទ​ចុះ​ផ្សាយ​របស់​​កាសែត​កោះ​សន្តិភាព​ ខេមរា​សូម​ឯកភាពថា​ វាអញ្ចឹង​មែន។ ដូច្នេះ​ខេមរា​ក៏​សូម​សួរថា តើ​នេះ​ជា​បញ្ហា​របស់​បុគ្គល ឬ​ជា​បញ្ហា​របស់​សង្គម? ខេមរា​យល់ថា មួយ​ផ្នែក​តូច​ជា​បញ្ហា​របស់​បុគ្គល រី​ឯមួយ​ផ្នែក​ធំ​ទៀត​ជា​បញ្ហា​របស់​សង្គម ឬ​បញ្ហា​គ្រប់​គ្រង​របស់​រដ្ឋ ព្រោះថា ប្រសិន​បើ​រដ្ឋ​គ្រប់​គ្រង​បាន​ល្អ ផ្ដល់​​ប្រាក់​ខែ​គ្រប់​គ្រាន់​ មាន​មន្ត្រី​មាន​សមត្ថ​ភាព​ ក្នុង​ការបំពេញ​ការងារ ដូច្នេះ​​ខ្ញុំ​ជឿថា បញ្ហា​ក៏នឹង​គ្មាន​កើត​ឡើង​បែប​នេះ​ទេ។ តើ​លោក​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?​

សូម​អាន​អត្ថបទ​របស់​កាសែត​កោះ​សន្តិ​ភាពទាំង​ស្រុង​ដូច​ខាងក្រោម​នេះ៖

ឡី ចាន់​ឆាយ៖ តើ​ថ្លៃ​ថ្នូរ​ឬ​ទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​«ស៊ីញ៉េ»វត្ត​មាន​ហើយ​ទៅ​ផ្ទះ​វិញ?: "លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍
ខេត្ត​ប៉ៃ​លិន ៖ លោក​ឡី ចាន់​ឆាយ ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ចំពោះ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​របស់​លោក​ថា តើ​មន្ត្រី​នគរ​បាល​យើង​​នៅ​មាន​ភាពថ្លៃ​ថ្លូរ ឬទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​ទៅ​ផ្ទះ​វិញ​នោះ? លោ​កបាន​​មាន​ប្រសាសន៍​​ដូច្នេះ​ក្នុង​​ឱកាស​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ខែ​កញ្ញា ​និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​សំរាប់​ខែ​តុលា ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​​មក​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃ​លិន ។

លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ការរាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​មួយ​ចំនួន​ដែល​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​​ក៏​​គេច​​ទៅ​​ផ្ទះ​បាត់​មិន​នៅ​ធ្វើ​ការ​ ។ ជាក់​ស្តែង​សូម្បី​តែ​ពេល​ប្រជុំ​នេះ ​ក៏​ដូច្នេះ​ដែរ ​មាន​មន្ត្រី​នគរ​បាល​ខ្លះ​ស៊ី​ញ៉េវត្ត​មាន​ ហើយ​មិន​ចូល​រួម​ប្រ​ជុំ​ទេ ស្មាន​តែ​លោក​មិន​ដឹង​​ឬ​​ថា អ្នក​ណា​មាន​មុខ​ប្រជុំ អ្នក​ណា​មិន​ចូល​រួម​ប្រជុំ​នោះ? ។ នេះ​បង្ហាញ​ថា វិន័យ​​របស់​មន្ត្រី​នគរ​បាល​យើង​នៅ​មាន​ភាព​ធូរ​រលុង​ជា​ខ្លាំង​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​បាន​ឆាប់​រហ័ស ។ យើង​ជា​កូន​ចៅ​របស់​ប្រជា​ជន​ ជា​មន្ត្រី​របស់​រដ្ឋា​ភិបាល​​ស៊ី​ប្រាក់​ខែ និង​ស្លៀក​​ពាក់​ខោ​អាវ​រដ្ឋា​ភិបាល​ ដូច្នេះ​ត្រូវ​តែ​បំរើ​ប្រជា​ជន​ បំរើ​រដ្ឋា​ភិបាល​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ទាំង​អស់​នេះ ។

លោក​ស្នង​ការ​បាន​បន្ត​ថា បញ្ហា​ទាំង​នេះ​អាច​មក​ពី​ប្រធាន​ការិយា​ល័យ​នីមួយៗ​ផង​ដែរ ។ ពេល​ខ្លះ​អាច​ប្រធាន​ការិយា​ល័យ​មិន​បាន​ប្រគល់​ការ​ងារ​ភារ​កិច្ច​ឱ្យ​គេ​ធ្វើ ដោយ​សារ​​​ការ​ងារ​ខ្លះ​មាន​លុយ​កាក់​បន្តិច​បន្តួច​ក៏​សំងំ​ធ្វើ​តែ​គ្នា​ឯង​ប៉ុន្មាន​នាក់​​ហ្នឹង​​ទៅ​ មិន​ចែក​គេ​ធ្វើ​​ទេ លុះ​ដល់​គេ​មក​ធ្វើ​ការ​មួយ​ថ្ងៃ​គ្មាន​ការ​ងារ​អ្វី​ធ្វើ ពីរ​ថ្ងៃ​គ្មាន​ការ​ងារ​ធ្វើ ​យូរៗ​ទៅ​ក៏​ណាយ​ហើយ​ក៏​​ធ្វើ​បែប​ហ្នឹង​ទៅ ។ ដូច្នេះ​ទាំង​ប្រធាន​ការិយា​ល័យ​ទាំង​ស្នង​ការ​រង​ទទួល​ផែន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​កែ​ប្រែ​លើ​បញ្ហា​ទាំង​អស់​នេះ និង​ត្រូវ​ក្តាប់​​ឱ្យ​បាន​ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ហៅ​មក​ណែ​នាំ​ បើ​នៅ​តែ​មិន​កែ​ប្រែ​ត្រូវរាយ​ការណ៍​មក​ថ្នាក់​លើ ដើម្បី​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ៕
"

