ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Thursday, September 30, 2010

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​

នាយក​រដ្ឋមន្ត្រី​​ស្នើ​ឱ្យ​តុលាការ​បោះបង់​ការ​ចោទ​ប្រកាន់​ក្រុម​កម្មករ​ដែល​ទាម​ទារ​​ដំឡើង​បៀវត្សរ៍​: "

នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​តំណាង​កម្មករ​​និង​មេ​ដឹកនាំ​សហជីព​ ដែល​បាន​ដឹកនាំ​ធ្វើ​កូដកម្ម​កាល​ពី​សប្តាហ៏​មុន​ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ ហើយ​ឱ្យ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ។​ សេចក្តី​អធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​GMAC​ បាន​ច្រាន​ចោល​សំណើ​របស់​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ​ដែល​បាន​សុំ​ឱ្យ​ភាគី​ក្រុមហ៊ុន​ ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង​កម្មករ​ ចំពោះ​ការ​ធ្វើ​កូដកម្ម​ពី​តុលាការ​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ។​ តំណាង​សហជីព​ បាន​ស្វាគមន៏​ដល់​សំណើរ​បស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​ចង់​ឱ្យ​មាន​វិធានការ​ទាំង​ឡាយ​ ដែល​ត្រូវ​រក​ការ​ស្រុះស្រួល​គ្នា​តាម​រយៈ​ ការ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ និង​ការ​បញ្ឃប់​ការប្តឹង​ផ្តល់​គ្នា។

«ខ្ញុំ​សុំ​ស្នើ​ទៅ​តុលាការ​ឱ្យ​បញ្ឈប់​ការ​ចោទប្រកាន់​ ចំពោះ​កម្មករ​ និង​មេដឹកនាំ​សហជីព ​ហើយ​សុំ​គ្រប់​រោងចក្រ​មេត្តា​ទទួល​យក​កម្មករ​ឱ្យ​ចូល​ធ្វើការ​វិញ។​ នេះ​គឺ​ជា​​ដំណោះ​ស្រាយ​ឈ្នះ​ឈ្នះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​បញ្ចាក់​ថា​ បើ​ក្រុមហ៊ុន​នៅតែ​បន្ត​ការ​ប្តឹងផ្តល់​នៅ​តុលាការ​ ការ ធ្វើ​កូដកម្ម​នៅ​តែ​បន្ត។

«ថៅកែ​រោងចក្រ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​របស់​កម្មករ​ ប្រាក់ឈ្នួល​ និង​ប្រាក់​កម្រៃ​ផ្សេងៗ។​ បើ​ ថៅកែ​រោងចក្រ​អាច​ដំឡើង​បាន​ ថៅកែ​ខិតខំ​ដំឡើង។​ ឯ​កម្មករ​ត្រូវ​ខំ​ប្រឹង​ធ្វើការ​ឱ្យ​បានល្អ ​ដើម្បី​រោង ចក្រ​បាន​ចំណេញ»។

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​បាន​ថ្លែងថា ​នេះ​ជា​កាយវិការ​មួយ​ដ៏ត្រឹមត្រូវរ​បស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មករ។

«តំណាង​កម្មករ​ និង​សកម្មជន​ប្រមាណ​ ១៥០​នាក់​ មក​ពី​១៧​រោងចក្រ​នៅ​ភ្នំពេញ​ ខេត្ត​កណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ ត្រូ​វបាន​ប្តឹង​ទៅ​តុលាការ ​និង​មិន​ឱ្យ​ចូល​ធ្វើការ»។

លោក​ ខេន លូ ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បាន​បដិសេធ​ការ​អធិប្បាយ​អំពី​ប្រសាសន៏​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ប៉ុន្តែ​ កាល​ពី​ថ្ងៃ​អង្គារ ​លោក​បាន​បញ្ជាក់​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដក​ពាក្យ​បណ្តឹង​របស់​ខ្លួន​ពី​តុលាការ​ទេ។

មន្ត្រី​តុលាការ​ខេត្ត​កណ្តាល ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​ទទួល​បាន​សំណើ​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​នឹង​ធ្វើការ​ពិនិត្យ​ទៅ​តាម​ផ្លូវ​ច្បាប់។

សហជីព ​និង​រោងចក្រ​កាត់ដេរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ដែល​មាន​ប្រាំបួន​ចំណុច​ កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ឯកភាព​ដំណើរការ​ជំហ៊ាន​ជា​បន្តបន្ទាប់​ ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។

ចំណុច​ទាំង​ប្រាំបួន​នេះ​រួមមាន​ ការ​លើក​ទឹកចិត្ត​កម្មករ​និង​ថៅកែ​រោងចក្រ​នៅ​កម្រិត​សហគ្រាស​ ដើម្បី​ពិភាក្សា​ការផលិត​ជាថ្មី​និង​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នៅ​កម្រិត​សហគ្រាស។

ដំណោះស្រាយ​ជម្លោះ ​និង​អធិការកិច្ច​ការងារ។​ ភាគី​ទាំងអស់​ឯកភាព​អនុវត្ត​នូវ​ការ​ស្រាវជ្រាវ​រួមគ្នា​ រក​ការពិត​អំពី​ប្រេវ៉ាឡង់ ​និង​ចរឹក​នៃ​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។​

ថៅកែ​រោងចក្រ ​និង​សហជីព​ប្តេជ្ញា​ស្វែង​រក​ឱកាស​ភ្ជាប់​កិច្ច ​សន្យា​ដោយ​សេចក្តី​ជឿ​ទុកចិត្ត ​និង​ការ ចរចា​ថ្នាក់​ជាតិ​ ដើម្បី​ធ្វើ​ឱ្យ​សកម្មភាព​ផលិតភាព​កាន់តែ​ប្រសើរ​ ហើយ​ភាគី​ទាំងអស់​ឯកភាព​ពិភាក្សា​លើ​ដំណើរការ​ជ្រើសរើស​អាជ្ញា​កណ្តាល​ ដើម្បី​ធានា​នូវ​សេចក្តី​ជឿ​ទុកចិត្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោយ​គ្រប់​ភាគី៕
"

No comments: