នៅក្នុងពេលថ្មីៗនេះមានវិវាទដីធ្លីមួយបានកើតឡើងរវាងអ្នកភូមិនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សូមចុចទីនេះ (http://www.dap-news.com/typography/the-news/8096-gnktvaxumgmlamg-snueartlbetavij-buentebiminedahelg-nwgrtlbmketot.html) ដើម្បីអានព័ត៌មានរបស់កាសែតដើមអម្ពិលរបស់លោកសយ សុភាព។ តាមរយៈព័ត៌មាននេះ យើងឃើញថា ប្រជាពលរដ្ឋដែលត្រូវតុលាការចាប់ដាក់មន្ទីរឃុំឃាំងនោះ គឺដោយសារព្រះរាជអាជ្ញាចោទប្រកាន់ពួកគាត់ថា ជាមេខ្លោង រួមគំនិតក្នុងការដុតបំផ្លាញជម្រករបស់បុគ្គលិកក្រុមហ៊ុន លី យ៉ុងផាត់។ (នេះពិតជាការចោទប្រកាន់យ៉ាងមហិមាមែន?)។
ខេមរាសូមបញ្ជាក់ថា ការចាប់អ្នកភូមិពីរនាក់គឺ លោកយូ ថូ និងលោកឃឹម វុទ្ធីនោះ មិនមែនតុលាការ ចុះទៅចាប់ពួកគាត់ដល់ផ្ទះដូចកាសែតដើមអម្ពិលសរសេរនោះទេ។ ផ្ទុយទៅវិញពួកគាត់ត្រូវតុលាការចេញលិខិតអញ្ជើញ (ដែលភាសាច្បាប់គេថា ដីកាកោះហៅ) មកសួរយកចម្លើយនៅតុលាការ។ ក្រោយពីសួរយកចម្លើយពីលោកយូ ថូ និងលោកឃឹម វុទ្ធី អស់រយៈពេលប្រហែលជិតពីរម៉ោង ពួកគាត់ក៏ត្រូវនគរបាលចាប់គ្រៀកស្លាបសេក រួចប្រើកម្លាំងបាយរុញពួកគាត់ចូលឡានម្នាក់មួយ យ៉ាងរហ័សមើលសឹងមិនទាន់ ដឹកយកទៅមន្ទីរឃុំឃាំងយ៉ាងលឿនហុយដីទ្រលោម នៅម៉ោង11:30 នាទីព្រឹកថ្ងៃពុធទី២៤ ខែមីនា ឆ្នាំ២០១០នោះតែម្តង ។ ព្រឹត្តិការណ៍នេះ ខេមរាបានឃើញផ្ទាល់ភ្នែកនៅឯតុលាការខេត្តកំពង់ស្ពឺ។
ទាក់ទងនឹងការចោទប្រកាន់ពួកគាត់ថា ពួកគាត់ជាមេក្លោង រួមគំនិតក្នុងការដុតបំផ្លាញជម្រករបស់បុគ្គលិក ក្រុមហ៊ុន លី យ៉ុងផាត់នេះ ខេមរាគិតថា ពួកគាត់ប្រព្រឹត្តខុសមែនទៅចុះ ប៉ុន្តែចំពោះក្រុមហ៊ុនដែលជារបស់លោកលី យ៉ុងផាត់វិញ តើត្រូវព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺចោទ លោកលី យ៉ុងផាត់ដែលជាមេក្រុមហ៊ុននោះ ពីបទអ្វី នៅពេលដែលក្រុមហ៊ុនរបស់គាត់ឈូសឆាយ ដើមត្នោត ភ្លឺស្រែចំការ ដីធ្លីរបស់អ្នកភូមិ?
ខេមរាដូចជាមិនអស់ចិត្តនឹងការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ចំពោះអ្នកភូមិទាំងពីររូបនោះទាល់តែសោះ ព្រោះថាតុលាការមិនព្រមចោទប្រកាន់លោកលី យ៉ុងផាត់ផង ក្នុងករណីប្រព្រឹត្តបទល្មើសឈូសរំលោភយកដីរបស់ប្រជាពលរដ្ឋ។ ខេមរាយល់ថា ការធ្វើបែបនេះរបស់តុលាការ ដូចជាអយុត្តិធម៌ណាស់ចំពោះអ្នកភូមិក្រីក្រ។ តើប្រិយមិត្តអ្នកអានយល់យ៉ាងណាដែរ?
ជាតិ ខេមរា
No comments:
Post a Comment