Tuesday, September 28, 2010

អ្នក​ប៉ៃលិន​អះអាង​ថា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជា​អ្នក​ស្នេហា​ជាតិ

ព័ត៌មាន​ពី វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក, ថ្ងៃច័ន្ទ, 27 ខែកញ្ញា 2010, ដោយ ពេជ្រ សំណាង វីអូអេ​​ ខ្មែរ​ | ភ្នំពេញ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ ហើយ​មិន​មែន​ជា​ឃាតករ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២លាន​នាក់​នោះ​ទេ។ ដូច្នេះ​ ពួកគេ​បាន​ស្នើ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​ ទៀត​ជុំវិញ​សំណុំ​រឿង​ក្តី​លេខ​០០២​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេដឹកនាំ​ កំពូលៗ​ទាំង​នោះ ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។
អាន​ត...

Monday, September 27, 2010

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម: "មេដឹកនាំ​សហជីព​កម្មករ​បាន​ឲ្យ​បាន​ដឹង​ថា មាន​តំណាង​សហជីព និង​សកម្មជន​កម្មករ​ជិត ៣០០​នាក់ នៅ​តាម​បណ្ដា​រោង​ចក្រ​នានា ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ព្យួរ និង​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០។"

ទិវា​សិទ្ធិ​ទទួល​ព័ត៌មាន

 សូមចុច​លើ​រូប​ដើម្បី​ពង្រីក​។

Sunday, September 26, 2010

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង: "

ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​កំពុង​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង។​ ឥឡូវ​នេះ​យ៉ាង​តិច​មានផ្ទះ​ចំនួន​ពីរ​កំពុង​កប់​ក្នុង​ភក់ខ្សាច់​ និង​ផ្ទះ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​លិចលង់។​ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​ប្រសិន​បើ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​មិន​ជួយ​អន្តរាគមន៍​ទេ​ ​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​នឹង​កប់​ក្នុង​ភក់​ខ្សាច់។


«ខ្ញុំ​ជា​ស្រ្តី​មេមាយ។ ​ប្តី​ខ្ញុំ​ធ្វើ​ប៉ូលិស​ជាង​២០​ឆ្នំា​ ​ហើយ​គាត់​ស្លាប់​ចោល​ខ្ញុំ​ជាង​បី​​បួន​ឆ្នាំ​មក​ហើយ។ ​នៅ​តែ​ដី​មួយ​ដុំ​ហ្នឹង​ទេ​ ដែល​ខ្ញុំ​ដោះស្រាយ​ជីវភាព​ខ្ញុំ»។


អ្នកស្រី​ឃុន សេរី ​អាយុ​៥៣ឆ្នាំ​ ជា​ស្រ្តី​មេមាយ​មាន​កូន​ម្នាក់​ ​រស់​នៅ​ក្នុង​ភូមិ​១ ​សង្កាត់​ ​ស្រះចក​ ​ក្រុង​ភ្នំពេញ។


អ្នកស្រី​គឺ​ជា​ជន​រងគ្រោះ​មួយរូប​​ក្នុង​ចំណោម​ជន​រងគ្រោះ​ចំនួន​២៣៤​គ្រួសារ​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ភូមិ​នេះ​ ​ដោយសារ​តែ​ការ​អភិវឌ្ឍ​​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន។


កាល​ពី​សប្តាហ៍​មុន​ ​ក្រុមហ៊ុន​ស៊ូកា​កូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បន្ត​បូម​ដី​ដើម្បី​លប់​ផ្ទៃ​បឹង​កក់។


ដី​ដែល​បាន​បូម​ចេញ​ពី​ទុយោនោះ​បាន​កប់​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​បន្តិច​ម្តងៗ​ ​នៅក្នុង​ខណៈ​​ពេល​ដែល​ផ្ទះ​ផ្សេង​ទៀត​កំពុង​តែ​ប្រឈម​មុខនឹង​ការ​លិចលង់។


អ្នកស្រី​ឃុន សេរី​បាន​ចង្អុល​ទៅលើ​ភក់​ខ្សាច់​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នកស្រី​ ​ហើយ​អ្នកស្រី​បាន​និយាយ​ថា​ ​​កាល​ពី​មុន​អ្នកស្រី​មិន​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទេ។​ ឥឡូវនេះ​ ​ផ្ទះ​ទាំង​មូល​ស្ទើរតែ​គ្រប​ដណ្តប់​ដោយ​ភក់។


«ពីមុន​មក​ ​ដី​ខ្ញុំ​ដី​គោក​ទេ។​ ​មិនមែន​ដី​អញ្ចឹង​ទេ។ ​ហើយ​ខ្ញុំ​រស់​នៅ​ទីនេះ​យូរ​ហើយ។ ​គ្រួសារ​ខ្ញុំ ​គាត់​ធ្វើ​ប៉ូលិស។ ​ឥឡូវ​គាត់​ស្លាប់​ហើយ»។


នៅ​ជាប់​នឹង​របង​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​មាន​សិប្បកម្ម​បណ្តុះ​ផ្សិត​មួយ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ឃី រ៉េត។


អ្នកស្រី​ឃី រ៉េត ​អាយុ​៥១​ឆ្នាំ​បាន​និយាយ​បណ្តើរ​យក​ដៃ​ទៅ​ចង្អុល​សិប្បកម្ម​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ ដែល​បាន​បិទទ្វារ​មិន​ឲ្យ​ដំណើរការ​ជាយូរ​មក​ហើយ។


អ្នកស្រី​បាន​និយាយថា ​សិប្បកម្ម​នេះ​បាន​ផ្អាក​អស់​រយៈ​ពេល​បួនខែ​មកហើយ​ ​ដោយសារ​តែ​មាន​សត្វ​ល្អិត​បំផ្លាញ​ផ្សិត​របស់​អ្នកស្រី។


អ្នកស្រី​ឃី រ៉េត​បាន​និយាយ​ទៀត​ថា​ ​សត្វ​ល្អិត​ទាំងនេះ​បាន​កើត​ឡើង​ចេញពី​ផ្ទៃ​ទឹក​បឹង​ ​ដោយសារ​តែ​ការ​ចាក់​ទឹក​បំពេញ​​តាមរយៈ​ការ​បូម​ខ្សាច់​នេះ។


«ជួប​បញ្ហា​តាំង​ពី​បូម​ទឹក​ឡើង​មក​អញ្ចឹង​ទៅ​ ​ហើយ​អាសត្វ​ម៉ម៉ុង​ ​វាឡើង​ទៅ​រោម​ផ្សិត​ខ្ញុំ។ ​អញ្ចឹង​ទៅ​ ពេល​ដែល​វា​លូត​ចេញ​មក​ ​គឺវា​ខូច​ណា៎ ​ចា! ​វា​ទៅ​ជា​ដូច​ដង្កូវ​ ​ធ្វើ​វា​អត់​បាន​ផល។ ​ពេល​ដែល​វា​ចេញ​ច្រើន​ចំរុះ​ ​យើង​ធ្លាប់​មួយ​ថ្ងៃ​បាន​ផល​ ​មួយ​ថ្ងៃ​យើង​លក់​បាន​មួយ​លាន​ដែរ»។


រហូត​មក​ដល់​ពេល​នេះ​ ​ការ​បូម​ខ្សាច់​ដើម្បី​ចាក់​បំពេញ​ផ្ទៃ​បឹង​ដោយ​​ក្រុមហ៊ុន​ស៊ូកាកូអីន​​បាន​ប្រមាណ​៥០% ​ហើយ។


ប្រជា​ពលរដ្ឋ​ប្រមាណ​រាប់ពាន់​គ្រួសារ​ ​ដែល​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ និង​នៅ​លើ​គោក​ ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ថា​ ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់លិច​ផ្ទះ​របស់​ពួក​គេ​ ​ហើយ​ទឹក​នោះ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ។


អ្នកស្រី​លី មុំ ​អាយុ​៤៥​ឆ្នាំ​ ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​អ្នកស្រី​​បាន​ដក់​ទឹក​រាប់ខែ​មក​ហើយ​ ​ដោយ​សារ​តែ​ទឹក​នេះ​បាន​ជ្រាប​ចេញ​ពី​ទឹក​បឹង។


អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ​កូន​របស់​អ្នកស្រី​បាន​កើត​រមាស់​ជើង​ ​ដោយសារ​តែ​ដើរ​ឆ្លង​កាត់​ទឹក​ដែល​មាន​ក្លិន​ស្អុយ​នេះ។


«ប៉ះពាល់​ដល់​សុខភាព។ ​កូនខ្ញុំ​ដើរ​លុយទឹក។​ ​ទំរាំ​តែ​អាទឹក​ហ្នឹង​វា​ជ្រាប​អស់ទៅ​ ​វា​នៅ​សល់​ដក់​ ដោយ​ដុំ​ហ្នឹង។​ ​យើង​កើត​រមាស​ជើង​ ​រមាស​ដៃ​ក្មេងៗ។ ​ ​ហើយ​ខ្ញុំ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​ដាក់​នៅ​ផ្ទះ​ម្តាយ​ខ្ញុំ»។


ចំណែក​អ្នកស្រី​ផាត ចិន្តា​ អាយុ​២២​ឆ្នាំ​ ​ដែលកំពុង​តែ​ស្អំ​ទឹក​កក​នៅ​លើ​ក្បាល​ជាមួយ​និង​កូន​ស្រី​តូច​មួយ​អាយុ​ប្រមាណ​មួយ​ឆ្នាំ​ ​បាន​និយាយថា​ ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ​ដោយសារ​តែ​ក្លិន​ភាយ​ចេញ​ពី​ទឹក​បឹង។


«ទឹក​លិច។ ​ដោយសារ​ក្លិន​ស្អុយ​ពេក​ ​ឈួល​មក​ ​កូន​ក៏​ឈឺ​ ​ព្យួរ​សេរ៉ូម។ ​ហើយ​យប់មិញ​ក្តៅ​ទៀត»។


ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួល​ដី​បឹងកក់​រយៈពេល​៩៩​ឆ្នាំ​លើ​ទំហំ​ផ្ទៃ​ដី​សរុប​ប្រមាណ​១២៦​ហិកតា។


ក្រុមហ៊ុន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​ ​សណ្ឋាគារ​ ​ ផ្ទះ​ល្វែង​និង​ផ្សារ​ ទំនើបៗ។


លោក​សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​ដែរ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​អភិវឌ្ឍ​​នេះ។


«ក្រុមហ៊ុន​ ​គាត់​ពុំ​បាន​ចរចា​ ​ឬ​ក៏​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទេ​ ​គឺ​គាត់​គិត​តែ​ពី​បូម​ខ្សាច់​បង្ហូរ​ ​ធ្វើ​ឲ្យ​លិច​លង់​ ​ធ្វើ​ឲ្យ​ស្ទះ​បង្គន់​ ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ​តែ​ម្តង»។


លោក​សៀ ភារម្យ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ ​យ៉ាង​តិច​ មាន​ប្រជាជន​ចំនួន​២៥.០០០​នាក់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​ភ្នំពេញ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​មាន​សហគមន៍​ចំនួន​៧៤​នៅ​ក្នុង​ចំណោម​៤០០​សហគមន៍​ផ្សេងៗ​ទៀត​​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​ឲ្យ​បង្ខំ​រុះរើ​ផ្ទះ​សម្បែង​ចេញ។


