ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់យល់ដល់គោលគំនិតដែលមេលទ្ធិទាំងនោះជឿកាន់យ៉ាងសុះសាយក្នុងសម័យនោះព្រះអង្គជំទាស់ហើយអធិប្បាយគោលគំនិតថ្មី ការបដិវត្តគោលគំនិតចាស់ទាំងនោះគោលគំនិតដែលមានទម្ងន់ខ្លាំងនិងមានប្រជាប្រិយភាពបំផុតក្នុងសម័យនោះគឺ គោលគំនិតដែលប្រកាន់ថាមនុស្សយើងមានព្រលឹងតូច (អាត្ម័ន) ដែលនៅនែបនិត្យនឹងព្រលឹងធំ (ព្រហ្ម័ន) ដែលជាវិញ្ញាណសាកល ព្រលឹងទាំងនេះតាំងនៅជានិរន្តប៉ុន្តែ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ពិចារណាមើលថា តើមនុស្សគឺជាអ្វី? ប្រកបដោយអ្វីខ្លះ ទ្រង់ពិចារណាឃើញថា មនុស្សប្រកបដោយរាងកាយ (រូប), មានទំនួលរងអារម្មណ៍ (វេទនា), អាចទទួលដឹងបានថាវត្ថុដែលពាល់ត្រូវនោះគឺ អ្វី (សញ្ញា), មានសមត្ថភាពអារកាត់នឹងធ្វើ ឬមិនធ្វើអ្វីក៏បាន (សង្ខារ), មានសេចក្តីចងចាំក្នុងហេតុការណ៍និងបទពិសោធ ទាំងអាចរំលឹកសើរើសេចក្តីចងចាំនោះបាននៅពេលត្រូវការ (វិញ្ញាណ) ពោលគឺ បញ្ចខន្ធ (ខន្ធ ៥) នោះឯងការផ្គុំឡើងនៃរូប វេទនា សញ្ញា សង្ខារ វិញ្ញាណទើបបានកើតជាបញ្ចខន្ធ បញ្ចខន្ធនេះឯងព្រះអង្គត្រាស់ថា មិនស្ថិតនៅជានិរន្តរឡើយមានសភាពប្រែប្រួលគ្រប់ពេលវេលា គោលគំនិតដែលថា ព្រលឹងតូចព្រលឹងធំតាំងនៅជានិរន្តរត្រូវបានជំទាស់ដោយទ្រឹស្តីថ្មីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាអ្នកត្រួសត្រាយ ព្រះអង្គត្រាស់បង្ហាញទ្រឹស្តីថ្មីថាអ្វីៗទាំងពួងទោះជាមនុស្សឬសត្វទោះជាលោកឬចក្រវាលឬបរិដ្ឋានដែលនៅជុំវិញខ្លួនមនុស្សគ្មានអាត្ម័នឬជាអាត្ម័ននោះទេជីវវត្ថុនិងអជីវវត្ថុទាំងពួងសុទ្ធតែជាអនាត្ម័ន ឬអនត្តា (សព្វេ ធម្មា អនត្តា) ។
គោលគំនិតស្តីពីអនត្តា (អនាត្ម័ន) ចាត់ជាទ្រឹស្តីថ្មីនិងសំខាន់បំផុតការដែលនឹងទទួលស្គាល់គោលគំនិតស្តីពីអនត្តាបាន លុះត្រាតែទទួលស្គាល់ថាអ្វីៗទាំងពួង (សព្វេ ធម្មា) ដែលនៅជុំវិញខ្លួនយើងនេះជាទុក្ខទាំងអស់ ព្រោះពាក្យថាទុក្ខ នេះមានសភាពមិនតាំងនៅជានិរន្តរ ការតាំងនៅជានិរន្តរគឺការស្ថិតនៅជារៀងរហូតដោយឥតប្រែប្រួល ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថាគ្មានអ្វីដែលតាំងនៅដោយឥតប្រែប្រួលនោះទេ។
នៅទីបំផុត ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ចាប់ផ្តើមប្រកាសសាសនារបស់ព្រះអង្គថា សារពើវត្ថុទាំងជីវវត្ថុនិងអជីវវត្ថុដែលតាំងនៅជាទូទៅនោះមានលក្ខណៈសាមញ្ញ៣ប្រការ ហៅថា សាមញ្ញលក្ខណៈឬត្រៃលក្ខណ៍គឺអ្វីៗទាំងអស់ក្នុងជីវិត ឬបរិដ្ឋានដែលយើងជួបប្រទះក្នុងជីវិតសុទ្ធតែទាក់ទងនឹងទុក្ខអ្វីៗសុទ្ធតែប្រែប្រួល មិនតាំងនៅជានិរន្ត (អនិច្ចំ) សរុបសេចក្តីថា អនិច្ចំ មិនតាំងជានិរន្តរ ទុក្ខំមានសភាពប្រែប្រួល អនត្តា គ្មានព្រលឹងតូចព្រលឹងធំតាំងនៅ។
សាមញ្ញលក្ខណៈនៃសារពើវត្ថុក្នុងលោកចាត់ទុកថាជាសច្ចភាពខ្ពង់ខ្ពស់បំផុតប៉ុន្តែការដែលព្រះពុទ្ធសាសនាទទួលបានការគោរពរាប់អានពីមហាជននោះមិនមែនពាក្បប្រៀនប្រដៅត្រឹមតែសាមញ្ញលក្ខណៈនេះទេ នៅមានគោលធម៌ជាច្រើនទៀតដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់បង្ហាត់បង្រៀនហើយធ្វើឲ្យអ្នកគោរពរាប់អានទទួលផលប្រយោជន៍គឺ សេចក្តីសុខពិតប្រាកដមកហើយជាច្រើន។ គោលគំនិតស្តីពីសាមញ្ញលក្ខណៈនេះបានរីកសាយភាយទៅដល់ប្រទេសជាច្រើននៅក្នុងពិភពលោក ហើយមាននិន្នាការថានឹងទទួលបានមនុស្សគោរពរាប់អាន កាន់តែច្រើនឡើងរឿយៗ។
No comments:
Post a Comment