ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Thursday, September 30, 2010

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់រដ្ឋបាល​ រវាងរាជធានីនិងខេត្តកណ្តាល

ព្រះរាជក្រឹត្យកែសំរួលព្រំប្រទល់​រដ្ឋបាល រវាង​​រាជធានី​និង​ខេត្តកណ្តាល

រាជធានីភ្នំពេញ ៖ ព្រះ​រាជក្រឹត្យ​ឡាយព្រះ​ហស្តលេខាដោយ​ព្រះមហាក្សត្រ​ថ្ងៃទី២០ កញ្ញា ត្រូវ​បាន​ប្រកាស​ដោយ​កាត់​យកឃុំ​ចំនួន២០​នៃ​ខេត្ត​កណ្តាលបញ្ជូលមកក្នុង​រាជ​ធានី​ភ្នំពេញគឺ៖
  1. ឃុំព្រែកព្នៅ​ ឃុំសំរោង​ និងឃុំ​ពញា​ពន់ ស្រុកពញាឮ ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូល​មក​ក្នុង​ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ ។ 
  2. ឃុំ ពន្សាំង ឃុំស្នោរ ឃុំ​ឪឡោក ឃុំបឹង​ធំ​ ឃុំកំបូល និងឃុំ​កន្ទោក ស្រុកអង្គស្នួល ខេត្ត​កណ្តាល ត្រូវ បានបញ្ចូល​មកក្នុងខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។
  3. ​ឃុំ​គង​នយ ឃុំទៀន ឃុំរលូស ឃុំស្ពានថ្ម និង​ឃុំ​ព្រែក​កំពឹស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ​​ត្រូវ​បានបញ្ចូលមកក្នុងខណ្ឌដង្កោ​​ រាជ ធានីភ្នំពេញ​។ 
  4. ​ឃុំ​វាលស្បូវ ឃុំព្រែក​ឯង ឃុំ​ក្បាលកោះ និង​ឃុំ​ព្រែកថ្មី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ត្រូវ​បាន​បញ្ចូល​មកក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។ 
  5. ឃុំបាក់ខែង និង ឃុំកោះ​ដាច់ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ត្រូវ​បានបញ្ចូលមកក្នុង​ខណ្ឌ​ប្ញស្សីកែវ​ រាជ​ធានី​ភ្នំពេញ ។​ 
កាលពីថ្ងៃ២៨​ កញ្ញា សាលារាជធានីភ្នំពេញក៏បានជំរុញការងារនេះដែរ ៕

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​: "

នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​តំណាង​កម្មករ​​និង​មេ​ដឹកនាំ​សហជីព​ ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៏​មុន​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​ឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។​ សេចក្តី​អធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​GMAC​ បាន​ច្រាន​ចោល​សំណើ​របស់​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ដែល​បាន​សុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង​កម្មករ​ ចំពោះ​ការ​ធ្វើ​កូដកម្ម​ពី​តុលាការ​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ។​ តំណាង​សហជីព​ បាន​ស្វាគមន៏​ដល់​សំណើរ​បស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ចង់​ឱ្យ​មាន​វិធានការ​ទាំង​ឡាយ​ ដែល​ត្រូវ​រក​ការ​ស្រុះស្រួល​គ្នា​តាម​រយៈ​ ការ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​បញ្ឃប់​ការប្តឹង​ផ្តល់​គ្នា។

«ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ ចំពោះ​កម្មករ​ និង​មេដឹកនាំ​សហជីព ​ហើយ​សុំ​គ្រប់​រោងចក្រ​មេត្តា​ទទួល​យក​កម្មករ​ឱ្យ​ចូល​ធ្វើការ​វិញ។​ នេះ​គឺ​ជា​​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចាក់​ថា​ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ ការ ធ្វើ​កូដកម្ម​នៅ​តែ​បន្ត។

«ថៅកែ​រោងចក្រ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ ប្រាក់ឈ្នួល​ និង​ប្រាក់​កម្រៃ​ផ្សេងៗ។​ បើ​ ថៅកែ​រោងចក្រ​អាច​ដំឡើង​បាន​ ថៅកែ​ខិតខំ​ដំឡើង។​ ឯ​កម្មករ​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ឱ្យ​បានល្អ ​ដើម្បី​រោង ចក្រ​បាន​ចំណេញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែងថា ​នេះ​ជា​កាយវិការ​មួយ​ដ៏ត្រឹមត្រូវរ​បស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ។

«តំណាង​កម្មករ​ និង​សកម្មជន​ប្រមាណ​ ១៥០​នាក់​ មក​ពី​១៧​រោងចក្រ​នៅ​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ ត្រូ​វបាន​ប្តឹង​ទៅ​តុលាការ ​និង​មិន​ឱ្យ​ចូល​ធ្វើការ»។

លោក​ ខេន លូ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​បដិសេធ​ការ​អធិប្បាយ​អំពី​ប្រសាសន៏​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​បញ្ជាក់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ពី​តុលាការ​ទេ។

មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ទទួល​បាន​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​នឹង​ធ្វើការ​ពិនិត្យ​ទៅ​តាម​ផ្លូវ​ច្បាប់។

សហជីព ​និង​រោងចក្រ​កាត់ដេរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដែល​មាន​ប្រាំបួន​ចំណុច​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ឯកភាព​ដំណើរការ​ជំហ៊ាន​ជា​បន្តបន្ទាប់​ ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​ទាំង​ប្រាំបួន​នេះ​រួមមាន​ ការ​លើក​ទឹកចិត្ត​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​កម្រិត​សហគ្រាស​ ដើម្បី​ពិភាក្សា​ការផលិត​ជាថ្មី​និង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៅ​កម្រិត​សហគ្រាស។

ដំណោះស្រាយ​ជម្លោះ ​និង​អធិការកិច្ច​ការងារ។​ ភាគី​ទាំងអស់​ឯកភាព​អនុវត្ត​នូវ​ការ​ស្រាវជ្រាវ​រួមគ្នា​ រក​ការពិត​អំពី​ប្រេវ៉ាឡង់ ​និង​ចរឹក​នៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​

ថៅកែ​រោងចក្រ ​និង​សហជីព​ប្តេជ្ញា​ស្វែង​រក​ឱកាស​ភ្ជាប់​កិច្ច ​សន្យា​ដោយ​សេចក្តី​ជឿ​ទុកចិត្ត ​និង​ការ ចរចា​ថ្នាក់​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ផលិតភាព​កាន់តែ​ប្រសើរ​ ហើយ​ភាគី​ទាំងអស់​ឯកភាព​ពិភាក្សា​លើ​ដំណើរការ​ជ្រើសរើស​អាជ្ញា​កណ្តាល​ ដើម្បី​ធានា​នូវ​សេចក្តី​ជឿ​ទុកចិត្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​គ្រប់​ភាគី៕
"

Wednesday, September 29, 2010

សីលធម៌​និង​គ្រាប់​បាយ?

សម្រាប់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការងារ​រាជការ (ឬ​ហៅ​សាមញ្ញថា ការងាររដ្ឋ) អ្នក​ណាក៏​ដឹង​ដែរ​ថា ប្រាក់​ខែ​ដែល​ពួក​គាត់​ទទួល​បាន​ពី​រដ្ឋដែល​រក​​ប្រាក់​ចំណូលបាន​​ពី​ការ​ទារ​ពន្ធ​​​​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុម​ហ៊ុន​​ជាដើម​នោះ សុទ្ធ​តែដឹង​ថា ប្រាក់​ខែ​របស់​គាត់​ពិត​​ជា​ចាយ​មិនគ្រាន់​ទេ។

ចុះ​ហេតុ​អ្វី​ពួក​គាត់​អាច​រស់​នៅ​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? បញ្ញា​នេះ​​គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​គឺ​ពួក​​គាត់​អាច​​ឆ្លៀត​ពេល​ពី​ការងារ​ស្នូលរបស់​គាត់​ទៅ​ រកការងារបន្ទាប់​បន្សំ​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​ប្រពន្ធ ផ្គត់​ផ្គង់​កូន​រៀន​សូត្រ និង​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​បន្ត​ជីវិត​រស់​នៅ។

ចុះ​រឿង​ខាង​ក្រោម​នេះ​របស់​មន្ត្រី​នគរបាល​វា​យ៉ាង​ម៉េច​ដែរ? តាម​ខ្លឺមសារ​នៃ​អត្ថ​បទ​ចុះ​ផ្សាយ​របស់​​កាសែត​កោះ​សន្តិភាព​ ខេមរា​សូម​ឯកភាពថា​ វាអញ្ចឹង​មែន។ ដូច្នេះ​ខេមរា​ក៏​សូម​សួរថា តើ​នេះ​ជា​បញ្ហា​របស់​បុគ្គល ឬ​ជា​បញ្ហា​របស់​សង្គម? ខេមរា​យល់ថា មួយ​ផ្នែក​តូច​ជា​បញ្ហា​របស់​បុគ្គល រី​ឯមួយ​ផ្នែក​ធំ​ទៀត​ជា​បញ្ហា​របស់​សង្គម ឬ​បញ្ហា​គ្រប់​គ្រង​របស់​រដ្ឋ ព្រោះថា ប្រសិន​បើ​រដ្ឋ​គ្រប់​គ្រង​បាន​ល្អ ផ្ដល់​​ប្រាក់​ខែ​គ្រប់​គ្រាន់​ មាន​មន្ត្រី​មាន​សមត្ថ​ភាព​ ក្នុង​ការបំពេញ​ការងារ ដូច្នេះ​​ខ្ញុំ​ជឿថា បញ្ហា​ក៏នឹង​គ្មាន​កើត​ឡើង​បែប​នេះ​ទេ។ តើ​លោក​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?​