លោក​កែប ជុតិមា​ ​អភិបាល​ក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​កំពុង​ជាប់​រវល់៕

"

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី: "ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ បាន​យក​ពិធី​កាន់​បិណ្ឌ ធ្វើ​ជា​ពិធី​បុណ្យ​ដាក់​បណ្ដាសា​ទៅ​វិញ ព្រោះ​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ជម្លោះ​នោះ។"

Wednesday, September 22, 2010

សេចក្ដិ​ថ្លែង​ការណ៍​រួម

បញ្ឈប់​ការ​បំភិត​បំភ័យ​និង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាកា​រ​មក​លើ​កម្មករ​សហជីព​និង​មេដឹក​នាំ​សហជីព


Saturday, September 4, 2010

ត្រូវចេះគិត​ឲ្យ​បាន​ត្រឹមត្រូវ

ព្រះពុទ្ធ​លោក​បាន​បន្សល់​ទុក​នូវ​ព្រះពុទ្ធឱវាទ​ល្អៗ​ជាច្រើន។ នៅ​ពេល​នេះ​ខ្ញុំ​សូម​​រំលឹក​ព្រះ​ពុទ្ធ​ឱវាទ​មួយ​ឃ្លា​​​ដែល​មាន​ន័យថា​៖ "មិន​ត្រូវ​ជឿ​នូវ​អ្វី​ដែល​អ្នក​​គ្រាន់​តែ​ឮ​នោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​​ និង​រកភស្តុតាង​យ៉ាង​ត្រឹម​ត្រូវ​ថា​ តើ​​វា​ពិត​និង​ត្រឹម​​ត្រូវ​ដូច​បាន​ឮ​នោះ​ទេ"។​

ខាង​ក្រោម​នេះ​​គឺ​ជា​កំណាព្យ​មួយ​ដែល​ខេមរា​បាន​ឃើញ​នៅ​ក្នុង KI Media។ ដោយ​សារ​ខេមរា ជាមនុស្ស​កើត​ជំនាន់ ដូច្នេះ​មិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នយោបាយ​ ដូចដែល​បាន​និយាយ​នៅ​ក្នុង​កំណាព្យ​នេះទេ និង​ដោយ​សារ តែ​យោង​ទៅ​លើ​ ព្រះ​ពុទ្ធ​ឱវាទ​ខាង​លើនេះ ខ្ញុំ​​គ្រាន់​តែ​លើក​វា​មក​បង្ហាញ​ជូន​ឯក​ឧត្តម លោក​ជំទាវ លោក លោក​ស្រី អ្នក​កញ្ញា និង​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​ ជួយ​គិត និង​ពិចារណា​មើល​តាម​ស្ថាន​ភាព​បែបបខ្មែរមែនៗ​មើល​​​ថា តើ​កំណាព្យ​នេះ​ពិត​ឬ​មិន​ពិត។

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.: "

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បីល្បាញ​ពី​បណ្តា​សាកល​វិទ្យាល័យ​សហ​រដ្ឋ​អាមេរិក។


សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​គឺអ្នក​ស្រី​បណ្ឌិត ​ឆាន្នី​​ សាក់​ហាំហ្វ្រី​ ​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បី​ល្បាញ​ពី​គណៈ​គ្រប់​គ្រង​សាកល​វិទ្យាល័យ​រដ្ឋ​ហាវ៉ៃ​ ​ចំពោះ​ការ​ដែល​អ្នក​ស្រី​បាន​រៀបចំ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​​បាន​ល្អ​ ​ដល់​និស្សិត​មក​ពី​បណ្តា​ប្រទេស​និង​រដ្ឋ​ផ្សេងៗ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​​ John Mayer ​នាយក​ការិយាល័យ​ផ្នែក​ភាសា​និង​អក្សរ​សាស្រ្ត​តំបន់​ប៉ាស៊ីហ្វិក-​ឥណ្ឌូចិន​របស់​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ ​កោះ​Manoa។


«កិច្ចការ​ទាំងអស់​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្រ្វី​ ទាក់​ទង​នឹង​ភាសា​ខ្មែរ​ដែល​អ្នក​ស្រី​ចំណាយ​ពេល​ជាង​២០​ ឬ​​២៥​​ឆ្នាំ​នេះ​ ​បាន​បង្កើត​ជា​កម្មវិធី​ដ៏​ល្អ​ឥត​ខ្ចោះ​បំផុត​ក្នុង​ស.រ.អ.»។


លោក​ថ្លែង​ប្រាប់​ ​VOA ​ផ្នែក​ខេមរ​ភាសា​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ ​ដោយ​យោង​ថា​ ​អ្នក​ស្រី​សាក់​ហាំហ្រ្វី​បាន​បង្កើត​កម្ម​វិធី​បង្រៀន​ភាសា​ខ្មែរ​ជា​សៀវភៅ​និង​ថាស ​​CD​ ​ហើយ​និង​បញ្ចូល​កម្ម​វិធី​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​ internet ​ដើម្បី​ឲ្យ​អ្នក​រស់​នៅ​កន្លែង​ផ្សេងៗ​ អាច​រៀន​ភាសា​ខ្មែរ​បាន។


