សង្គម (society) បានដល់ ក្រុមមនុស្សដែលរួបរួមគ្នាដើម្បីគោលបំណងតែមួយ ពាក្យថា សង្គម នេះស្រដៀងនឹង ពាក្យដែលប្រើហៅក្រុមមនុស្សដែលមានជំនឿដូចគ្នាថា បរិសា ឬ បរិស័ទ(congregatio) ដូចជា ពុទ្ធបរិស័ទ សំដៅ ដល់ ក្រុមមនុស្ស ៤ ក្រុមដែលសុខចិត្តទទួលយកព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកខាងផ្លូវចិត្ត ដើម្បីសម្រេច គោលបំណងដែលខ្លួនប៉ងប្រាថ្នា ពោលគឺ គោរព និង បដិបត្តិតាមគោលធម៌ដែលព្រះអង្គត្រាស់ទូន្មានប្រៀនប្រដៅ ដោយសុទ្ធចិត្ត ហើយសិក្សាគោលធម៌ដែលចាំបាច់ដើម្បីយកទៅដោះស្រាយបញ្ហាជីវិតប្រចាំថ្ងៃរបស់ខ្លួន រហូតដល់ អាចកម្ចាត់បង់នូវទុក្ខទាំងពួងបានជាទីបំផុត(និព្វាន) ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចាត់ជាបុគ្គលគំរូដែលក្រុមមនុស្សអ្នកមានជំនឿលើសមត្ថភាពដោះស្រាយបញ្ហាប្រឈមមុខ របស់ព្រះអង្គតែងឲ្យតម្លៃនិងលើកតម្កើងស្មើដោយជីវិត តទៅនេះ ហៅគោលការណ៍ឬគោលធម៌ដែលព្រះអង្គត្រាស់ ដឹងថា គោលគំរូ (formula ធម៌) ព្រោះជាបែបយ៉ាងដែលទ្រង់ណែនាំឲ្យសិក្សាបដិបត្តិ ក្រុមអ្នកបួសឧទ្ទិសខ្លួនដើម្បី សិក្សាគោលធម៌ ឬ គោលគំរូរបស់ព្រះអង្គហើយយកទៅអនុវត្ត ហៅថា ព្រះសង្ឃ ក្រុមសាមញ្ញជនដែលគោរព បូជាព្រះពុទ្ធជាម្ចាស់ដូចយ៉ាងព្រះសង្ឃដែរនោះ ហៅថា គ្រហស្ថ ឃរាវាស ឬ អាគារិក ។
តទៅនេះ នឹងហៅពាក្យថាសង្គមជំនួសបរិស័ទវិញ សង្គមពុទ្ធ ចែកជា ២ សាខា គឺ សង្គមសង្ឃ ឬ សង្គមបព្វជិត និង សង្គមឃរាវាស ឬ សង្គមអាគារិក ។
សង្គមសង្ឃចាត់ជាសហគមដែលមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវគោលគំរូដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ត្រាស់ចង្អុលបង្ហាញហើយបដិបត្តិសាកល្បងដើម្បីប្រមើលមើលលទ្ធផលនៃគោលគំរូនោះៗថាតើទទួលលទ្ធផលយ៉ាង ណាខ្លះ រួចហើយក៏បកស្រាយពន្យល់វិធីបដិបត្តិដែលបានផលជាក់ស្តែងនោះដល់សង្គមឃរាវាស តាមការពិត គោលគំរូដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លើកយកមកបង្ហាត់បង្ហាញដល់សង្គមសង្ឃនិង សង្គមឃរាវាសនោះសុទ្ធតែ ជាគោលការណ៍ដែលធ្លងកាត់ការពិសោធសាកល្បង និង បដិបត្តិបានទទួលផលជាក់ស្តែងមកហើយ បើជាទ្រឹស្តី ក៏ជាទ្រឹស្តីដែលអនុលោមចូលនឹងគោលគំរូដើមនោះឯង ។
