ចូលរួមរំលែកទុក្ខ
Monday, March 29, 2010
ជោគជ័យ
ពាក្យទូន្មានសម្រាប់មនុស្សក្នុងលោក
- សត្រូវធំជាងគេបំផុតគឺ ខ្លួនឯង (Life's greatest enemy is oneself.)
- បរាជ័យធំបំផុតគឺ លើកតម្កើងខ្លួនឯង (Life's greatest failure is arrogant.)
- អវិជ្ជា ឬល្ងង់ធំបំផុតគឺ ឆាប់ជឿគេ (Life's greatest ignorance is dupe.)
- កំសត់បំផុតគឺ ការច្រណែន (Life's greatest sorrow is jealousy.)
- កំហុសធំបំផុតគឺ មួរម៉ៅក្ដៅក្រហាយធ្វើអ្វីមិនកើត (Life's greatest erroneous is self-abandon.)
- ទោសធំបំផុតគឺ ភរខ្លួនឯង (Life's greatest sin is to deceive oneself.)
- ទោសធ្ងន់បំផុតគឺ ខ្លួនឯងមើលងាយខ្លួនឯង (Life's greatest pitiable disposition is self-abased.)
- កោតសរសើរបំផុតគឺ មានចិត្តពុះពារតស៊ូ (Life's greatest admiration is choice of advancing.)
- អត់ទ្រព្យសម្បត្តិគឺ អស់សង្ឃឹម (Life's greatest insolvent is despair.)
- មានទ្រព្យសម្បត្តិជាងគេគឺ សុខភាពល្អ (Life's greatest wealth is healthiness.)
- បំណុលដែលធំជាងគេគឺ បំណុលមនោសញ្ចេតនា (Life's greatest liabilities is a debt of human sympathy.)
- គុណសម្បត្តិដែលធំជាងគេគឺ ការអនុគ្រោះគ្នា (Life's greatest gift is forgiveness.)
- គុណវិបត្តិដែលធំជាងគេគឺ ខ្វះចំណេះវិជ្ជា (Life's greatest imperfection is melancholy wisdom.)
- សប្បាយបំផុតគឺ ការធ្វើបុណ្យ និងដាក់ទាន (Life's greatest gratification is alms.)
Saturday, March 27, 2010
តើវាយុត្តិធម៌ទេសម្រាប់ប្រជាពលរដ្ឋក្រីក្រ?
សូមចុចទីនេះ (http://www.dap-news.com/typography/the-news/8096-gnktvaxumgmlamg-snueartlbetavij-buentebiminedahelg-nwgrtlbmketot.html) ដើម្បីអានព័ត៌មានរបស់កាសែតដើមអម្ពិលរបស់លោកសយ សុភាព។ តាមរយៈព័ត៌មាននេះ យើងឃើញថា ប្រជាពលរដ្ឋដែលត្រូវតុលាការចាប់ដាក់មន្ទីរឃុំឃាំងនោះ គឺដោយសារព្រះរាជអាជ្ញាចោទប្រកាន់ពួកគាត់ថា ជាមេខ្លោង រួមគំនិតក្នុងការដុតបំផ្លាញជម្រករបស់បុគ្គលិកក្រុមហ៊ុន លី យ៉ុងផាត់។ (នេះពិតជាការចោទប្រកាន់យ៉ាងមហិមាមែន?)។
ខេមរាសូមបញ្ជាក់ថា ការចាប់អ្នកភូមិពីរនាក់គឺ លោកយូ ថូ និងលោកឃឹម វុទ្ធីនោះ មិនមែនតុលាការ ចុះទៅចាប់ពួកគាត់ដល់ផ្ទះដូចកាសែតដើមអម្ពិលសរសេរនោះទេ។ ផ្ទុយទៅវិញពួកគាត់ត្រូវតុលាការចេញលិខិតអញ្ជើញ (ដែលភាសាច្បាប់គេថា ដីកាកោះហៅ) មកសួរយកចម្លើយនៅតុលាការ។ ក្រោយពីសួរយកចម្លើយពីលោកយូ ថូ និងលោកឃឹម វុទ្ធី អស់រយៈពេលប្រហែលជិតពីរម៉ោង ពួកគាត់ក៏ត្រូវនគរបាលចាប់គ្រៀកស្លាបសេក រួចប្រើកម្លាំងបាយរុញពួកគាត់ចូលឡានម្នាក់មួយ យ៉ាងរហ័សមើលសឹងមិនទាន់ ដឹកយកទៅមន្ទីរឃុំឃាំងយ៉ាងលឿនហុយដីទ្រលោម នៅម៉ោង11:30 នាទីព្រឹកថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ២០១០នោះតែម្តង ។ ព្រឹត្តិការណ៍នេះ ខេមរាបានឃើញផ្ទាល់ភ្នែកនៅឯតុលាការខេត្តកំពង់ស្ពឺ។
ទាក់ទងនឹងការចោទប្រកាន់ពួកគាត់ថា ពួកគាត់ជាមេក្លោង រួមគំនិតក្នុងការដុតបំផ្លាញជម្រករបស់បុគ្គលិក ក្រុមហ៊ុន លី យ៉ុងផាត់នេះ ខេមរាគិតថា ពួកគាត់ប្រព្រឹត្តខុសមែនទៅចុះ ប៉ុន្តែចំពោះក្រុមហ៊ុនដែលជារបស់លោកលី យ៉ុងផាត់វិញ តើត្រូវព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺចោទ លោកលី យ៉ុងផាត់ដែលជាមេក្រុមហ៊ុននោះ ពីបទអ្វី នៅពេលដែលក្រុមហ៊ុនរបស់គាត់ឈូសឆាយ ដើមត្នោត ភ្លឺស្រែចំការ ដីធ្លីរបស់អ្នកភូមិ?