អ្នក​ស្រី​ ឆាន្នី​ សាក់​ហាំហ្រី្វ​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង​អាយុ​៥៧ឆ្នាំ​ ​រស់​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​មាន​កូន​២នាក់​ ​បាន​មក​រស់​នៅ​ប្រទេស​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៧២​ ​ក្រោយ​ពី​ទទួល​​បាន​អាហា​រូបករណ៍​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ East ​West ​Center​ ​ហើយ​អ្នក​ស្រី​ជា​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ Hawaii​ University​ ​កោះ​Manoa​ ជា​ច្រើន​ឆ្នាំ​ហើយ​ ​មុន​ពេល​អ្នក​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អាមេរិក​ផ្នែក​ភាសាសាស្ត្រ។​ ​អ្នក​ស្រី​បណ្ឌិត​ឆាន្នី​ សាក់​ហាំហ្រី្វ​ទទួល​បាន​រង្វាន់ ​Regents’​ Medal ​For​ Excellence ​in Teaching​​ ឬ​ជា​រង្វាន់​មេដាយ​ដ៏ឆ្នើម​ក្នុង​ការ​បង្រៀន​ ​ពី​គណៈ​​អភិបាល​គ្រប់​គ្រង​សាកល​វិទ្យាល័យ​ទាំងអស់​ក្នុង​រដ្ឋ​ហាវ៉ៃ​ ​ប្រចាំ​ឆ្នាំ​២០០៨​​ និង​ឆ្នាំ​២០០៩។​​ អ្នក​ស្រី​ថ្លែង​ថា៖


«ខ្ញុំ​ស្ញើប​ចិត្ត​ខ្លួន​ឯង។​ ខ្ញុំ​មិន​សង្ឃឹម​ថា​ ​គេ​ទទួល​ស្គាល់​យើង​បាន​ប៉ុណ្ណឹង​ទេ​ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​បង្រៀន​ហ្នឹង​វា​៣០​ឆ្នាំ​ជាង​ហើយ។​ គេ​ឲ្យ​ប្រាក់​ខែ​ក៏​ខ្ញុំ​បង្រៀន​ ​គេ​មិន​ឲ្យ​ក៏​ខ្ញុំ​បង្រៀន។ វា​មិន​ជា​សំខាន់​ទេ។​ ​ក៏ប៉ុន្តែ​ដោយ​ឃើញ​ថា​ ​គេ​លើក​ស្ទួយ​អញ្ចឹង។​ គេ​ឲ្យ​រង្វាន់​អញ្ចឹង​ ​ខ្ញុំ​នឹង​មាន​ចិត្ត​តទៅ​ទៀត​ ​និង​ជួយ​ភាសា​ខ្មែរ​យើង​ហ្នឹង​ឲ្យ​បាន​ត​ទៅ​មុខ​ទៀត។​ អាហ្នឹង​គឺថា​ ​បើ​យើង​ខំ​ប៉ុណ្ណឹង​ ​គេ​សុំ​សរសើរ​យើង​ប៉ុណ្ណឹង។​ យើង​ត្រូវ​ខំ​តទៅ​ទៀត​ដើម្បី​ឲ្យ​អ្នក​ដ៏ទៃ​ទៀត​គ្នា​មាន​ លទ្ធ​ភាព​បង្រៀន​ភាសា​ខ្មែរ​យើង​នៅ​សាកល​វិទ្យាល័យ​ផ្សេងៗ»។


ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​ស្នាដៃ​ ​សម្ភារៈ​ ​ភស្តុតាង​នានា​ ​គណៈ​អភិបាល​សាកល​វិទ្យា​ល័យ​បាន​ផ្តល់​រង្វាន់​ដ៏​ឆ្នើម​នេះ​តាម​ការ​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ជា​មួយ​សាស្ត្រា​ចារ្យ​ភាសា​របស់​ប្រទេស​ផ្សេងៗ​ទៀត​ ​ដូច​ជា​ថៃ​ ឡាវ​ ​ភីលីពីន​ និង​ភាសា​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ដែល​មាន​កម្ម​វិធី​បង្រៀន​ក្នុង​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ផង​នោះ។


កម្ម​វិធី​បង្រៀន​ភាសា​ដល់​និស្សិត​បរទេស​ ​និសិ្សត​អាមេរិកាំង​ ​និស្សិត​ខ្មែរ​អាមេរិកាំង​ដែល​មិន​ចេះ​ភាសា​ខ្មែរ​ ​មាន​៤វគ្គ​ ​ដែល​ត្រូវ​រៀន​ពី​ស្រះ​ ​ព្យញ្ជនៈ​ ​ហើយ​រៀន​ប្រកប​ពាក្យ​ផ្សំ​ ​ពាក្យ​និយាយ​សន្ទនា​ ​ស្តាប់​ ​រៀន​វេយ្យករណ៍​ រៀន​សរសេរ​សាកល្បង​ពី​អ្វី​មួយ​ និង​រៀន​ពី​កម្មវិធី​ផ្សេងៗ​ទៀត។ ​អត្តបទ​ភាសា​ខ្មែរ​របស់​ VOA​ ផ្នែក​ខេមរ​ភាសា​ និង​សេចក្តី​រាយ​ការណ៍​ជា​សំឡេង​ក៏​ត្រូវ​ជ្រើស​រើស​យក​មក​ចាក់​ផ្សាយ​ឲ្យ​សិស្ស​​ស្តាប់​ដែរ​ ​នេះ​បើ​តាម​ការ​អះអាង​បន្ថែម​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្វ្រី​ ដែល​បាន​បន្ថែម​ថា​ ​និស្សិត​ត្រូវ​ចំណាយ​ពេល​រៀន​៤​ឆ្នាំ​ ​ទើប​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​​ ហើយ​ពេល​បញ្ចប់​នោះ​អាច​ចេះ​ស្ទាត់​ ​ប្រើការ​បាន​ទាំង​សរសេរ​ ​ស្តាប់​ និង​និយាយ។


លោក​ស្រី​បាន​អះអាង​ដែរ​ថា​ ​មាន​និស្សិត​ប្រមាណ​មួយ​ពាន់​នាក់​ហើយ​ដែល​បាន​ រៀន​ជា​មួយ​អ្នក​ស្រី​ ​ហើយ​មួយ​ចំនួន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អ្នក​ស្រាវជ្រាវ​ ​ជាដើម​​​ ​ហើយ​ជា​ទូទៅ​មាន​និស្សិត​យ៉ាងតិច​៣០​នាក់​ដែល​រៀន​ភាសា​ខ្មែរ​ក្នុង​មួយ​ត្រីមាស។