សូម​អាន​អត្ថបទ​របស់​កាសែត​កោះ​សន្តិ​ភាពទាំង​ស្រុង​ដូច​ខាងក្រោម​នេះ៖

ឡី ចាន់​ឆាយ៖ តើ​ថ្លៃ​ថ្នូរ​ឬ​ទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​«ស៊ីញ៉េ»វត្ត​មាន​ហើយ​ទៅ​ផ្ទះ​វិញ?: "លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍
ខេត្ត​ប៉ៃ​លិន ៖ លោក​ឡី ចាន់​ឆាយ ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ចំពោះ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​របស់​លោក​ថា តើ​មន្ត្រី​នគរ​បាល​យើង​​នៅ​មាន​ភាពថ្លៃ​ថ្លូរ ឬទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​ទៅ​ផ្ទះ​វិញ​នោះ? លោ​កបាន​​មាន​ប្រសាសន៍​​ដូច្នេះ​ក្នុង​​ឱកាស​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ខែ​កញ្ញា ​និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​សំរាប់​ខែ​តុលា ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​​មក​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃ​លិន ។

លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ការរាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​មួយ​ចំនួន​ដែល​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​​ក៏​​គេច​​ទៅ​​ផ្ទះ​បាត់​មិន​នៅ​ធ្វើ​ការ​ ។ ជាក់​ស្តែង​សូម្បី​តែ​ពេល​ប្រជុំ​នេះ ​ក៏​ដូច្នេះ​ដែរ ​មាន​មន្ត្រី​នគរ​បាល​ខ្លះ​ស៊ី​ញ៉េវត្ត​មាន​ ហើយ​មិន​ចូល​រួម​ប្រ​ជុំ​ទេ ស្មាន​តែ​លោក​មិន​ដឹង​​ឬ​​ថា អ្នក​ណា​មាន​មុខ​ប្រជុំ អ្នក​ណា​មិន​ចូល​រួម​ប្រជុំ​នោះ? ។ នេះ​បង្ហាញ​ថា វិន័យ​​របស់​មន្ត្រី​នគរ​បាល​យើង​នៅ​មាន​ភាព​ធូរ​រលុង​ជា​ខ្លាំង​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​បាន​ឆាប់​រហ័ស ។ យើង​ជា​កូន​ចៅ​របស់​ប្រជា​ជន​ ជា​មន្ត្រី​របស់​រដ្ឋា​ភិបាល​​ស៊ី​ប្រាក់​ខែ និង​ស្លៀក​​ពាក់​ខោ​អាវ​រដ្ឋា​ភិបាល​ ដូច្នេះ​ត្រូវ​តែ​បំរើ​ប្រជា​ជន​ បំរើ​រដ្ឋា​ភិបាល​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ទាំង​អស់​នេះ ។

លោក​ស្នង​ការ​បាន​បន្ត​ថា បញ្ហា​ទាំង​នេះ​អាច​មក​ពី​ប្រធាន​ការិយា​ល័យ​នីមួយៗ​ផង​ដែរ ។ ពេល​ខ្លះ​អាច​ប្រធាន​ការិយា​ល័យ​មិន​បាន​ប្រគល់​ការ​ងារ​ភារ​កិច្ច​ឱ្យ​គេ​ធ្វើ ដោយ​សារ​​​ការ​ងារ​ខ្លះ​មាន​លុយ​កាក់​បន្តិច​បន្តួច​ក៏​សំងំ​ធ្វើ​តែ​គ្នា​ឯង​ប៉ុន្មាន​នាក់​​ហ្នឹង​​ទៅ​ មិន​ចែក​គេ​ធ្វើ​​ទេ លុះ​ដល់​គេ​មក​ធ្វើ​ការ​មួយ​ថ្ងៃ​គ្មាន​ការ​ងារ​អ្វី​ធ្វើ ពីរ​ថ្ងៃ​គ្មាន​ការ​ងារ​ធ្វើ ​យូរៗ​ទៅ​ក៏​ណាយ​ហើយ​ក៏​​ធ្វើ​បែប​ហ្នឹង​ទៅ ។ ដូច្នេះ​ទាំង​ប្រធាន​ការិយា​ល័យ​ទាំង​ស្នង​ការ​រង​ទទួល​ផែន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​កែ​ប្រែ​លើ​បញ្ហា​ទាំង​អស់​នេះ និង​ត្រូវ​ក្តាប់​​ឱ្យ​បាន​ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ហៅ​មក​ណែ​នាំ​ បើ​នៅ​តែ​មិន​កែ​ប្រែ​ត្រូវរាយ​ការណ៍​មក​ថ្នាក់​លើ ដើម្បី​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ៕
"

Tuesday, September 28, 2010

អ្នក​ប៉ៃលិន​អះអាង​ថា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជា​អ្នក​ស្នេហា​ជាតិ

ព័ត៌មាន​ពី វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក, ថ្ងៃច័ន្ទ, 27 ខែកញ្ញា 2010, ដោយ ពេជ្រ សំណាង វីអូអេ​​ ខ្មែរ​ | ភ្នំពេញ

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ ហើយ​មិន​មែន​ជា​ឃាតករ​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​២លាន​នាក់​នោះ​ទេ។ ដូច្នេះ​ ពួកគេ​បាន​ស្នើ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ស្រាវជ្រាវ​រក​ភស្តុតាង​បន្ថែម​ ទៀត​ជុំវិញ​សំណុំ​រឿង​ក្តី​លេខ​០០២​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អតីត​មេដឹកនាំ​ កំពូលៗ​ទាំង​នោះ ដើម្បី​ស្វែង​រក​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ។
អាន​ត...

Monday, September 27, 2010

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម

កម្មករ​ជិត​៣០០​នាក់​ត្រូវ​ព្យួរ​និង​បញ្ឈប់​ពី​ការងារ​ក្រោយ​កូដកម្ម: "មេដឹកនាំ​សហជីព​កម្មករ​បាន​ឲ្យ​បាន​ដឹង​ថា មាន​តំណាង​សហជីព និង​សកម្មជន​កម្មករ​ជិត ៣០០​នាក់ នៅ​តាម​បណ្ដា​រោង​ចក្រ​នានា ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ព្យួរ និង​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម កាល​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១០។"

ទិវា​សិទ្ធិ​ទទួល​ព័ត៌មាន

 សូមចុច​លើ​រូប​ដើម្បី​ពង្រីក​។

Sunday, September 26, 2010

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង

ផ្ទះពលរដ្ឋ​នៅ​តំបន់​បឹងកក់​ត្រូវ​កប់​​នឹ​ង​លិច​ទឺក​ដោយសារ​ក្រុមហ៊ុន​ចាក់ដី​បំពេញ​បឹង: "

ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​កំពុង​រងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​បូម​ខ្សាច់​ចាក់​បំពេញ​បឹង។​ ឥឡូវ​នេះ​យ៉ាង​តិច​មានផ្ទះ​ចំនួន​ពីរ​កំពុង​កប់​ក្នុង​ភក់ខ្សាច់​ និង​ផ្ទះ​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​លិចលង់។​ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា​ ​ប្រសិន​បើ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​មិន​ជួយ​អន្តរាគមន៍​ទេ​ ​ផ្ទះ​របស់​អ្នក​ស្រុក​ជា​ច្រើន​នឹង​កប់​ក្នុង​ភក់​ខ្សាច់។


«ខ្ញុំ​ជា​ស្រ្តី​មេមាយ។ ​ប្តី​ខ្ញុំ​ធ្វើ​ប៉ូលិស​ជាង​២០​ឆ្នំា​ ​ហើយ​គាត់​ស្លាប់​ចោល​ខ្ញុំ​ជាង​បី​​បួន​ឆ្នាំ​មក​ហើយ។ ​នៅ​តែ​ដី​មួយ​ដុំ​ហ្នឹង​ទេ​ ដែល​ខ្ញុំ​ដោះស្រាយ​ជីវភាព​ខ្ញុំ»។


អ្នកស្រី​ឃុន សេរី ​អាយុ​៥៣ឆ្នាំ​ ជា​ស្រ្តី​មេមាយ​មាន​កូន​ម្នាក់​ ​រស់​នៅ​ក្នុង​ភូមិ​១ ​សង្កាត់​ ​ស្រះចក​ ​ក្រុង​ភ្នំពេញ។


អ្នកស្រី​គឺ​ជា​ជន​រងគ្រោះ​មួយរូប​​ក្នុង​ចំណោម​ជន​រងគ្រោះ​ចំនួន​២៣៤​គ្រួសារ​ផ្សេង​ទៀត​រស់​នៅ​ក្នុង​ភូមិ​នេះ​ ​ដោយសារ​តែ​ការ​អភិវឌ្ឍ​​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន។


កាល​ពី​សប្តាហ៍​មុន​ ​ក្រុមហ៊ុន​ស៊ូកា​កូអ៊ីន​របស់​លោក​ឧកញ៉ា​ឡៅ ម៉េងឃីន​ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បន្ត​បូម​ដី​ដើម្បី​លប់​ផ្ទៃ​បឹង​កក់។


ដី​ដែល​បាន​បូម​ចេញ​ពី​ទុយោនោះ​បាន​កប់​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​បន្តិច​ម្តងៗ​ ​នៅក្នុង​ខណៈ​​ពេល​ដែល​ផ្ទះ​ផ្សេង​ទៀត​កំពុង​តែ​ប្រឈម​មុខនឹង​ការ​លិចលង់។


អ្នកស្រី​ឃុន សេរី​បាន​ចង្អុល​ទៅលើ​ភក់​ខ្សាច់​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នកស្រី​ ​ហើយ​អ្នកស្រី​បាន​និយាយ​ថា​ ​​កាល​ពី​មុន​អ្នកស្រី​មិន​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ទេ។​ ឥឡូវនេះ​ ​ផ្ទះ​ទាំង​មូល​ស្ទើរតែ​គ្រប​ដណ្តប់​ដោយ​ភក់។


«ពីមុន​មក​ ​ដី​ខ្ញុំ​ដី​គោក​ទេ។​ ​មិនមែន​ដី​អញ្ចឹង​ទេ។ ​ហើយ​ខ្ញុំ​រស់​នៅ​ទីនេះ​យូរ​ហើយ។ ​គ្រួសារ​ខ្ញុំ ​គាត់​ធ្វើ​ប៉ូលិស។ ​ឥឡូវ​គាត់​ស្លាប់​ហើយ»។


នៅ​ជាប់​នឹង​របង​ផ្ទះ​របស់​អ្នកស្រី​ឃុន សេរី ​មាន​សិប្បកម្ម​បណ្តុះ​ផ្សិត​មួយ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ឃី រ៉េត។


