ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Monday, August 30, 2010

តើ​ច្បាប់​ជា​អ្វី?​

​តើ​ច្បាប់​ជា​អ្វី? នេះ​ជា​សំណួរ​មួយ​ដែល​អ្នក​រៀន​ច្បាប់​ ឬ​អ្នក​ជំនាញ​​ច្បាប់​ផ្ដល់​​និយម​ន័យ​​ផ្សេង​ៗ​​គ្នា​ ប៉ុន្តែ​​ជា​ន័យ​ឆ្លើយ​តប​នឹង​សំណួរនេះ។

ប៉ុន្តែ​សម្រាប់​អ្នក​មិន​រៀន​ច្បាប់​ និង​អ្នក​គ្មាន​ជំនាញ​ឯក​ទេស​ច្បាប់​វិញ​ ពួក​គាត់​ផ្ដល់​និយម​មួយ​ឃ្លា​យ៉ាង​​ខ្លី ប៉ុន្តែ​មាន​ន័យ​គ្រប់​គ្រាន់​ សម្រាប់​ស្ថាន​ភាព​ស្រុក​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ​ថា "​ច្បាប់​ជា​ដំបង​សំពង​អ្នក​ក្រ ​ច្បាប់​ជា​មិត្ត​ល្អ​កំដ​អ្នក​មាន"។  នេះបង្ហាញ​ឲ្យ​ឃើញ​ថា ​នៅ​ស្រុក​ខ្មែរ​ ច្បាប់​គ្មាន​ន័យ​សម្រាប់​អ្នក​ក្រ​ទេ។

តើ​ប្រិយ​មិត្ត​អ្នក​អាន​ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ និយម​ន័យ​ខាង​លើ​នេះ? ខេមរា​ សូម​ស្វាគមន៍​ការ​ផ្ដល់​មតិ​ដើម្បី​ស្ថាបនា​ ប្រព័ន្ធ​យុត្តិ​ធម៌​ខ្មែរ។ សូម​អរគុណ

Sunday, August 29, 2010

ទឹក​ជំនន់​នៅ​សង្កាត់​បឹង​កក់​១

នៅ​ភ្នំ​ពេញ​ ប្រជាពលរដ្ឋ​តែង​តែ​ឃើញ​មាន​ទឹក​ជំនន់​លិច​​ផ្លូវ​នៅ​ពេល​មាន​ភ្លៀង​ធំ​ម្ដងៗ។ ចំពោះ​ខេមរា​វិញ​ ក៏សង្កេត​ឃើញ​ថា វា​តែង​តែ​មាន​ទឹក​ជំនន់​លិច​ផ្លូវ​បែប​នេះ​មែន​។ 

ថ្មីៗនេះ​​ ប្រជាពលរដ្ឋដែល​រស់​​នៅ​តំបន់​បឹង​កក់​បាន​​នាំគ្នា​ប្ដឹង​សា​លា​ក្រុង​​ក្នុង​រឿង​ទឹកលិចតំបន់​បឹង​កក់។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ និង​កាលពីម្សិល​ម៉ិញ​ ក្រោយ​ពីមាន​​ភ្លៀង​មួយមេ​យ៉ាងធំផ្ទះ​ខ្ញុំ​ដែល​ខាន​​​​មាន​ទឹកលិច​ជា​ច្រើន​ឆ្នាំមក​ហើយនោះ​ ស្រាប់​តែមាន​ទឹក​ចាប់​ផ្ដើម​លិច​ ចំ​ណែក​​ឯ​ផ្លូវ​ក៏លិច​ដែរ។

ខ្ញុំ​ចេះ​តែ​នឹក​ឆ្ងល់​ថា ម្ដុំ​ផ្ទះ​ខ្ញុំ​នេះ​ខាន​​​លិច​ទឹក​យូរ​មក​​ហើយ (ក្រោយ​ពី​អាជ្ញាធរ​បាន​ជួស​ជុល​លូទឹក ពី​មុន​ធ្លាប់​លិច​ទឹករាល់តែ​រដូវ) ចុះ​ហេតុ​​​អ្វី​​ឥឡូវ​នេះ​គ្រាន់​តែ​មាន​ភ្លៀង​មិន​ជាធំ​ប៉ុន្មាន​សោះ​ក៏​ចាប់​ផ្ដើម​លិច​លង់​ផ្លូវ?​

