សង្គមស្ងប់សុខព្រោះសីលធម៌ សង្គមវឹកវរព្រោះព្រងើយកន្តើយ: "
យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។
កង្វះសីលធម៌គ្របសង្កត់បុគ្គលណា គួរនាដូចជាពួរជ្រៃដែលព័ន្ធព័ទ្ធដើមសាលព្រឹក្សបុគ្គលនោះឈ្មោះថាកំពុង ធ្វើខ្លួនឯងឲ្យដូចជាត្រូវចោរចាប់ជាចំណាប់ខ្មាំងដូច្នោះ។
សីលធម៌គឺជា គោលចរិយាល្អរបស់មនុស្ស ជាលក្ខខណ្ឌកំណត់ឲ្យឃើញថា ទង្វើណាគួរចៀសវាង ព្រោះបើធ្វើ នឹងនាំមកនូវទុក្ខក្តៅក្រហាយ និងឲ្យឃើញថា ទង្វើណាគួរប្រព្រឹត្ត ព្រោះបើធ្វើនឹងនាំមកនូវសេចក្តីស្ងប់សុខសីលធម៌ចាត់ជាឫសគល់សំខាន់ក្នុងការជួយជ្រោមជ្រែងសន្តិសុខសន្តិភាព និងស្ថេរភាពក្នុងពិភពលោក ព្រោះថាបើមនុស្សជាតិនាំគ្នាប្រព្រឹត្តតាមគោលសីលធម៌ ពិភពលោកមុខជានឹងមិនមានបញ្ហាវឹកវរយ៉ាងពិតប្រាកដមនុស្សជាតិនឹងមិនបៀតបៀនគ្នា មិនយកប្រៀបលើគ្នា មិនរងទុក្ខកម្សត់ទុគ៌ត និងមិនរស់នៅដោយភេរវភាពដូចសព្វថ្ងៃនេះទេ។
ប៉ុន្តែសង្គមមនុស្សពុំមែនមានសុខសន្តិភាពពិតប្រាកដឡើយ ព្រោះហេតុថា មនុស្សនៅខ្វះសីលធម៌ នៅព្រងើយកន្តើយចំពោះសីលធម៌នៅឡើយ ប្រការដែលសំខាន់គឺ នៅមិនទាន់ឃើញសារៈសំខាន់ពិតប្រាកដរបស់សីលធម៌ នៅឡើយ ទើបបានជាបណ្តែតបណ្តោយឲ្យអសីលធម៌ចូលមកមានឥទ្ធិពលលើខ្លួនគឺ បណ្តែតបណ្តោយខ្លួនឲ្យអន្ទោលទៅតាមអំណាចនៃចំណង់តណ្ហា ប្រព្រឹត្តកន្លងសីលធម៌ដោយឥតខ្មាស់អៀន ដូចជា គ្មានចិត្តមេត្តាករុណា ចូលចិត្តតែបណ្តុះពូជអំពើហិង្សា កាប់សម្លាប់បៀតបៀនគ្នា គំរាមកំហែងគ្នាយកចាញ់ឈ្នះគ្នាដោយកម្លាំងអាវុធ ដោយបកម្លាំងបក្សពួក ឬដោយកម្លាំងបាយ ខ្វះឧយ្យាមភាពក្នុងការធ្វើអាជីវកម្មដោយសុចរិតគិតតែពីអំពើ ឆបោក កេងប្រវ័ញ្ច ស៊ីសំណូកសូកប៉ាន់ ប្រព្រឹត្តអំពើពុករលួយ ស៊ីតាមខ្សែ លួចឆក់ប្លន់ យកប្រៀបគ្នា ជាដើម បុគ្គលដែលមានកិរិយាប្រព្រឹត្តបែបនេះ ឈ្មោះថា ជាជនខ្វះសីលធម៌ជនខ្វះសីលធម៌រស់នៅក្នុងក្រុមឬសង្គមណា ក្រុមឬសង្គមនោះមានតែបញ្ហាវឹកវរ ច្របូកច្របល់ គ្មានសេចក្តីសុខសាន្តឡើយ។
រីជនខ្វះសីលធម៌នោះគួរនាដូចជាដើមសាលព្រឹក្សដែលត្រូវពួរជ្រៃរួបរឹតសង្កត់សង្កិនទាំងដើមនិងគួរនាដូចជាត្រូវ ចោរចាប់ឃុំឃាំងជាចំណាប់ខ្មាំង សាលព្រឹក្សដែលត្រូវពួរជ្រៃរឹតរួតបែបនេះតែងមិនចម្រើនលូតលាស់ មិនយូរក៏ត្រូវបញ្ឈរដើមងាប់ទៅ មនុស្សដែលត្រូវចោរឃុំឃាំងតែងគ្មានសេរីភាពឬឥស្សរភាពជារបស់ខ្លួនឯងទេទោះបីនឹងធ្វើអ្វីក៏មិនបាន យ៉ាងណាមិញ ជនដែលត្រូវអសីលធម៌គ្របសង្កត់ក៏យ៉ាងនោះដែរគឺក្លាយជាទាសភាពនៃអំពើគម្រក់ថោកទាបដែលខ្លួនជាអ្នកបង្កឡើងជារៀងរហូតទៅទាំងបានទទួលផលវិបាកនៃបាបកម្មគឺ ទុក្ខទោម្នេញកង្វល់ខ្វល់ព្រួយ និងបញ្ហាក្តៅក្រហាយជារឿយៗ ខ្លួនឯងហាក់នឹងថា គ្មានសេរីភាពឬឥស្សរភាពឡើយ ហេតុនោះ កាលបើត្រូវការសុភមង្គល សន្តិភាព សេរីភាព ឬ ឥស្សរភាពខាងផ្លូវចិត្តបុគ្គលមិនគប្បីប្រព្រឹត្តកន្លងសីលធម៌ឡើយ មិនធ្វើខ្លួនឲ្យជាមនុស្សខ្វះសីលធម៌ គឺមិនធ្វើខ្លួនឲ្យដូចជាដើមសាលព្រឹក្សដែលត្រូវពួរជ្រៃរួបរឹតនិងមិនធ្វើខ្លួនឲ្យដូចជាត្រូវចោរឃុំឃាំងឡើយ។
សង្គមមនុស្សនឹងសុខដុមរមនាបានព្រោះអាស្រ័យសីលធម៌ បើខ្វះសីលធម៌សង្គមមនុស្សមានតែបញ្ហាក្តៅក្រហាយដំណោះស្រាយបញ្ហាក្តៅក្រហាយផ្សេងៗក្នុងពិភពលោកត្រូវចាប់ផ្តើមត្រង់ការធ្វើឲ្យមនុស្សមានសីលធម៌ ប្រព្រឹត្ត តាមគោលសីលធម៌ឲ្យបានច្រើនបើសីលធម៌ត្រូវបានយកមកប្រើជាគោលការណ៍ក្នុងការទ្រទ្រង់ជីវិត និងក្នុងការធ្វើការងារផ្សេងៗ ធានាបានថា សន្តិសុខក្នុងក្រុមឬសង្គមមុខជានឹងកើតមានយ៉ាងពិតប្រាកដ។
"
No comments:
Post a Comment