អ្នកស្រី​ឃី រ៉េត ​អាយុ​៥១​ឆ្នាំ​បាន​និយាយ​បណ្តើរ​យក​ដៃ​ទៅ​ចង្អុល​សិប្បកម្ម​បណ្តុះ​ផ្សិត​របស់​អ្នកស្រី​ ដែល​បាន​បិទទ្វារ​មិន​ឲ្យ​ដំណើរការ​ជាយូរ​មក​ហើយ។


អ្នកស្រី​បាន​និយាយថា ​សិប្បកម្ម​នេះ​បាន​ផ្អាក​អស់​រយៈ​ពេល​បួនខែ​មកហើយ​ ​ដោយសារ​តែ​មាន​សត្វ​ល្អិត​បំផ្លាញ​ផ្សិត​របស់​អ្នកស្រី។


អ្នកស្រី​ឃី រ៉េត​បាន​និយាយ​ទៀត​ថា​ ​សត្វ​ល្អិត​ទាំងនេះ​បាន​កើត​ឡើង​ចេញពី​ផ្ទៃ​ទឹក​បឹង​ ​ដោយសារ​តែ​ការ​ចាក់​ទឹក​បំពេញ​​តាមរយៈ​ការ​បូម​ខ្សាច់​នេះ។


«ជួប​បញ្ហា​តាំង​ពី​បូម​ទឹក​ឡើង​មក​អញ្ចឹង​ទៅ​ ​ហើយ​អាសត្វ​ម៉ម៉ុង​ ​វាឡើង​ទៅ​រោម​ផ្សិត​ខ្ញុំ។ ​អញ្ចឹង​ទៅ​ ពេល​ដែល​វា​លូត​ចេញ​មក​ ​គឺវា​ខូច​ណា៎ ​ចា! ​វា​ទៅ​ជា​ដូច​ដង្កូវ​ ​ធ្វើ​វា​អត់​បាន​ផល។ ​ពេល​ដែល​វា​ចេញ​ច្រើន​ចំរុះ​ ​យើង​ធ្លាប់​មួយ​ថ្ងៃ​បាន​ផល​ ​មួយ​ថ្ងៃ​យើង​លក់​បាន​មួយ​លាន​ដែរ»។


រហូត​មក​ដល់​ពេល​នេះ​ ​ការ​បូម​ខ្សាច់​ដើម្បី​ចាក់​បំពេញ​ផ្ទៃ​បឹង​ដោយ​​ក្រុមហ៊ុន​ស៊ូកាកូអីន​​បាន​ប្រមាណ​៥០% ​ហើយ។


ប្រជា​ពលរដ្ឋ​ប្រមាណ​រាប់ពាន់​គ្រួសារ​ ​ដែល​បាន​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ និង​នៅ​លើ​គោក​ ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​ថា​ ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់លិច​ផ្ទះ​របស់​ពួក​គេ​ ​ហើយ​ទឹក​នោះ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ខ្លួន​ឈឺ។


អ្នកស្រី​លី មុំ ​អាយុ​៤៥​ឆ្នាំ​ ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​អ្នកស្រី​​បាន​ដក់​ទឹក​រាប់ខែ​មក​ហើយ​ ​ដោយ​សារ​តែ​ទឹក​នេះ​បាន​ជ្រាប​ចេញ​ពី​ទឹក​បឹង។


អ្នកស្រី​បាន​និយាយ​ទៀត​ថា​ ​កូន​របស់​អ្នកស្រី​បាន​កើត​រមាស់​ជើង​ ​ដោយសារ​តែ​ដើរ​ឆ្លង​កាត់​ទឹក​ដែល​មាន​ក្លិន​ស្អុយ​នេះ។


«ប៉ះពាល់​ដល់​សុខភាព។ ​កូនខ្ញុំ​ដើរ​លុយទឹក។​ ​ទំរាំ​តែ​អាទឹក​ហ្នឹង​វា​ជ្រាប​អស់ទៅ​ ​វា​នៅ​សល់​ដក់​ ដោយ​ដុំ​ហ្នឹង។​ ​យើង​កើត​រមាស​ជើង​ ​រមាស​ដៃ​ក្មេងៗ។ ​ ​ហើយ​ខ្ញុំ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​ដាក់​នៅ​ផ្ទះ​ម្តាយ​ខ្ញុំ»។


ចំណែក​អ្នកស្រី​ផាត ចិន្តា​ អាយុ​២២​ឆ្នាំ​ ​ដែលកំពុង​តែ​ស្អំ​ទឹក​កក​នៅ​លើ​ក្បាល​ជាមួយ​និង​កូន​ស្រី​តូច​មួយ​អាយុ​ប្រមាណ​មួយ​ឆ្នាំ​ ​បាន​និយាយថា​ ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ​ ​ដោយសារ​តែ​ក្លិន​ភាយ​ចេញ​ពី​ទឹក​បឹង។


«ទឹក​លិច។ ​ដោយសារ​ក្លិន​ស្អុយ​ពេក​ ​ឈួល​មក​ ​កូន​ក៏​ឈឺ​ ​ព្យួរ​សេរ៉ូម។ ​ហើយ​យប់មិញ​ក្តៅ​ទៀត»។


ក្រុមហ៊ុន​ស៊ូកាកូអ៊ីន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួល​ដី​បឹងកក់​រយៈពេល​៩៩​ឆ្នាំ​លើ​ទំហំ​ផ្ទៃ​ដី​សរុប​ប្រមាណ​១២៦​ហិកតា។


ក្រុមហ៊ុន​នេះ​មាន​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​ ​សណ្ឋាគារ​ ​ ផ្ទះ​ល្វែង​និង​ផ្សារ​ ទំនើបៗ។


លោក​សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​តំបន់​បឹងកក់​នេះ​បាន​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​ដែរ​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​អភិវឌ្ឍ​​នេះ។


«ក្រុមហ៊ុន​ ​គាត់​ពុំ​បាន​ចរចា​ ​ឬ​ក៏​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ទេ​ ​គឺ​គាត់​គិត​តែ​ពី​បូម​ខ្សាច់​បង្ហូរ​ ​ធ្វើ​ឲ្យ​លិច​លង់​ ​ធ្វើ​ឲ្យ​ស្ទះ​បង្គន់​ ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​រស់នៅ​តែ​ម្តង»។


លោក​សៀ ភារម្យ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ​ ​យ៉ាង​តិច​ មាន​ប្រជាជន​ចំនួន​២៥.០០០​នាក់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍន៍​របស់​សាលា​ក្រុង​ភ្នំពេញ។


លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​មាន​សហគមន៍​ចំនួន​៧៤​នៅ​ក្នុង​ចំណោម​៤០០​សហគមន៍​ផ្សេងៗ​ទៀត​​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​ឲ្យ​បង្ខំ​រុះរើ​ផ្ទះ​សម្បែង​ចេញ។


លោក​កែប ជុតិមា​ ​អភិបាល​ក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​កំពុង​ជាប់​រវល់៕

"

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី

អ្នក​ស្រុក​នៅ​កណ្ដាលស្ទឹង​ធ្វើ​ពិធី​បុណ្យ​ដាក់​បណ្ដាសា​អ្នក​រំលោភ​ដី: "ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ បាន​យក​ពិធី​កាន់​បិណ្ឌ ធ្វើ​ជា​ពិធី​បុណ្យ​ដាក់​បណ្ដាសា​ទៅ​វិញ ព្រោះ​ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ជម្លោះ​នោះ។"

Wednesday, September 22, 2010

សេចក្ដិ​ថ្លែង​ការណ៍​រួម

បញ្ឈប់​ការ​បំភិត​បំភ័យ​និង​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាកា​រ​មក​លើ​កម្មករ​សហជីព​និង​មេដឹក​នាំ​សហជីព


Saturday, September 4, 2010

ត្រូវចេះគិត​ឲ្យ​បាន​ត្រឹមត្រូវ

ព្រះពុទ្ធ​លោក​បាន​បន្សល់​ទុក​នូវ​ព្រះពុទ្ធឱវាទ​ល្អៗ​ជាច្រើន។ នៅ​ពេល​នេះ​ខ្ញុំ​សូម​​រំលឹក​ព្រះ​ពុទ្ធ​ឱវាទ​មួយ​ឃ្លា​​​ដែល​មាន​ន័យថា​៖ "មិន​ត្រូវ​ជឿ​នូវ​អ្វី​ដែល​អ្នក​​គ្រាន់​តែ​ឮ​នោះ​ទេ ប៉ុន្តែ​ត្រូវ​គិត​​ និង​រកភស្តុតាង​យ៉ាង​ត្រឹម​ត្រូវ​ថា​ តើ​​វា​ពិត​និង​ត្រឹម​​ត្រូវ​ដូច​បាន​ឮ​នោះ​ទេ"។​

ខាង​ក្រោម​នេះ​​គឺ​ជា​កំណាព្យ​មួយ​ដែល​ខេមរា​បាន​ឃើញ​នៅ​ក្នុង KI Media។ ដោយ​សារ​ខេមរា ជាមនុស្ស​កើត​ជំនាន់ ដូច្នេះ​មិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នយោបាយ​ ដូចដែល​បាន​និយាយ​នៅ​ក្នុង​កំណាព្យ​នេះទេ និង​ដោយ​សារ តែ​យោង​ទៅ​លើ​ ព្រះ​ពុទ្ធ​ឱវាទ​ខាង​លើនេះ ខ្ញុំ​​គ្រាន់​តែ​លើក​វា​មក​បង្ហាញ​ជូន​ឯក​ឧត្តម លោក​ជំទាវ លោក លោក​ស្រី អ្នក​កញ្ញា និង​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​ ជួយ​គិត និង​ពិចារណា​មើល​តាម​ស្ថាន​ភាព​បែបបខ្មែរមែនៗ​មើល​​​ថា តើ​កំណាព្យ​នេះ​ពិត​ឬ​មិន​ពិត។

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​​ពី​សាកល​វិទ្យាល័យ​ស.រ.អ.: "

សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បីល្បាញ​ពី​បណ្តា​សាកល​វិទ្យាល័យ​សហ​រដ្ឋ​អាមេរិក។


សាស្ត្រាចារ្យ​ខ្មែរ​ម្នាក់​គឺអ្នក​ស្រី​បណ្ឌិត ​ឆាន្នី​​ សាក់​ហាំហ្វ្រី​ ​ទទួល​បាន​រង្វាន់​កិត្តិយស​ដ៏​ល្បី​ល្បាញ​ពី​គណៈ​គ្រប់​គ្រង​សាកល​វិទ្យាល័យ​រដ្ឋ​ហាវ៉ៃ​ ​ចំពោះ​ការ​ដែល​អ្នក​ស្រី​បាន​រៀបចំ​កម្មវិធី​បង្រៀន​ភាសា​ខ្មែរ​​បាន​ល្អ​ ​ដល់​និស្សិត​មក​ពី​បណ្តា​ប្រទេស​និង​រដ្ឋ​ផ្សេងៗ​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​​ John Mayer ​នាយក​ការិយាល័យ​ផ្នែក​ភាសា​និង​អក្សរ​សាស្រ្ត​តំបន់​ប៉ាស៊ីហ្វិក-​ឥណ្ឌូចិន​របស់​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ ​កោះ​Manoa។


«កិច្ចការ​ទាំងអស់​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្រ្វី​ ទាក់​ទង​នឹង​ភាសា​ខ្មែរ​ដែល​អ្នក​ស្រី​ចំណាយ​ពេល​ជាង​២០​ ឬ​​២៥​​ឆ្នាំ​នេះ​ ​បាន​បង្កើត​ជា​កម្មវិធី​ដ៏​ល្អ​ឥត​ខ្ចោះ​បំផុត​ក្នុង​ស.រ.អ.»។


លោក​ថ្លែង​ប្រាប់​ ​VOA ​ផ្នែក​ខេមរ​ភាសា​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ ​ដោយ​យោង​ថា​ ​អ្នក​ស្រី​សាក់​ហាំហ្រ្វី​បាន​បង្កើត​កម្ម​វិធី​បង្រៀន​ភាសា​ខ្មែរ​ជា​សៀវភៅ​និង​ថាស ​​CD​ ​ហើយ​និង​បញ្ចូល​កម្ម​វិធី​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​ internet ​ដើម្បី​ឲ្យ​អ្នក​រស់​នៅ​កន្លែង​ផ្សេងៗ​ អាច​រៀន​ភាសា​ខ្មែរ​បាន។


អ្នក​ស្រី​ ឆាន្នី​ សាក់​ហាំហ្រី្វ​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង​អាយុ​៥៧ឆ្នាំ​ ​រស់​នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ​មាន​កូន​២នាក់​ ​បាន​មក​រស់​នៅ​ប្រទេស​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៧២​ ​ក្រោយ​ពី​ទទួល​​បាន​អាហា​រូបករណ៍​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ East ​West ​Center​ ​ហើយ​អ្នក​ស្រី​ជា​សាស្ត្រាចារ្យ​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ Hawaii​ University​ ​កោះ​Manoa​ ជា​ច្រើន​ឆ្នាំ​ហើយ​ ​មុន​ពេល​អ្នក​ស្រី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​ប្រទេស​អាមេរិក​ផ្នែក​ភាសាសាស្ត្រ។​ ​អ្នក​ស្រី​បណ្ឌិត​ឆាន្នី​ សាក់​ហាំហ្រី្វ​ទទួល​បាន​រង្វាន់ ​Regents’​ Medal ​For​ Excellence ​in Teaching​​ ឬ​ជា​រង្វាន់​មេដាយ​ដ៏ឆ្នើម​ក្នុង​ការ​បង្រៀន​ ​ពី​គណៈ​​អភិបាល​គ្រប់​គ្រង​សាកល​វិទ្យាល័យ​ទាំងអស់​ក្នុង​រដ្ឋ​ហាវ៉ៃ​ ​ប្រចាំ​ឆ្នាំ​២០០៨​​ និង​ឆ្នាំ​២០០៩។​​ អ្នក​ស្រី​ថ្លែង​ថា៖


«ខ្ញុំ​ស្ញើប​ចិត្ត​ខ្លួន​ឯង។​ ខ្ញុំ​មិន​សង្ឃឹម​ថា​ ​គេ​ទទួល​ស្គាល់​យើង​បាន​ប៉ុណ្ណឹង​ទេ​ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​បង្រៀន​ហ្នឹង​វា​៣០​ឆ្នាំ​ជាង​ហើយ។​ គេ​ឲ្យ​ប្រាក់​ខែ​ក៏​ខ្ញុំ​បង្រៀន​ ​គេ​មិន​ឲ្យ​ក៏​ខ្ញុំ​បង្រៀន។ វា​មិន​ជា​សំខាន់​ទេ។​ ​ក៏ប៉ុន្តែ​ដោយ​ឃើញ​ថា​ ​គេ​លើក​ស្ទួយ​អញ្ចឹង។​ គេ​ឲ្យ​រង្វាន់​អញ្ចឹង​ ​ខ្ញុំ​នឹង​មាន​ចិត្ត​តទៅ​ទៀត​ ​និង​ជួយ​ភាសា​ខ្មែរ​យើង​ហ្នឹង​ឲ្យ​បាន​ត​ទៅ​មុខ​ទៀត។​ អាហ្នឹង​គឺថា​ ​បើ​យើង​ខំ​ប៉ុណ្ណឹង​ ​គេ​សុំ​សរសើរ​យើង​ប៉ុណ្ណឹង។​ យើង​ត្រូវ​ខំ​តទៅ​ទៀត​ដើម្បី​ឲ្យ​អ្នក​ដ៏ទៃ​ទៀត​គ្នា​មាន​ លទ្ធ​ភាព​បង្រៀន​ភាសា​ខ្មែរ​យើង​នៅ​សាកល​វិទ្យាល័យ​ផ្សេងៗ»។


ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​ស្នាដៃ​ ​សម្ភារៈ​ ​ភស្តុតាង​នានា​ ​គណៈ​អភិបាល​សាកល​វិទ្យា​ល័យ​បាន​ផ្តល់​រង្វាន់​ដ៏​ឆ្នើម​នេះ​តាម​ការ​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ជា​មួយ​សាស្ត្រា​ចារ្យ​ភាសា​របស់​ប្រទេស​ផ្សេងៗ​ទៀត​ ​ដូច​ជា​ថៃ​ ឡាវ​ ​ភីលីពីន​ និង​ភាសា​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​ដែល​មាន​កម្ម​វិធី​បង្រៀន​ក្នុង​សាកល​វិទ្យាល័យ​​ហាវ៉ៃ​ផង​នោះ។


កម្ម​វិធី​បង្រៀន​ភាសា​ដល់​និស្សិត​បរទេស​ ​និសិ្សត​អាមេរិកាំង​ ​និស្សិត​ខ្មែរ​អាមេរិកាំង​ដែល​មិន​ចេះ​ភាសា​ខ្មែរ​ ​មាន​៤វគ្គ​ ​ដែល​ត្រូវ​រៀន​ពី​ស្រះ​ ​ព្យញ្ជនៈ​ ​ហើយ​រៀន​ប្រកប​ពាក្យ​ផ្សំ​ ​ពាក្យ​និយាយ​សន្ទនា​ ​ស្តាប់​ ​រៀន​វេយ្យករណ៍​ រៀន​សរសេរ​សាកល្បង​ពី​អ្វី​មួយ​ និង​រៀន​ពី​កម្មវិធី​ផ្សេងៗ​ទៀត។ ​អត្តបទ​ភាសា​ខ្មែរ​របស់​ VOA​ ផ្នែក​ខេមរ​ភាសា​ និង​សេចក្តី​រាយ​ការណ៍​ជា​សំឡេង​ក៏​ត្រូវ​ជ្រើស​រើស​យក​មក​ចាក់​ផ្សាយ​ឲ្យ​សិស្ស​​ស្តាប់​ដែរ​ ​នេះ​បើ​តាម​ការ​អះអាង​បន្ថែម​របស់​អ្នក​ស្រី​ឆាន្នី​ សាក់​ហាំហ្វ្រី​ ដែល​បាន​បន្ថែម​ថា​ ​និស្សិត​ត្រូវ​ចំណាយ​ពេល​រៀន​៤​ឆ្នាំ​ ​ទើប​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ការ​សិក្សា​​ ហើយ​ពេល​បញ្ចប់​នោះ​អាច​ចេះ​ស្ទាត់​ ​ប្រើការ​បាន​ទាំង​សរសេរ​ ​ស្តាប់​ និង​និយាយ។


លោក​ស្រី​បាន​អះអាង​ដែរ​ថា​ ​មាន​និស្សិត​ប្រមាណ​មួយ​ពាន់​នាក់​ហើយ​ដែល​បាន​ រៀន​ជា​មួយ​អ្នក​ស្រី​ ​ហើយ​មួយ​ចំនួន​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អ្នក​ស្រាវជ្រាវ​ ​ជាដើម​​​ ​ហើយ​ជា​ទូទៅ​មាន​និស្សិត​យ៉ាងតិច​៣០​នាក់​ដែល​រៀន​ភាសា​ខ្មែរ​ក្នុង​មួយ​ត្រីមាស។


កញ្ញា​ Mariko​ Miyahiya ​អាយុ​២៤​​ឆ្នាំ​ ​មក​ពី​ប្រទេស​ជប៉ុន​ ជា​និស្សិត​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Hawaii​ University។ នាង​​​ជា​សិស្ស​ផ្នែក​ភាសា​ខ្មែរ​របស់​សាស្រ្តា​ចារ្យ​ Channy​ Sak ​Humphry។​ នាង​​បាន​រៀន​ភាសា​ខ្មែរ​មួយ​ឆ្នាំ​ហើយ។ ​នាង​​បាន​និយាយ​សន្ទនា​ជា​ភាសា​ខ្មែរ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ពី​រដ្ឋ​ហាវ៉ៃ​ មក​ថា​ ​នាង​រៀន​ភាសា​ខ្មែរ​ ​ព្រោះ​នាង​មាន​មិត្តភ័ក្រ​ខ្មែរ​ច្រើន។ ​នាង​ចង់​ជជែក​លេង​ និង​ចង់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​ក្នុង​ថ្ងៃ​អនាគត។