កញ្ញា​ Mariko​ Miyahiya ​អាយុ​២៤​​ឆ្នាំ​ ​មក​ពី​ប្រទេស​ជប៉ុន​ ជា​និស្សិត​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Hawaii​ University។ នាង​​​ជា​សិស្ស​ផ្នែក​ភាសា​ខ្មែរ​របស់​សាស្រ្តា​ចារ្យ​ Channy​ Sak ​Humphry។​ នាង​​បាន​រៀន​ភាសា​ខ្មែរ​មួយ​ឆ្នាំ​ហើយ។ ​នាង​​បាន​និយាយ​សន្ទនា​ជា​ភាសា​ខ្មែរ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ពី​រដ្ឋ​ហាវ៉ៃ​ មក​ថា​ ​នាង​រៀន​ភាសា​ខ្មែរ​ ​ព្រោះ​នាង​មាន​មិត្តភ័ក្រ​ខ្មែរ​ច្រើន។ ​នាង​ចង់​ជជែក​លេង​ និង​ចង់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​ក្នុង​ថ្ងៃ​អនាគត។


«ខ្ញុំ​ចង់​រៀន​ទៀត​ដើម្បី​និយាយ​លេង​ជា​មួយ​គេ​ទៀត​ ​ហើយ​ខ្ញុំ​ចង់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ នៅ​អង្គការ​ដែរ»។


នៅ​ពេល​សួរ​ថា​ ​តើ​នាង​បាន​រៀន​ប៉ុន្មាន​ឆ្នាំ​ហើយ​ ​ចេះ​អ្វី​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ?​ ​នាង​ Mariko ​បាន​ថ្លែង​ជា​ភាសា​ខ្មែរ​តប​មក​វិញ​ភ្លាមៗ​ថា​ ​«ខ្ញុំ​រៀន​ភាសា​ខ្មែរ​បាន​មួយ​ឆ្នាំ​ហើយ​ ​ហើយ​ខ្ញុំ​រំពឹង​ថា​ ​នឹង​ទៅ​រៀន​មួយ​ឆ្នាំ​ទៀត»។


នាង​ក៏​បាន​ថ្លែង​ដែរ​ថា​ ​នាង​ឧស្សាហ៍ស្តាប់​ VOA ​ខេមរ​ភាសា​ដែរ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ភាសា​ខ្មែរ​របស់​នាង។


អ្នក​ស្រី ​Channy ​Sak ​Humphry​ ដែល​អះអាង​ពី​ការ​ឆ្លៀត​បង្រៀន​តាម​​ Internet ​ដោយ​អត់​គិត​ថ្លៃ​នៅ​ពេល​ទំនេរ​នោះ​ ​បាន​បន្ថែម​ថា​ ​អ្នក​ស្រី​ចង់​ឲ្យ​កម្មវិធី​របស់​អ្នក​ស្រី​ផ្នែក​ភាសា​ខ្មែរ​នេះ​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​អាមេរិក​ឲ្យ​បាន​ច្រើន។


«ខ្ញុំ​ចូល​ចិត្ត​បង្រៀន​ ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជា​ទូទៅ​ ​និស្សិត​​និង​មនុស្ស​ធម្មតា​ ​មិន​មែន​ថា​​​តែ​និស្សិត​សុទ្ធ​ទេ​ ​ចេះ​ដឹង​អំពី​ភាសា​ខ្ញុំ។ ​ភាសា​ខ្មែរ​យើង​យល់​ច្បាស់​អំពី​អក្សរ​សាស្ត្រ​ ​ភាសា​សាស្ត្រ​ និង​វប្បធម៌​ខ្មែរ​យើង»។


អ្នក​ស្រី​បាន​ថ្លែង​ថា​ ​នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​អាច​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា​ ពី​ចម្ងាយ៕

"

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry: "

មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ជូប​ប្រាស្រ័យ​គ្នា​ដើម្បី​ស្វែង​យល់​អំពី​កិច្ច​ព្រម ព្រៀង​​រវាង​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​ការ​នាំ​ស្ករស​ទៅ​​សហគមន៍​អឺរ៉ុប​ ​ ប៉ុន្តែ​មន្ត្រី​អង្គការ​លីកាដូ​និង​មន្ត្រី​សហគមន៍​អឺរ៉ុប​បាន​បដិសេធ​ ​មិន​បាន​បង្ហាញអំពី​លទ្ធផល​ជំនួប​នេះ​ទេ។


មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដើម្បី​ស្វែង​យល់​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហគមន៍​អឺរ៉ុប​ជាមួយ​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​​លី យ៉ុងផាត់ ​ក្នុងការ​នាំ​ស្ករស​ចេញទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប។


មន្រ្តី​មក​ពី​សហគមន៍​អឺរ៉ុប​ និង​មន្រ្តី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ពុំ​បាន​បញ្ជាក់​អំពី​ជំនួប​ផ្លូវការ​នេះ ​ថា​តើ​នឹង​ជជែក​អំពី​បញ្ហា​លម្អិត​អ្វីខ្លះ​នោះ​ទេ។


ក៏ប៉ុន្តែ​លោក​ Rafael Dochao Moreno ​ភារធារី​សហគមន៍​អឺរ៉ុប​ ​ត្រូវ​បាន​កាសែត​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ ​ឈ្មោះ​The Cambodia Daily​ ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​បាន​ប្រកាស​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​ហើយ​ការ​ប្រកាសនេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បញ្ជប់​វេទិកា​របស់​សហគមន៍​​អឺរ៉ុប​ចំនួន​ពីរ​ថ្ងៃ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។


លោក​ Moreno ​បាន​និយាយ​ថា​ ​លោក​កំពុង​តែ​ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​ពិត​ប្រាកដ​មួយ​ នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ ​ហើយនេះ​គឺជា​អ្វី​ដែល​លោក​បាន​ធ្វើការ​វិភាគ។