ព្រះពុទ្ធសាសនាជាសាសនាប្រភេទ វិភជ្ជវាទី គឺ ពោលញែកបំបែកសាខាពីធំទៅតូច ឬ រៀងលំដាប់ពីតូចទៅធំ (Ascending or Descending) ។
មនុស្សដែលកើតមកហើយមិនអាចរស់នៅដាច់ដោយឡែកតែឯកឯងបានទេ ត្រូវតែមានទំនាក់ទំនងនឹងអ្នកដទៃ ដោយវិធីណាមួយ ដូចជា បើជាមនុស្សសាមញ្ញត្រូវចងស្រាក់គ្នាជាគ្រួសារឡើងតាមរយៈការរៀបការ ពាក្យថា គ្រួសារ កើតឡើងដោយសារប្រុសនិងស្រីសុខចិត្តយកគ្នាជាគូគ្រងហើយបង្កើតកូនទុកជាកុលទាយាទ បន្តពូជពង្សតទៅ មានន័យថា គ្រួសារប្រកបដោយធាតុផ្សំ ៣ គឺ ឪពុក ម្តាយ និង កូន ច្រើនគ្រួសាររួមចូលគ្នាបានជា សង្គម គឺ ប្រកបដោយឪពុកម្តាយ និង កូនជាច្រើនដែលយើងហៅថា ប្រជាជន ។
ព្រះពុទ្ធសាសនាមានគោលធម៌ជាច្រើនសម្រាប់ជួយអភិវឌ្ឍគោលគំនិតទទួលខុសត្រូវរបស់ប្រជាជនដោយចាប់ផ្តើម បណ្តុះបណ្តាលពីថ្នាក់បច្ចេកបុគ្គលជាដើមទៅ ដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សង្កត់ធ្ងន់លើកាតព្វកិច្ចរបស់ គ្រួសារដែលជាគ្រឹះស្ថានរបស់សង្គម ពោលគឺ ណែនាំបុគ្គល ៣ ជំពូក គឺ ឪពុកម្តាយ និង កូនឲ្យស្គាល់តួនាទីរបស់ ខ្លួននិងបដិបត្តិតាមតួនាទីនោះៗឲ្យបានត្រឹមត្រូវ (ធម្មំ សុចរិតំ ចរេ) ។
ព្រះពុទ្ធសាសនាចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការអភិវឌ្ឍធនធាន មនុស្សជាអាទិទេព ព្រោះថាបើសមាជិករបស់សង្គមជាមនុស្សមានគុណភាព ប្រទេសជាតិក៏មានតែការរីកចម្រើន ជឿនលឿនទាំងផ្នែកជីវភាពការរស់នៅ នយោបាយ និង សេដ្ឋកិច្ច ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ណែនាំសង្គមគ្រហស្ថឲ្យគោរពកតិការបស់សង្គម(សោវចស្សតា) ឲ្យមានបដិភាណវាង វៃក្នុងការគ្រប់គ្រងខ្លួនឯង(បសាសនកោសល្ល) បើមានការងាសង្គម(social work)ដែលជាចំណែករួមកើតឡើង ក៏សស្រាក់សស្រាំចូលរួមយ៉ាងស្រុះស្រប(សាមគ្គី) ប្រព្រឹត្តខ្លួនឲ្យបានសមរម្យស្មោះស្មើនឹងកតិកាសង្គម(សមានត្តតា) ឲ្យចិញ្ចឹមជីវិតយ៉ាងល្មាក់ល្មមតាមគោលសេដ្ឋកិច្ចរបស់ខ្លួន(សមជីវិតា) ទាំងឲ្យប្រុងប្រយ័ត្ននឹងពាក្យញុះញង់បំបែក បំបាក់ពីអ្នកដទៃ(អប្បមាទៈ) ។
សរុបសេចក្តីមកថា ព្រះពុទ្ធសាសនាជួយអភិវឌ្ឃសង្គមតាមរយៈការអភិវឌ្ឍធនធានមនុស្ស ជួយសង្គមមនុស្សឲ្យ ស្គាល់តួនាទីរបស់ខ្លួនឯង និង ចេះប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្របដើម្បីគោលបំណង គឺ សេចក្តីសុខរួមគ្នា ។
"
No comments:
Post a Comment