«ខ្ញុំ​ចង់​រៀន​ទៀត​ដើម្បី​និយាយ​លេង​ជា​មួយ​គេ​ទៀត​ ​ហើយ​ខ្ញុំ​ចង់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ នៅ​អង្គការ​ដែរ»។


នៅ​ពេល​សួរ​ថា​ ​តើ​នាង​បាន​រៀន​ប៉ុន្មាន​ឆ្នាំ​ហើយ​ ​ចេះ​អ្វី​ខ្លះ​ហើយ​មក​ដល់​ពេល​នេះ?​ ​នាង​ Mariko ​បាន​ថ្លែង​ជា​ភាសា​ខ្មែរ​តប​មក​វិញ​ភ្លាមៗ​ថា​ ​«ខ្ញុំ​រៀន​ភាសា​ខ្មែរ​បាន​មួយ​ឆ្នាំ​ហើយ​ ​ហើយ​ខ្ញុំ​រំពឹង​ថា​ ​នឹង​ទៅ​រៀន​មួយ​ឆ្នាំ​ទៀត»។


នាង​ក៏​បាន​ថ្លែង​ដែរ​ថា​ ​នាង​ឧស្សាហ៍ស្តាប់​ VOA ​ខេមរ​ភាសា​ដែរ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ភាសា​ខ្មែរ​របស់​នាង។


អ្នក​ស្រី ​Channy ​Sak ​Humphry​ ដែល​អះអាង​ពី​ការ​ឆ្លៀត​បង្រៀន​តាម​​ Internet ​ដោយ​អត់​គិត​ថ្លៃ​នៅ​ពេល​ទំនេរ​នោះ​ ​បាន​បន្ថែម​ថា​ ​អ្នក​ស្រី​ចង់​ឲ្យ​កម្មវិធី​របស់​អ្នក​ស្រី​ផ្នែក​ភាសា​ខ្មែរ​នេះ​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​អាមេរិក​ឲ្យ​បាន​ច្រើន។


«ខ្ញុំ​ចូល​ចិត្ត​បង្រៀន​ ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ជា​ទូទៅ​ ​និស្សិត​​និង​មនុស្ស​ធម្មតា​ ​មិន​មែន​ថា​​​តែ​និស្សិត​សុទ្ធ​ទេ​ ​ចេះ​ដឹង​អំពី​ភាសា​ខ្ញុំ។ ​ភាសា​ខ្មែរ​យើង​យល់​ច្បាស់​អំពី​អក្សរ​សាស្ត្រ​ ​ភាសា​សាស្ត្រ​ និង​វប្បធម៌​ខ្មែរ​យើង»។


អ្នក​ស្រី​បាន​ថ្លែង​ថា​ ​នេះ​ជា​អ្វី​ដែល​អ្នក​ស្រី​អាច​រួម​ចំណែក​ជួយ​ប្រទេស​កម្ពុជា​ ពី​ចម្ងាយ៕

"

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry

សហគមន៍​អឺរ៉ុប​និង​អង្គការ​លីកាដូ​ពិភាក្សា​អំពី​កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry: "

មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ជូប​ប្រាស្រ័យ​គ្នា​ដើម្បី​ស្វែង​យល់​អំពី​កិច្ច​ព្រម ព្រៀង​​រវាង​ក្រុម​ហ៊ុន​ភ្នំពេញ​ Sugar Industry ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​ការ​នាំ​ស្ករស​ទៅ​​សហគមន៍​អឺរ៉ុប​ ​ ប៉ុន្តែ​មន្ត្រី​អង្គការ​លីកាដូ​និង​មន្ត្រី​សហគមន៍​អឺរ៉ុប​បាន​បដិសេធ​ ​មិន​បាន​បង្ហាញអំពី​លទ្ធផល​ជំនួប​នេះ​ទេ។


មន្ត្រី​សហគមន៍​អឺរ៉ុប​និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ ដើម្បី​ស្វែង​យល់​ពី​កិច្ច​ព្រម​ព្រៀង​រវាង​សហគមន៍​អឺរ៉ុប​ជាមួយ​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​​លី យ៉ុងផាត់ ​ក្នុងការ​នាំ​ស្ករស​ចេញទៅ​កាន់​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប។


មន្រ្តី​មក​ពី​សហគមន៍​អឺរ៉ុប​ និង​មន្រ្តី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ ពុំ​បាន​បញ្ជាក់​អំពី​ជំនួប​ផ្លូវការ​នេះ ​ថា​តើ​នឹង​ជជែក​អំពី​បញ្ហា​លម្អិត​អ្វីខ្លះ​នោះ​ទេ។


ក៏ប៉ុន្តែ​លោក​ Rafael Dochao Moreno ​ភារធារី​សហគមន៍​អឺរ៉ុប​ ​ត្រូវ​បាន​កាសែត​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ ​ឈ្មោះ​The Cambodia Daily​ ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​បាន​ប្រកាស​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ​ហើយ​ការ​ប្រកាសនេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បញ្ជប់​វេទិកា​របស់​សហគមន៍​​អឺរ៉ុប​ចំនួន​ពីរ​ថ្ងៃ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្តី​អំពី​បញ្ហា​សិទ្ធិ​មនុស្ស។


លោក​ Moreno ​បាន​និយាយ​ថា​ ​លោក​កំពុង​តែ​ធ្វើការ​វិភាគ​ទៅ​លើ​ស្ថានភាព​ពិត​ប្រាកដ​មួយ​ នៅ​ក្នុង​ខេត្ត​ទាំង​នោះ​ ​ហើយនេះ​គឺជា​អ្វី​ដែល​លោក​បាន​ធ្វើការ​វិភាគ។


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ទៅ​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ក្រុមហ៊ុន​ភ្នំពេញ​ SUGAR ​និង​កំពង់​ស្ពឺ ​SUGAR​ របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ ​មានច្បាប់អនុញ្ញាត​ត្រឹម​ត្រូវ​ពី​ក្រសួង​រុក្ខាប្រមាញ់ ​និង​នេសាទ។


ក្រុមហ៊ុន​កំពង់​ស្ពឺ ​SUGAR ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ចំនួន​ជាង​៩០០០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដាំ​ដើម​អំពៅ​ ដើម្បី​យក​ទៅ​ធ្វើស្ករស។ ​ឥឡូវ​នេះ​ក្រុមហ៊ុន​នេះ កំពុង​តែ​មាន​រឿង​ចម្រូង​ចម្រាស់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​អមលាំង​ ​ខេត្ត​កំពង់ស្ពឺ​ រឿង​វិវាទ​ដីធ្លី។


កាល​ពី​ថ្ងៃ​សុក្រ​​សប្តាហ៍​មុន​ ​កាសែត​ The Camboia Daily ​បាន​ចុះ​ផ្សាយ​ថា​ ​ពិធីសារ​ស្តីពី​ស្ករស​របស់​សហគមន៍​​អឺរ៉ុប​​ បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​ប្រជាជន​​មួយរូប​ គឺ​លោក​លី យ៉ុងផាត់​ ដែល​ពិធីសារ​នេះ​រំពឹង​ថា ​នឹង​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ទ្វេរ​ដង​​នៅ​ឆ្នាំ២០១២​ខាង​មុខ​នេះ។


លោក​ហេង សាន​ ​ជំនួយការ​របស់​លោក​លី យ៉ុងផាត់​ ​ត្រូវ​បាន​កាសែត​ដដែល​នេះ​ដក​ស្រង់​សម្តី​មក​ថា​ ​ការ​នាំ​ស្ករស​របស់​ក្រុម​ហ៊ុន​នេះ​សង្ឃឹម​ថា​ ​នឹង​កើន​ឡើង​រហូត​ដល់​២០​.០០០​តោន​នៅ​ឆ្នាំ​២០១១​និង​៤០.០០០​តោន​នៅ​ឆ្នាំ​២០១២។


នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ​ស្ករស​ចំនួន​១ម៉ឺន​តោន​ត្រូវ​បាន​ដឹក​​ទៅ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហ​កម្ម​អង់គ្លេស​ដ៏​ធំមួយ ​​ដែល​មាន​ឈ្មោះ​ថា​ ​Tate ​និង ​Lyle ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ពី​ការ​ប្រើប្រាស់​ពិធីសារ​ស្ករស​របស់​សហគមន៍​អឺរ៉ុប​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណេញ។


លោក​លី យ៉ុងផាត់ ​ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ ​និង​កំពង់ស្ពឺ​ SUGAR ​បាន​បដិសេធ​ថា​ ​ក្រុមហ៊ុន​របស់​លោក​មិន​បាន​ចុះ​ពិធីសារ​ក្នុង​ការ​នាំ​ស្ករស​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ទេ។


«បាទ​អត់មាន​ទេៗ»។


ចំណែក​លោក​យឹម សុវណ្ណ ​អ្នក​តំណារាស្រ្ត ​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ​សហគមន៍​អឺរ៉ុប​ ដែល​ជា​អ្នក​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គោរព​សិទ្ធិ​មនុស្ស​ទៅលើ​គ្រប់​ផ្នែក​ទាំងអស់​ ​គួរ​តែ​ពិនិត្យ​មើល​ក្រុមហ៊ុន​ណា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ការ​នាំយក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​របស់​ហគមន៍​អឺរ៉ុប​នោះ។


«សហគមន៍​អឺរ៉ុប​ហ្នឹង​​ពិនិត្យ​មើលផង​ ​ដើម្បី​ធ្វើ​ម៉េច​កុំឲ្យ​ការ​ដែល​ធ្វើ​អាជីវ​កម្ម​រក​ប្រាក់​ចំណេញ​ ​វា​ធ្វើ​នៅ​លើ​ខ្នង​របស់​រាស្រ្ត​ ឬ​មួយ​បាន​មក​ដោយសារ​តែ​កា​រគាប​សង្កត់​ ឬ​ជិះជាន់​កម្លាំង​ពលកម្ម​ ​ហើយប្រាក់​ចំណេញ​ដែល​មិន​ស្អាតស្អំ ​គួរ​ណាស់​តែ​ជួយ​ឲ្យ​សភា​ពិនិត្យ​មើល​ស្ថានភាព​ទាំង​អស់​ហ្នឹង»។


ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏មាន​ឥទ្ធិពល​មួយ​រូប​ ​កំពុង​មាន​ទំនាស់​យ៉ាង​ស្រួចស្រាល​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​អមលាំង ​ខេត្ត​កំពង់ស្ពឺ។


យ៉ាងតិច​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ដាក់​ពន្ធនាគារ​ ដោយសារ​តែ​ពួកគេ​ប្រឆាំង​ជំទាស់​ទៅនឹង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​កំពង់ស្ពឺ​ SUGAR ​ ​ដែល​ប្រជាពល​រដ្ឋ​បាន​ចោទប្រកាន់​ថា​ ​បាន​ប៉ះពាល់​ដល់​ដី​ស្រែ​ចំការ​របស់​ពួកគេ។ ទោះជាយ៉ាងណាក្តីពលរដ្ឋ​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ដោះលែង​មក​វិញ៕

"

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ: "

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយ​ពី​មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​នេះ​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ។ បណ្តឹង​នេះ​​ប្រឆាំង​នឹង​ជន​ពុក​រលួយ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ហាមឃាត់​ ​ការ​យក​ពន្ធដារ​លើ​យានយន្ត​គ្រប់​ប្រភេទ​លើស​តម្លៃ​រដ្ឋ​ និង​ជម្លោះ​ដីធ្លី។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​ទាំងអស់។


ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ប្រមាណ​៧០​សំណុំ​រឿង​ទាក់ទង​នឹង​មន្ត្រី​ពន្ធដារ​ ​តុលាកា​រ ​ប៉ូលិស​ និង​ជម្លោះ​ដីធ្លី​ ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុងខែ​សីហា​នេះ។


សមាជិក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១៤​រូប​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​លើក​ទីមួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លោក​សន ជ័យ ​អ្នក​សម្រប​សម្រួល​បណ្តាញ​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​៦០​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១០ ​ដើម្បី​ប្តឹង​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ទារ​ប្រាក់​លើស​ ​ដោយ​បង្ខំ​ប្រជា​ពលរដ្ឋ​ឱ្យ​បង់ប្រាក់​៦០០០​រៀល​ ជា​ជាង​តម្លៃ​ផ្លូវការ​របស់​រដ្ឋ​ចំនួន​៤៥០០​រៀល។


លោក​សន ជ័យ​បាន​បញ្ជាក់​ថា​ ​ពាក្យ​បណ្តឹង​ទាំងអស់​នេះ​មាន​ភស្តុតាង​ជា​ឈ្មោះ ​និង​អត្ត​លេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ ដែល​ទារ​យក​ប្រាក់​លើស​ពី​តម្លៃ​កំណត់​របស់​នាយក​ដ្ឋាន​ពន្ធដារ​ហើយ​ក្នុង​ពាក្យ​បណ្តឹង​នីមួយៗ​ ​មាន​អ្នក​ប្តឹង​ពី​៥​នាក់​ទៅ​១៥​នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់ប្រាក់​៥០០០​រៀល​ ​ជំនួស​តម្លៃ​រដ្ឋ​៣០០០​រៀល។


លោក​សន ជ័យ​បាន​បន្ត​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ត្រូវ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុង​ខែសីហា​នេះ​ដើម្បី​បញ្ឈប់ ​និង​ដាក់​ពិន័យ​ភ្នាក់ងារ​ពន្ធដារ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។


ខេត្ត​ដែល​មាន​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្តាល​ ​ខេត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​តាកែវ។


លោក​សន ជ័យ​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​សាក​ល្បង​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ឃើញ។


«អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន។ ​យើង​ចង់​ឃើញ​ការ​ប្រមូល​ពន្ធដារ​ប្រចាំ​ឆ្នាំ​នេះ​មាន​តម្លាភាព​ និង​ជា​គំរូ​មួយ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»។


លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ការពារ​សត្វព្រៃ ​និង​ធនធាន​ជាតិ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ថ្នាក់​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​២៤១​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​ជាតិ​ប្រាំបួន​នាក់​អំពី​ការធ្វើ​ពាណិជ្ជ​កម្ម​ឈើ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។


លោក​ជា ហ៊ាន​បាន​បញ្ជាក់​ថា​ ​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ពីរ​ទៀត​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​១៥០​នាក់​ ដែល​រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​១០​នាក់​ ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​១៦​នាក់​ និង​ឈ្មួញ​កណ្តាល​មួយ​ចំនួន​​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​​ខុស​ច្បាប់​នៅ​ឧទ្យាន​ជាតិ​បុទមសាគរ​ ​ខេត្ត​កោះកុង​ និង​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​៣០​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​១០​នាក់​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បូកគោ​ ខេត្ត​កំពត។


«ខ្ញុំ​មាន​ភស្តុតាង​ជា​ចម្លើយ​របស់​ជន​ល្មើស​ប្រព្រឹត្ត​ជាក់ស្តែង​ ​បាន​និយាយ​ថា​ ​មុន​ពេល​គាត់​ចូល​កាប់​ឈើ​ ឬ​ដឹក​ជញ្ចូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ ​គាត់​បាន​បង់ប្រាក់​ឱ្យ​មន្ត្រី​ឧទ្យានុ​រក្ស​បរិស្ថាន​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​តាម​ប្រភេទ​ម៉ាស៊ីន​អារ​ឈើ​តូច​ធំ»។


លោក​ជា ហ៊ាន​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​នាំ​ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។


«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​នោះ​​ដោយសារ​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កោះកុង​ ​និង​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​ឱ្យ​ចាត់ការ​មន្ត្រី​ពុករលួយ​នោះ​ ​តែ​ផ្ទុយ​ទៅវិញ​ ​តុលាការ​មិន​បាន​ចាត់​ការ​ទេ។ ​ដូច្នេះ​​ខ្ញុំ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀត។​ ​បើសិន​ជា​យើង​ប្រមូល​ភស្តុតាង​ ​ហើយ​បែរ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​រក​ពួក​ពុក​រលួយ​មិន​ឃើញ​ នោះ​ខ្ញុំ​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​​របស់​រដ្ឋា​ភិបាល»។


លោក​ស្រី​ម៉ម ស៊ីថា ​​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា​ ​លោក​ស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៥​ហិចតា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​នេះ។


លោក​ចាន់ សាវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​បញ្ជាក់​ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​តុលាការ ​ ​ប៉ូលិស ​និង​ជម្លោះ​ដីធ្លី​ ​ប៉ុន្តែ​មិន​ទាន់​​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ ​ដោយ​សារ​មន្ត្រី​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​មិនទាន់​មាន​ឯករាជ្យ​និង​អព្យាក្រឹត្យ​ភាព​ពី​គណ​បក្ស​នយោបាយ។


«យើង​អត់ទាន់​មាន​ជំនឿ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ។​ ពួកគេ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ស៊ើប​អង្កេត​ ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​សច្ចា​ប្រណិធាន​ដក​ខ្លួន​ចេញ​ពី​គណ​បក្ស​នយោបាយ​ទេ»។


លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​ថា​ ​លោក​បាន​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​​ទាំងអស់​ ដែល​បាន​ប្តឹង​មក​អង្គភាព​របស់​លោក។ ​លោក​មិន​បដិសេធ​បណ្តឹង​ណាមួយ​ទេ​ ​បើមាន​ភស្តុតាង​គ្រប់គ្រាន់​ និង​ច្បាស់​លាស់។


«យើង​អាច​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យបណ្តឹង​គ្រប់ប្រភេទ​ ​ឱ្យតែ​មាន​គ្រប់​ធាតុផ្សំ​ទាំងអស់​ ដើម្បី​ដំណើរ​ការ»។


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មាន​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​យ៉ាង​ពេល​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​ថ្ងៃ​អង្គារ៕

"

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន

កម្មករ​សំណង់​ឈប់​តវ៉ា​ក្រោយ​មាន​ការ​សន្យា​ពី​ក្រុមហ៊ុន: "ក្រុម​កម្មករ​រាប់​រយ​នាក់​របស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​កូរ៉េ​មួយ​ឈ្មោះ ឌូសុង (Doosong) បាន​បញ្ចប់​ការ​តវ៉ា និង​ការ​ទាមទារ​របស់​ខ្លួន​រយៈ​ពេល​ពីរ​ថ្ងៃ ក្រោយ​ទទួល​ការ​សន្យា​មួយ​ចំនួន​ពី​ក្រុមហ៊ុន។"

Friday, September 3, 2010

កម្មករ​សហគ្រាស​ខេស៊ី​ហ្សេស៊ីន​ផ្អាក​ការ​តវ៉ា រង់ចាំ​ដំណោះស្រាយ

វិទ្យុអាស៊ី​សេរី, ដោយ អ៊ុក សាវបូរី 2010-09-02
អតីត​ក្រុម​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន (KC Gecin Enterprises) ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ បាន​ផ្អាក​ការ​តវ៉ា​ហើយ កាល​ពី​ថ្ងៃ​១ កញ្ញា ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​ការងារ។
រឿង​ហេតុ​នេះ​បាន​កើត​ឡើង ដោយសារ​កម្មករ​សំណង់​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​១៦ សីហា រហូត​មក ព្រោះ​តែ​សហគ្រាស​បញ្ឈប់​កម្មករ​ជាង ៦០​នាក់ ដោយ​គ្រាន់តែ​សុំ​បង្កើត​សហជីព។

តំណាង​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន នៅ​ការដ្ឋាន​ព្រែក​ហូរ ខេត្ត​កណ្ដាល លោក ជា សុភាព បាន​ឲ្យ​ដឹង​ថា កម្មករ​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១ កញ្ញា ព្រោះ​ស្ដាប់​តាម​បញ្ជា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​ ក្រុម​កម្មករ ផ្អាក​ការ​តវ៉ា​សិន​រង់ចាំ ១៥​ថ្ងៃ​នៃ​ការ​ដោះស្រាយ​កិច្ច​ចរចា។

លោក​បាន​បន្ត​ថា ៖ «គាត់​នឹង​យក​រឿង​ទៅ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង។ បើ​ថា អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​ឡើង​ទៅ​តុលាការ​ទៀត!»