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ទៅ​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ក្រុមហ៊ុន​ភ្នំពេញ​ SUGAR ​និង​កំពង់​ស្ពឺ ​SUGAR​ របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ ​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​រុក្ខាប្រមាញ់ ​និង​នេសាទ។


ក្រុមហ៊ុន​កំពង់​ស្ពឺ ​SUGAR ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ចំនួន​ជាង​៩០០០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​អំពៅ​ ដើម្បី​យក​ទៅ​ធ្វើស្ករស។ ​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ កំពុង​តែ​មាន​រឿង​ចម្រូង​ចម្រាស់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង​ ​ខេត្ត​កំពង់ស្ពឺ​ រឿង​វិវាទ​ដីធ្លី។


កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​ ​កាសែត​ The Camboia Daily ​បាន​ចុះ​ផ្សាយ​ថា​ ​ពិធីសារ​ស្តីពី​ស្ករស​របស់​សហគមន៍​​អឺរ៉ុប​​ បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជន​​មួយរូប​ គឺ​លោក​លី យ៉ុងផាត់​ ដែល​ពិធីសារ​នេះ​រំពឹង​ថា ​នឹង​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ទ្វេរ​ដង​​នៅ​ឆ្នាំ២០១២​ខាង​មុខ​នេះ។


លោក​ហេង សាន​ ​ជំនួយការ​របស់​លោក​លី យ៉ុងផាត់​ ​ត្រូវ​បាន​កាសែត​ដដែល​នេះ​ដក​ស្រង់​សម្តី​មក​ថា​ ​ការ​នាំ​ស្ករស​របស់​ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថា​ ​នឹង​កើន​ឡើង​រហូត​ដល់​២០​.០០០​តោន​នៅ​ឆ្នាំ​២០១១​និង​៤០.០០០​តោន​នៅ​ឆ្នាំ​២០១២។


នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ​ស្ករស​ចំនួន​១ម៉ឺន​តោន​ត្រូវ​បាន​ដឹក​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហ​កម្ម​អង់គ្លេស​ដ៏​ធំមួយ ​​ដែល​មាន​ឈ្មោះ​ថា​ ​Tate ​និង ​Lyle ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ពិធីសារ​ស្ករស​របស់​សហគមន៍​អឺរ៉ុប​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ។


លោក​លី យ៉ុងផាត់ ​ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ ​និង​កំពង់ស្ពឺ​ SUGAR ​បាន​បដិសេធ​ថា​ ​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ចុះ​ពិធីសារ​ក្នុង​ការ​នាំ​ស្ករស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ទេ។


«បាទ​អត់មាន​ទេៗ»។


ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​តំណារាស្រ្ត ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​ ដែល​ជា​អ្នក​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គោរព​សិទ្ធិ​មនុស្ស​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​ ​គួរ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​នាំយក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​របស់​ហគមន៍​អឺរ៉ុប​នោះ។


«សហគមន៍​អឺរ៉ុប​ហ្នឹង​​ពិនិត្យ​មើលផង​ ​ដើម្បី​ធ្វើ​ម៉េច​កុំឲ្យ​ការ​ដែល​ធ្វើ​អាជីវ​កម្ម​រក​ប្រាក់​ចំណេញ​ ​វា​ធ្វើ​នៅ​លើ​ខ្នង​របស់​រាស្រ្ត​ ឬ​មួយ​បាន​មក​ដោយសារ​តែ​កា​រគាប​សង្កត់​ ឬ​ជិះជាន់​កម្លាំង​ពលកម្ម​ ​ហើយប្រាក់​ចំណេញ​ដែល​មិន​ស្អាតស្អំ ​គួរ​ណាស់​តែ​ជួយ​ឲ្យ​សភា​ពិនិត្យ​មើល​ស្ថានភាព​ទាំង​អស់​ហ្នឹង»។


ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏មាន​ឥទ្ធិពល​មួយ​រូប​ ​កំពុង​មាន​ទំនាស់​យ៉ាង​ស្រួចស្រាល​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ​ខេត្ត​កំពង់ស្ពឺ។


យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ប្រឆាំង​ជំទាស់​ទៅនឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ SUGAR ​ ​ដែល​ប្រជាពល​រដ្ឋ​បាន​ចោទប្រកាន់​ថា​ ​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​ចំការ​របស់​ពួកគេ។ ទោះជាយ៉ាងណាក្តីពលរដ្ឋ​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ៕

"

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ: "

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយ​ពី​មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​នេះ​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ។ បណ្តឹង​នេះ​​ប្រឆាំង​នឹង​ជន​ពុក​រលួយ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ហាមឃាត់​ ​ការ​យក​ពន្ធដារ​លើ​យានយន្ត​គ្រប់​ប្រភេទ​លើស​តម្លៃ​រដ្ឋ​ និង​ជម្លោះ​ដីធ្លី។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​ទាំងអស់។


ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ប្រមាណ​៧០​សំណុំ​រឿង​ទាក់ទង​នឹង​មន្ត្រី​ពន្ធដារ​ ​តុលាកា​រ ​ប៉ូលិស​ និង​ជម្លោះ​ដីធ្លី​ ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុងខែ​សីហា​នេះ។


សមាជិក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១៤​រូប​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​លើក​ទីមួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លោក​សន ជ័យ ​អ្នក​សម្រប​សម្រួល​បណ្តាញ​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​៦០​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១០ ​ដើម្បី​ប្តឹង​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ទារ​ប្រាក់​លើស​ ​ដោយ​បង្ខំ​ប្រជា​ពលរដ្ឋ​ឱ្យ​បង់ប្រាក់​៦០០០​រៀល​ ជា​ជាង​តម្លៃ​ផ្លូវការ​របស់​រដ្ឋ​ចំនួន​៤៥០០​រៀល។


