នៅភ្នំពេញ ប្រជាពលរដ្ឋតែងតែឃើញមានទឹកជំនន់លិចផ្លូវនៅពេលមានភ្លៀងធំម្ដងៗ។ ចំពោះខេមរាវិញ ក៏សង្កេតឃើញថា វាតែងតែមានទឹកជំនន់លិចផ្លូវបែបនេះមែន។
ថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់បាននាំគ្នាប្ដឹងសាលាក្រុងក្នុងរឿងទឹកលិចតំបន់បឹងកក់។ កាលពីប៉ុន្មានថ្ងៃមុន និងកាលពីម្សិលម៉ិញ ក្រោយពីមានភ្លៀងមួយមេយ៉ាងធំផ្ទះខ្ញុំដែលខានមានទឹកលិចជាច្រើនឆ្នាំមកហើយនោះ ស្រាប់តែមានទឹកចាប់ផ្ដើមលិច ចំណែកឯផ្លូវក៏លិចដែរ។
ខ្ញុំចេះតែនឹកឆ្ងល់ថា ម្ដុំផ្ទះខ្ញុំនេះខានលិចទឹកយូរមកហើយ (ក្រោយពីអាជ្ញាធរបានជួសជុលលូទឹក ពីមុនធ្លាប់លិចទឹករាល់តែរដូវ) ចុះហេតុអ្វីឥឡូវនេះគ្រាន់តែមានភ្លៀងមិនជាធំប៉ុន្មានសោះក៏ចាប់ផ្ដើមលិចលង់ផ្លូវ?
យូរៗទៅទើបខ្ញុំចាប់ផ្ដើមនឹកឃើញថា នេះគឺដោយសារ សាលារាជធានីភ្នំកំពុងអភិវឌ្ឍតំបន់បឹងកក់ ដែលពីមុនជាអាងស្តុកទឹកភ្លៀងនៅរដូវវស្សា តែឥឡូវនេះ សាលាក្រុងបានជួលតំបន់បឹងកក់រយៈពេល៩៩ឆ្នាំទៅក្រុមមួយ ដើម្បីអភិវឌ្ឍន៍ដោយចាក់ដីលុបបឹងនេះស្ទើរតែជិតទៅហើយ។ ដូច្នេះហើយបានជា ឥឡូវនេះនៅពេលមានភ្លៀងម្ដងៗទឹកតែងតែលិចតំបន់បឹងកក់១ ព្រោះថា ទឹកភ្លៀងមិនដឹងជាហូរទៅណាទើបនៅទើរតាមផ្លូវអញ្ចឹងទៅ។ តើនេះជាការអភិវឌ្ឍទៅមុខ ឬថយក្រោយ (ពីមិនលិចទឹក ទៅលិចទឹក?)។
កាលពីប៉ុន្មានឆ្នាំមុន ខេមរា ធ្លាប់បានអានការសែតអំពីការវាយតម្លៃរបស់អ្នកជំនាញការថា វានឹងមានវិបត្តិទឹកលិចក្រុង ប្រសិនបើបឹងកក់ត្រូវចាក់ដីលុប។ សាលារាជធានីមិនជឿការវាយតម្លៃនេះទេ ហើយម្យ៉ាងទៀតដើម្បីប្រាក់ដាក់ហោប៉ៅ ពួកគាត់មិនខ្វល់នឹងទឹកលិចអ្នកណាឡើយ ឲ្យតែគ្នាគាត់មានប្រាក់ជាការស្រេច។ តើនេះពិតជាការអភិវឌ្ឍដែលបម្រើផលប្រយោជន៍សាធារណៈទេ? តើអាជ្ញាធរសាលារាជធានីភ្នំពេញដែលឃើញផលវិបាកនេះទេ? តើលោកដែលគិតពីបញ្ហានេះទេ?
No comments:
Post a Comment