ក្រុម​កម្មករ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​រសៀល​ថ្ងៃ​៣១ ខែ​សីហា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ផ្ដល់​លិខិត​លេខ​០១០ ឲ្យ​ពួក​គេ ២១​នាក់ ដែល​សហគ្រាស​មិន​ទាន់​បញ្ឈប់​ជា​ផ្លូវការ កាន់​ទៅ​បង្ហាញ​សហគ្រាស​ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ វិញ។ ប៉ុន្តែ​ត្រូវ​សហគ្រាស​បដិសេធ ដោយ​សំអាង​ថា សហគ្រាស​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវការ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ នៃ​ក្រសួង​ការងារ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន លោក ង៉ែត សំអុល បាន​ថ្លែង​ថា ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ចោទ​ថា សហគ្រាស​រើសអើង​ការ​សុំ​បង្កើត​សហជីព គឺ​ខុស​ទាំង​ស្រុង។ សហគ្រាស​មិន​មាន​លិខិត​ស្នើសុំ​ជា​ផ្លូវការ​ពី​កម្មករ​ទាំង​នោះ ក្នុង​ការ​បង្កើត​សហជីព​ទេ។ រីឯ​ការ​ចោទ​ថា សហគ្រាស​បញ្ឈប់​កម្មករ​នោះ គឺ​មិន​មែន​បញ្ឈប់​ទេ កម្មករ​ទាំង​នោះ​ជួល​ប្រចាំ​ថ្ងៃ គ្មាន​កុងត្រា​អ្វី​ទាំង​អស់។ លោក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ លោក​នឹង​ទៅ​ទទួល​លិខិត​ផ្លូវការ​លេខ​០១០ ពី​ក្រសួង​ការងារ និង​ទៅ​បំភ្លឺ​បញ្ហា​មួយ​ចំនួន ដែល​មិន​ទាន់​ចរចា​ត្រូវរ៉ូវ​គ្នា។

លោក ង៉ែត សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​គាត់​ធ្វើ​បាតុកម្ម​នេះ គឺ​គាត់​មិន​បាន​ស្នើសុំ​មក​ក្រុមហ៊ុន ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ទេ។ អត់​មាន​ដោះស្រាយ​អ្វី​ទាំង​អស់ ជាមួយ​ក្រុមហ៊ុន ថា​គាត់​ចង់​បាន​អី​ពី​ក្រុមហ៊ុន គាត់​ត្រូវ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​សិន។ ចំណុច​ណា​ដែល​គាត់​ចង់​បាន ចំណុច​ណា​ដែល​គាត់​មិន​ចង់​បាន ឬ​ក៏​មិន​ពេញ​ចិត្ត គាត់​ត្រូវ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន ១​ដង ឬ​ចង់​យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​សិន ប៉ុន្តែ​នេះ​អត់​មាន​ទាល់​តែ​សោះ គឺ​គាត់​ចាប់ផ្ដើម​ឡើង​រត់ ឈប់ ហើយ​គាត់​នាំ​គ្នា​មក​បណ្ដោយ មក​ដាក់​បដា​ប្រឆាំង​ក្រុមហ៊ុន​តែម្ដង ហើយ​យើង​អត់​យល់​ពី​គោល​បំណង​របស់​គាត់​ដែរ»

ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ លោកស្រី បូរ ចាន់វាសនា បាន​ថ្លែង​ថា នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១០​ខាង​មុខ​នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នឹង​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ជា​ ថ្មី រវាង​អតីត​ក្រុម​កម្មករ​សំណង់ និង​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន។

លោកស្រី បូរ ចាន់វាសនា បាន​បញ្ជាក់​ថា ៖ «ដំណើរការ​ហ្នឹង​នៅ​លើ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ អាជ្ញាកណ្តាល​គាត់​នឹង​កោះហៅ​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ស្អែក ហើយ​លទ្ធផល​យ៉ាង​ណា យើង​អត់​ទាន់​ដឹង​ទេ! យើង​ចាំ​មើល​បន្ត​ទៅ​ទៀត»

អនុ​ប្រធាន​ទី​១ នៃ​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ គីម បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​គោរព​តាម​ច្បាប់​ការងារ ដែល​បាន​ចែង និង​គោរព​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បញ្ជា​ឲ្យ​កម្មករ​ផ្អាក​ការ​ តវ៉ា និង​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ។ លោក​ថា សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ នឹង​ខិតខំ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​សហគ្រាស និង​កម្មករ ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ៕

អាន​ព័ត៌មាន​​ដូច​គ្នា​ជា​ភាសា​អង់​គ្លេស ចុច​ទី​នេះ ឬ​ប្រើ អាសយដ្ឋាន​នេះ៖ http://chiatkh.blogspot.com/2010/09/kc-gecin-takes-stubborn-stand-abusing.html

Thursday, September 2, 2010

សេដ្ឋី​ស្រុក​ស្រែ​នៅ​តំបន់​ភ្នំ​ក្រវាញ

ដោយ មណ្ឌល កែវ 
វិទ្យុអាស៊ីសេរី 
2010-08-30
កសិករ ទេព ប៊ុន​សុង នៅ​ឯ​ទី​ជន​បទ​ដាច់​ស្រយាល​មួយ ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​តស៊ូ​កសាង​ជីវភាព​ជា​អ្នក​ចម្ការ រហូត​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​ម្នាក់ ដែល​អ្នក​ភូមិ​ហៅ​គាត់​ថា​សេដ្ឋី​ស្រុក​ស្រែ។

ជោគ​ជ័យ​នឹង​ចម្ការ​ក្រូច

ក្នុង​សំលៀក​បំពាក់​ដែល​ជា​អ្នក​ចម្ការ ទេព ប៊ុន​សុង បុរស​វ័យ​៤៨​ឆ្នាំ មាន​រូប​រាង​ស្ដើង​ល្មម សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ដែល​គេ​គ្រាន់​តែ​ឃើញ​គាត់​ជា​លើក​ដំបូង ក៏​គេ​អាច​ស្មាន​បាន​ដែរ​ថា បុរស​រូប​នេះ​មាន​ឈាម​ជ័រ​ជា​ខ្មែរ​សុទ្ធ​សាធ ពុំ​មាន​ជាប់​ខ្សែ​ស្រឡាយ​ចិន​នោះ​ទេ។ ជា​ទូទៅ នៅ​ស្រុក​ខ្មែរ​គេ​តែង​គិត​ថា ខ្មែរ​សុទ្ធ​មិន​ចេះ​រក​ស៊ី​មាន​បាន ដូច​កូន​ចៅ​ចិន​នោះ​ឡើយ។

ឈាន​ពី​បាត​ដៃ​ទទេ កសិករ​រូប​នេះ​បាន​មក​ដល់​តំបន់​ភូមិ​អូរ​កណ្ដោល ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់​តែ​ម្នាក់​ឯង នា​ឆ្នាំ​២០០៣ ក្នុង​នាម​ជា​អ្នក​កាប់​ឈើ​ប្រណិត​លក់​ឲ្យ​ឈ្មួញ។ តែ​ដោយ​មាន​ឈាម​ជ័រ​ជា​កូន​អ្នក​ស្រែ​ចម្ការ ពេល​ឃើញ​ដី​ព្រៃ​ធំ​ទូលាយ​តែ​ពុំ​ឃើញ​មាន​ការ​ដាំ​ដុះ​អ្វី​សោះ​ក្នុង​តំបន់ ​នេះ ទេព ប៊ុន​សុង ក៏​ចាប់​ផ្ដើម​សុំ​ដី​ព្រៃ​សឹករិចរិល​ពី​អាជ្ញាធរ​ភូមិ ឃុំ បាន​ចំនួន​២​ហិកតារ ត្រួស​ត្រាយ​បង្កើត​ជា​ចម្ការ​ដាំ​ក្រូច។ ហើយ​ជា​បន្ត​បន្ទាប់ គាត់​បាន​សន្សំ​ប្រាក់​ពី​ការ​ចិញ្ចឹម​គោ​មេ និង​ប្រាក់​ដែល​ប្រពន្ធ​គាត់​សន្សំ​បាន​ពី​ការ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ បាត់ដំបង យក​ទៅ​ទិញ​ដី​បន្ថែម​ពី​អ្នក​ភូមិ​បន្តិច​ម្តងៗ។ បច្ចុប្បន្ន ទេព ប៊ុន​សុង មាន​ចម្ការ​ក្រូច​ចំនួន​១៥​ហិកតារ ក្នុង​នោះ មាន​ចម្ការ​ដែល​ផ្ដល់​ផល​ជា​ស្រេច​ចំនួន​៥​ហិកតារ និង​១០​ហិកតារ​ទៀត​មិន​ទាន់​ផ្ដល់​ផល​នៅ​ឡើយ ពោល​គឺ​មិន​ទាន់​មាន​ផ្លែ។

ទេព ប៊ុនសុង បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ គាត់​អាច​រក​ចំណូល​បាន​ពី​ការ​លក់​ផ្លែ​ក្រូច​បាន​ប្រមាណ​ពី​២​ម៉ឺន​ទៅ​៣​ ម៉ឺន​ដុល្លារ​អាមេរិក អា​ស្រ័យ​តាម​តម្លៃ​ទីផ្សារ និង​ផល​ជា​ផ្លែ​ដែល​ដើម​ក្រូច​ហុច​ឲ្យ។ ជា​មួយ​ទឹក​មុខ​ស្រស់​ស្រាយ ម្ចាស់​ចម្ការ​រូប​នេះ​រំពឹង​ថា ប្រហែល​មិន​ដល់​២​ឆ្នាំ​ទៀត​ទេ ចំណូល​គាត់ នឹង​កើន​ឡើង​១​ជា​៣​នៅ​ពេល​ដែល​ដើម​ក្រូច​១០​ហិកតារ​ក្រោយ​នេះ​ផ្ដល់​ផល ពោល​គឺ ក្រូច​ចាប់​ផ្ដើម​មាន​ផ្លែ​នោះ ៖ «មាន​លុយ​តិច​តួច ខ្ញុំ​សន្សំ​ទិញ​ដី​គេ​ឲ្យ​តែ​មាន​គេ​លក់​ដី​ថោកៗ ខ្ញុំ​ខំ​រក​លុយ​ទិញ​ទាល់​តែ​បាន។ ប្រពន្ធ​ខ្ញុំ​សន្សំ​លុយ​លក់​សាច់​ជ្រូក​នៅ​បាត់ដំបង ខ្ញុំ​ទិញ​លក់​គោ និង​ចិញ្ចឹម​មេ​គោ​សន្សំ​ទិញ​តែ​ដី រហូត​បាន​ដី​១៥​ហិកតារ​ហើយ​បច្ចុប្បន្ន»