យូរៗទៅ​​ទើប​ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញថា នេះ​គឺដោយ​សារ​ សាលារាជធានី​ភ្នំ​កំពុង​អភិវឌ្ឍ​តំបន់​បឹង​កក់ ដែល​ពី​មុន​ជាអាង​ស្តុក​ទឹក​ភ្លៀងនៅ​រដូវ​វស្សា​ តែ​ឥឡូវ​នេះ​ សាលា​ក្រុង​បាន​ជួល​តំបន់​បឹង​កក់រយៈ​ពេល​៩៩​ឆ្នាំ​ទៅ​ក្រុម​មួយ ដើម្បី​អភិវឌ្ឍន៍​ដោយ​ចាក់​ដី​លុប​បឹង​នេះស្ទើរ​តែ​ជិត​ទៅ​ហើយ។ ដូច្នេះ​ហើយ​បាន​ជា​ ឥឡូវ​នេះនៅ​ពេល​មាន​ភ្លៀង​ម្ដងៗ​ទឹក​តែង​តែ​លិច​តំបន់​បឹងកក់​១ ព្រោះ​ថា ទឹក​​ភ្លៀង​មិនដឹង​​ជាហូរ​ទៅ​ណា​ទើប​នៅ​ទើរ​តាម​ផ្លូវ​អញ្ចឹង​ទៅ។ តើ​នេះ​ជា​ការអភិវឌ្ឍ​ទៅ​មុខ ឬ​​ថយ​ក្រោយ (ពី​មិន​លិច​ទឹក ទៅ​លិចទឹក?)។ 

កាលពីប៉ុន្មាន​ឆ្នាំ​មុន ខេមរា ធ្លាប់​បាន​អាន​ការសែត​អំពី​ការ​​វាយតម្លៃ​របស់​អ្នក​ជំនាញការថា វា​នឹង​មាន​វិបត្តិ​ទឹក​លិច​ក្រុង​ ប្រសិន​បើ​បឹង​កក់​ត្រូវ​ចាក់​ដីលុប។ សាលា​រាជ​ធានី​មិន​ជឿ​ការ​វាយ​តម្លៃ​នេះ​ទេ ហើយ​ម្យ៉ាង​ទៀត​ដើម្បី​ប្រាក់​ដាក់​ហោប៉ៅ ពួក​គាត់​មិន​ខ្វល់​នឹង​ទឹក​លិច​អ្នក​ណា​ឡើយ​ ឲ្យ​តែ​គ្នា​គាត់​មាន​ប្រាក់​ជាការស្រេច។ តើ​នេះ​ពិត​ជាការអភិវឌ្ឍដែល​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​​ទេ? តើ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំ​ពេញ​​​ដែល​ឃើញ​ផល​វិបាក​នេះ​ទេ? តើ​លោក​ដែល​គិត​ពី​បញ្ហា​នេះ​ទេ​?​ ​

Sunday, August 15, 2010

អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា

អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា: "វិស័យ​អប់រំ​នៅ​កម្ពុជា ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន និង​មហាជន​រិះគន់​ថា បាន​កើត​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ​ពិសេស​ទាក់ទង​ការ​បែងចែក​តួនាទី​មេ​ប្រយោគ ឬ​អនុរក្ស​ក្នុង​សម័យ​ប្រឡង​សញ្ញាបត្រ​កើត​ឡើង​ម្តងៗ។"

Monday, August 9, 2010

សមត្ថកិច្ច​ចាប់​បង្ខំ​អ្នក​តវ៉ា​បញ្ហា​ដី​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ស្រុក​វិញ

នគរបាល​បម្រើ​បក្ស​ បម្រើ​ប្រជា​ជន​ តែ​មិន​ប្រណី​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​ទេ។ សូម​មើល​រូប​ខាង​ក្រោម។​

ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរី៖ ប្រជាពលរដ្ឋ​ប្រមាណ ៧០​នាក់​មក​ពី​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​មក​តវ៉ា​រក​យុត្តិធម៌​ក្នុង​ជម្លោះ​ដី​នៅ​មុខ​ភូមិគ្រឹះ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​បង្ខំ​ពួក​គាត់​ឲ្យ​ឡើង​លើ​រថយន្ត​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ។ អាន​បន្ត...

ក្រុម​មន្ត្រី​ស្លៀក​ពាក់​ស៊ី​វិល​កំពុងចាប់​សែង​អ្នក​ភូមិ​​ញាត់​ចូល​ឡាន

តើ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​រូប​នេះ។

Sunday, August 1, 2010

តើ​ខ្មែរ​គួរខឹង​ឬ​មិនគួរ​ខឹង?​

ប្រសិន​បើ​ អាច​ឆ្លៀត​ពេល​បាន សូម​ចំណាយ​ពេល​តែ​បន្តិច​​​ដើម្បី​​អាន​​កំណាព្យ​នេះ និង​ពិចារណា​ ព្រម​​ទាំង​​ស្រាវ​​ជ្រាវ​​ប្រវត្តិ​​​សាស្ត្រ​​នា​​ពេល​ថ្មីៗ​នេះ​មើល​ តើ​កំណាព្យ​នេះ​ពិត​ឬ​មិនពិត?​