លោក​សន ជ័យ​បាន​បញ្ជាក់​ថា​ ​ពាក្យ​បណ្តឹង​ទាំងអស់​នេះ​មាន​ភស្តុតាង​ជា​ឈ្មោះ ​និង​អត្ត​លេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ ដែល​ទារ​យក​ប្រាក់​លើស​ពី​តម្លៃ​កំណត់​របស់​នាយក​ដ្ឋាន​ពន្ធដារ​ហើយ​ក្នុង​ពាក្យ​បណ្តឹង​នីមួយៗ​ ​មាន​អ្នក​ប្តឹង​ពី​៥​នាក់​ទៅ​១៥​នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់ប្រាក់​៥០០០​រៀល​ ​ជំនួស​តម្លៃ​រដ្ឋ​៣០០០​រៀល។


លោក​សន ជ័យ​បាន​បន្ត​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ត្រូវ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុង​ខែសីហា​នេះ​ដើម្បី​បញ្ឈប់ ​និង​ដាក់​ពិន័យ​ភ្នាក់ងារ​ពន្ធដារ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។


ខេត្ត​ដែល​មាន​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្តាល​ ​ខេត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​តាកែវ។


លោក​សន ជ័យ​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​សាក​ល្បង​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ឃើញ។


«អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន។ ​យើង​ចង់​ឃើញ​ការ​ប្រមូល​ពន្ធដារ​ប្រចាំ​ឆ្នាំ​នេះ​មាន​តម្លាភាព​ និង​ជា​គំរូ​មួយ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»។


លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ការពារ​សត្វព្រៃ ​និង​ធនធាន​ជាតិ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ថ្នាក់​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​២៤១​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​ជាតិ​ប្រាំបួន​នាក់​អំពី​ការធ្វើ​ពាណិជ្ជ​កម្ម​ឈើ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។


លោក​ជា ហ៊ាន​បាន​បញ្ជាក់​ថា​ ​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ពីរ​ទៀត​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​១៥០​នាក់​ ដែល​រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​១០​នាក់​ ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​១៦​នាក់​ និង​ឈ្មួញ​កណ្តាល​មួយ​ចំនួន​​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​​ខុស​ច្បាប់​នៅ​ឧទ្យាន​ជាតិ​បុទមសាគរ​ ​ខេត្ត​កោះកុង​ និង​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​៣០​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​១០​នាក់​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បូកគោ​ ខេត្ត​កំពត។


«ខ្ញុំ​មាន​ភស្តុតាង​ជា​ចម្លើយ​របស់​ជន​ល្មើស​ប្រព្រឹត្ត​ជាក់ស្តែង​ ​បាន​និយាយ​ថា​ ​មុន​ពេល​គាត់​ចូល​កាប់​ឈើ​ ឬ​ដឹក​ជញ្ចូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ ​គាត់​បាន​បង់ប្រាក់​ឱ្យ​មន្ត្រី​ឧទ្យានុ​រក្ស​បរិស្ថាន​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​តាម​ប្រភេទ​ម៉ាស៊ីន​អារ​ឈើ​តូច​ធំ»។


លោក​ជា ហ៊ាន​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​នាំ​ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។


«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​នោះ​​ដោយសារ​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កោះកុង​ ​និង​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​ឱ្យ​ចាត់ការ​មន្ត្រី​ពុករលួយ​នោះ​ ​តែ​ផ្ទុយ​ទៅវិញ​ ​តុលាការ​មិន​បាន​ចាត់​ការ​ទេ។ ​ដូច្នេះ​​ខ្ញុំ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀត។​ ​បើសិន​ជា​យើង​ប្រមូល​ភស្តុតាង​ ​ហើយ​បែរ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​រក​ពួក​ពុក​រលួយ​មិន​ឃើញ​ នោះ​ខ្ញុំ​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​​របស់​រដ្ឋា​ភិបាល»។


លោក​ស្រី​ម៉ម ស៊ីថា ​​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា​ ​លោក​ស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៥​ហិចតា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​នេះ។


លោក​ចាន់ សាវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​បញ្ជាក់​ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​តុលាការ ​ ​ប៉ូលិស ​និង​ជម្លោះ​ដីធ្លី​ ​ប៉ុន្តែ​មិន​ទាន់​​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ ​ដោយ​សារ​មន្ត្រី​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​មិនទាន់​មាន​ឯករាជ្យ​និង​អព្យាក្រឹត្យ​ភាព​ពី​គណ​បក្ស​នយោបាយ។


«យើង​អត់ទាន់​មាន​ជំនឿ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ។​ ពួកគេ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ស៊ើប​អង្កេត​ ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​សច្ចា​ប្រណិធាន​ដក​ខ្លួន​ចេញ​ពី​គណ​បក្ស​នយោបាយ​ទេ»។


លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​ថា​ ​លោក​បាន​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​​ទាំងអស់​ ដែល​បាន​ប្តឹង​មក​អង្គភាព​របស់​លោក។ ​លោក​មិន​បដិសេធ​បណ្តឹង​ណាមួយ​ទេ​ ​បើមាន​ភស្តុតាង​គ្រប់គ្រាន់​ និង​ច្បាស់​លាស់។


«យើង​អាច​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យបណ្តឹង​គ្រប់ប្រភេទ​ ​ឱ្យតែ​មាន​គ្រប់​ធាតុផ្សំ​ទាំងអស់​ ដើម្បី​ដំណើរ​ការ»។


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មាន​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​យ៉ាង​ពេល​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​ថ្ងៃ​អង្គារ៕

"

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន: "ក្រុម​កម្មករ​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កូរ៉េ​មួយ​ឈ្មោះ ឌូសុង (Doosong) បាន​បញ្ចប់​ការ​តវ៉ា និង​ការ​ទាមទារ​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​ការ​សន្យា​មួយ​ចំនួន​ពី​ក្រុមហ៊ុន។"