ដើរ​ពិនិត្យ​ដើម​ក្រូច​បណ្ដើរ បុរស​ម្ចាស់​ចម្ការ​ក្រូច​រូប​នេះ​រៀប​រាប់​ពី​ជីវិត​ពិត​របស់​គាត់​ប្រាប់​ វិទ្យុ​អាស៊ី​សេរី​បណ្ដើរ​ថា គាត់​កើត​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ នៅ​ឯ​ឃុំ​សឹង ស្រុក​សំរោង ខេត្ត​តាកែវ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​មធ្យមសិក្សា​កម្រិត​២ នៅ​វិទ្យាល័យ​សំរោង ខេត្ត​តាកែវ។ ដោយ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះ​ខាត មិន​អាច​បន្ត​ការ​សិក្សា​ទៀត​បាន គាត់​ក៏​បាន​ចូល​ធ្វើ​ជា​ប៉ូលិស​នៅ​ឯ​ស្រុក​កំណើត​នៅ​ឆ្នាំ​១៩៨៧។ តែ​បន្ទាប់​ពី​ទទួល​បរាជ័យ​ក្នុង​ការ​ងារ​ជា​មន្ត្រី​ប៉ូលិស ដោយ​សារ​គ្មាន​ខ្សែ​ស្រឡាយ និង​ខ្នង​បង្អែក​ជួយ​យឹតយោង​បុណ្យ​ស័ក្ដិ​ក៏​ពុំ​បាន​ឡើង ប្រាក់​ខែ​ក៏​មិន​គ្រប់​រស់ គាត់​ក៏​បោះ​បង់​ចោល​ការ​ងារ​ជា​ប៉ូលិស​នៅ​ឆ្នាំ​១៩៨៩ រួច​ក៏​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​ចល័ត​ស្ទើរ​គ្រប់​ទិសទី ជា​ពិសេស​គឺ​ធ្វើ​ជា​កម្មករ​ថែ​ចម្ការ​ក្រូច​ឲ្យ​គេ នៅ​ឯ​ខេត្ត​បាត់ដំបង រហូត​បាន​ជួប​ជា​មួយ​ភរិយា​គាត់​នា​ឆ្នាំ​១៩៩០ ដោយ​ចាប់​ផ្ដើម​ជីវិត​ថ្មី​ជា​អ្នក​លក់​សាច់​ជ្រូក​នៅ​ផ្សារ​បាត់ដំបង ៖ «ពី ​មុន​ខ្ញុំ​ធ្លាប់​ស្រមៃ​ថា​ក្នុង​ជាតិ​នេះ បើ​ខ្ញុំ​មាន​ចម្ការ​ក្រូច​មួយ​ធំ​ដូច​ម្ចាស់​ចម្ការ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ ស៊ី​ឈ្នួល​ថែ​ចម្ការ​ឲ្យ​គាត់​នោះ មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ។ តែ​ឥឡូវ​សុបិន​របស់​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ»

បច្ចុប្បន្ន​កសិករ ទេព ប៊ុន​សុង មាន​ដី​ស្រែ​ជាង​៣០​ហិកតារ គោ​២៥​ក្បាល និង​ជ្រូក​៥០​ក្បាល​ទៀត​ផង។ គាត់​ថា​ទាំង​នេះ​គឺ​ជា​ផល​ដែល​កើត​ចេញ​ពី​គំនិត​ប្រាជ្ញា និង​ការ​តស៊ូ​អំណត់ ព្យាយាម ជា​មួយ​មុខ​របរ​ជា​អ្នក​ចម្ការ​ជិត​១០​ឆ្នាំ​កន្លង​ទៅ​របស់​គាត់​ទាំង​អស់។ បាន​ជាប់​ងារ​ជា «សេដ្ឋី​ស្រុក​ស្រែ» ដែល​ងារ​នេះ​គឺ​ជា​ការ​ផ្ដល់​ដោយ​អ្នក​ស្រុក​ភ្នំ​ក្រវាញ។

ទេព ប៊ុនសុង មាន​ភរិយា​ឈ្មោះ សៀវ សឿន អាយុ​៤៥​ឆ្នាំ និង​កូន​ចំនួន​៣​នាក់ កូន​ស្រី​ច្បង​អាយុ​២០​ឆ្នាំ និង​កូន​ប្រុស​បន្ទាប់​អាយុ​១៨​ឆ្នាំ ឯ​កូន​ស្រី​ពៅ​អាយុ​១៣ ជា​សិស្ស​នៃ​វិទ្យាល័យ​ស្រុក​ភ្នំ​ក្រវាញ។ ជា​មួយ​មុខ​របរ​នេះ គាត់​អាច​ជួយ​ផ្ដល់​ការ​ងារ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​បាន​ជាង​២០​នាក់ ឲ្យ​មាន​ជីវភាព​សម​រម្យ​ផង​ដែរ។

បទពិសោធន៍​បាន​មក​ពី​ការ​អនុវត្ត​ជាក់​ស្ដែង

ម្ចាស់​ចម្ការ​ក្រូច វ័យ​៤៨​ឆ្នាំ លោក ទេព ប៊ុន​សុង ញញឹម​ថ្លែង​បន្ត​ថា ក្រៅ​ពី​ការ​លក់​ផ្លែ​ក្រូច គាត់​ក៏​ជា​អ្នក​បណ្ដុះ​កូន​ក្រូច​លក់​បន្ត​ទៅ​ឲ្យ​អតិថិជន ដែល​មាន​ចម្ការ​យក​ទៅ​ដាំ​បន្ត ដែល​ជា​មួយ​ការ​លក់​កូន​ក្រូច​បណ្ដុះ ឬ​ហៅ​ថា កូន​ក្រូច​ក្រែប​នេះ គាត់​អាច​រក​ចំណូល​បាន​ប្រមាណ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ថែម​ទៀត។ ដូច្នេះ សរុប​មក​ជា​រៀង​រាល់​ឆ្នាំ កសិករ ទេព ប៊ុន​សុង អាច​រក​ចំណូល​បាន​ប្រមាណ​ពី ៣​ម៉ឺន​៥​ពាន់ ទៅ​៤​ម៉ឺន​៥​ពាន់​ដុល្លារ ដោយ​សារ​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច​នេះ ៖ «ខ្ញុំ​បាន​ឈាន​ដល់​ដំណាក់​កាល ​នេះ ខ្ញុំ​ខ្លួន​ឯង​សឹង​តែ​ស្មាន​មិន​ដល់។ គ្រាន់​តែ​ថា ពេល​ខ្ញុំ​បាន​រាវ​រក​ឃើញ​បច្ចេកទេស​ដាំ​ក្រូច​នេះ គ្រប់​សព្វ​ហើយៗ ពិសោធន៍​ទៅ​បាន​សម្រេច​ដូច​ប្រា​ថ្នា​នោះ ខ្ញុំ​បាន​ត្រេក​អរ​រហូត​បាន​ស្រែក​ភ្លាត់​មាត់​ថា តែ​ប៉ុណ្ណេះ​ខ្ញុំ​នឹង​ក្លាយ​ជា​សេដ្ឋ​ម្នាក់​នៅ​ស្រុក​ស្រែ​ហើយ»

កសិករ ទេព ប៊ុន​សុង សារ​ភាព​ថា ការ​ពិត​គាត់​មិន​ដែល​បាន​សិក្សា​ពី​បច្ចេកទេស​កសិកម្ម​អ្វី​នោះ​ទេ ជោគ​ជ័យ​ក្នុង​ជីវិត​ជា​អ្នក​ចម្ការ​របស់​គាត់ គឺ​បាន​មក​ពី​ការ​តស៊ូ​ព្យាយាម​អំណត់ និង​ដក​ពិសោធន៍​ពី​ការ​ងារ​ជាក់​ស្ដែង​ប៉ុណ្ណោះ ៖ «ខ្ញុំ​ចេះ​ដោយ​បទ​ ពិសោធន៍​ផ្ទាល់​ក្នុង​ការ​ងារ​តែ​ម្តង។ មួយ​ទៀត​គឺ​ខ្ញុំ​មើល​តាម​សៀវ​ភៅ​កសិកម្ម ហើយ​យក​មក​កែ​ឆ្នៃ​តាម​ដី​ជាក់​ស្ដែង»

ជា​មួយ​ជោគជ័យ​ក្នុង​មុខ​របរ​ធ្វើ​ចម្ការ​ក្រូច កសិករ ទេព ប៊ុន​សុង ក៏​មាន​បំណង​ចង់​ចង​ក្រង​ជា​សៀវភៅ​ស្ដីពី​ការ​ដាំ និង​ការ​ជ្រើស​រើស​ដី​សម្រាប់​ដំណាំ​ក្រូច ដើម្បី​ទុក​ជា​ចំណង​ដៃ​ជូន​កសិករ​ខ្មែរ​ទូទៅ​បាន​អាន និង​យក​ទៅ​អនុវត្តន៍​ផង​ដែរ។ កសិករ​រូប​នេះ​នៅ​មាន​ក្ដី​ស្រមៃ​មួយ​ទៀត គឺ​គាត់​ចង់​ក្លាយ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោ​ដែល​ធំ​ជាង​គេ​ក្នុង​ ខេត្ត​ពោធិ៍សាត់៕