ខេមរាដូចជាមិនអស់ចិត្តនឹងការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ចំពោះអ្នកភូមិទាំងពីររូបនោះទាល់តែសោះ ព្រោះថាតុលាការមិនព្រមចោទប្រកាន់លោកលី យ៉ុងផាត់ផង ក្នុងករណីប្រព្រឹត្តបទល្មើសឈូសរំលោភយកដីរបស់ប្រជាពលរដ្ឋ។ ខេមរាយល់ថា ការធ្វើបែបនេះរបស់តុលាការ ដូចជាអយុត្តិធម៌ណាស់ចំពោះអ្នកភូមិក្រីក្រ។ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?
ជាតិ ខេមរា
Tuesday, March 23, 2010
មន្តស្នេហ៍ស្ត្រី
កម្លាំងស្ត្រី៥ ជាថ្នាំទិព្វជំនួយបុរស
កម្លាំងរូប៖ ស្ត្រីមានរូបសម្ឆស្សស្រស់ ស្អាតអាចទាក់ទាញឬបញ្ជាបុរសឲ្យប្រព្រឹត្តល្អបានដោយងាយ។
កម្លាំងទ្រព្យ៖ ស្ត្រីមានទ្រព្យច្រើនអាចគ្របសង្កត់លើបុរស និងជួយបុរសក្នុងការអភិវឌ្ឍសង្គមជាតិបាន។
កម្លាំងញាតិ៖ ស្ត្រីមានញាតិ មានបរិវារច្រើនរមែងបានជាកម្លាំងដ៏សំខាន់ដល់បុរស ដើម្បីជាការពឹងពាក់ក្នុងកិច្ចកសាង អភិវឌ្ឍន៍ និងស្ថាបនាសង្គមជាតិ។
កម្លាំងបុត្រ៖ ស្ត្រីមានបុត្រជាកម្លាំងខ្លាំងក្លាណាស់។ បើប្រៀបធៀបជាមួយឪពុក កូនជាប់ជំពាក់ជាមួយម្តាយជាង។ បើស្ត្រីអប់រំកូនឲ្យក្លាយជាបុគ្គលល្អក្នុងសង្គម នោះជាស្ត្រីដ៏ឆ្នើម ព្រោះកូនអាចជួយកិច្ចការរបស់ឪពុកក្នុងគ្រួសារ និងសង្គមបាន។
កម្លាំងសីល៖ ការប្រព្រឹត្តល្អរបស់ស្ត្រីក្នុងបែបបទសីលធម៌ ជាស្ត្រីគ្រប់លក្ខណ៍ ទន់ភ្លន់ សុភាពរាបសា គឺជាកម្លាំងដ៏សំខាន់មួយផ្នែកទៀត និងពិតជាល្អប្រសើរខ្លាំងណាស់ បើស្ត្រីមានសីលជាថាមពលដ៏សក្តិសិទ្ធ អាចទាក់ទាញបុរសឲ្យស្ថិតក្នុងក្រមសីលធម៌ និងគុណធម៌ មិនឲ្យបុរសប្រព្រឹត្តអំពើអាក្រក់និងបង្កសង្គ្រាម ឬមហន្តរាយបាន។
កូនប្រុសដើមទ្រូង៥ហត្ថ
- ក្លាហាន (ហ៊ានទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន),
- ស្វែងរកទ្រព្យធន,
- មិនទុក ឬមិនដាក់ធុរៈចោល,
- ចែករំលែក, និង
- មិនស្រវឹងអំណាចដែលគេប្រគល់ឲ្យ។
Monday, March 22, 2010
គុណធម៌របស់អ្នកគ្រប់គ្រង
- មានសេចក្ដីអំណត់អត់ធន់ខ្ពស់ចំពោះរាល់ការិះគន់ពីអ្នកដទៃ (ខមា)
- មានភាពឈ្លាសវៃ មានការភ្ញាក់រឭក ចេះកែលម្អខ្លួនជានិច្ច (ជាគរិយៈ)
- ឧស្សាហ៍ស្រវាស្រទេញ ស្វះស្វែង ប្រឹងប្រែងក្នុងការងារជានិច្ច (ឧដ្ឋានៈ)
- ចេះបែងចែកការងារ តាមជំនាញនិងសមត្ថភាពរបស់បុគ្គលិក(សំវិភាគ)
- ទឹកចិត្តអាធ្យាស្រ័យ ចេះអាណិតអាសូរនិងចេះជួយរំលែកទុក្ខរបស់បុគ្គលិក (ទយា) និង
- ត្រួតពិនិត្យនិងវាយតម្លៃ៕