ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Wednesday, September 29, 2010

សីលធម៌​និង​គ្រាប់​បាយ?

សម្រាប់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​ការងារ​រាជការ (ឬ​ហៅ​សាមញ្ញថា ការងាររដ្ឋ) អ្នក​ណាក៏​ដឹង​ដែរ​ថា ប្រាក់​ខែ​ដែល​ពួក​គាត់​ទទួល​បាន​ពី​រដ្ឋដែល​រក​​ប្រាក់​ចំណូលបាន​​ពី​ការ​ទារ​ពន្ធ​​​​ពី​ប្រជាពលរដ្ឋ និង​ពី​ក្រុម​ហ៊ុន​​ជាដើម​នោះ សុទ្ធ​តែដឹង​ថា ប្រាក់​ខែ​របស់​គាត់​ពិត​​ជា​ចាយ​មិនគ្រាន់​ទេ។

ចុះ​ហេតុ​អ្វី​ពួក​គាត់​អាច​រស់​នៅ​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ? បញ្ញា​នេះ​​គឺ​បណ្ដាល​មក​ពី​កត្តា​មួយ​គឺ​ពួក​​គាត់​អាច​​ឆ្លៀត​ពេល​ពី​ការងារ​ស្នូលរបស់​គាត់​ទៅ​ រកការងារបន្ទាប់​បន្សំ​ដើម្បី​រក​ប្រាក់​​ចិញ្ចឹម​ប្រពន្ធ ផ្គត់​ផ្គង់​កូន​រៀន​សូត្រ និង​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​បន្ត​ជីវិត​រស់​នៅ។

ចុះ​រឿង​ខាង​ក្រោម​នេះ​របស់​មន្ត្រី​នគរបាល​វា​យ៉ាង​ម៉េច​ដែរ? តាម​ខ្លឺមសារ​នៃ​អត្ថ​បទ​ចុះ​ផ្សាយ​របស់​​កាសែត​កោះ​សន្តិភាព​ ខេមរា​សូម​ឯកភាពថា​ វាអញ្ចឹង​មែន។ ដូច្នេះ​ខេមរា​ក៏​សូម​សួរថា តើ​នេះ​ជា​បញ្ហា​របស់​បុគ្គល ឬ​ជា​បញ្ហា​របស់​សង្គម? ខេមរា​យល់ថា មួយ​ផ្នែក​តូច​ជា​បញ្ហា​របស់​បុគ្គល រី​ឯមួយ​ផ្នែក​ធំ​ទៀត​ជា​បញ្ហា​របស់​សង្គម ឬ​បញ្ហា​គ្រប់​គ្រង​របស់​រដ្ឋ ព្រោះថា ប្រសិន​បើ​រដ្ឋ​គ្រប់​គ្រង​បាន​ល្អ ផ្ដល់​​ប្រាក់​ខែ​គ្រប់​គ្រាន់​ មាន​មន្ត្រី​មាន​សមត្ថ​ភាព​ ក្នុង​ការបំពេញ​ការងារ ដូច្នេះ​​ខ្ញុំ​ជឿថា បញ្ហា​ក៏នឹង​គ្មាន​កើត​ឡើង​បែប​នេះ​ទេ។ តើ​លោក​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?​

សូម​អាន​អត្ថបទ​របស់​កាសែត​កោះ​សន្តិ​ភាពទាំង​ស្រុង​ដូច​ខាងក្រោម​នេះ៖

ឡី ចាន់​ឆាយ៖ តើ​ថ្លៃ​ថ្នូរ​ឬ​ទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​«ស៊ីញ៉េ»វត្ត​មាន​ហើយ​ទៅ​ផ្ទះ​វិញ?: "លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍
ខេត្ត​ប៉ៃ​លិន ៖ លោក​ឡី ចាន់​ឆាយ ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ចំពោះ​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​របស់​លោក​ថា តើ​មន្ត្រី​នគរ​បាល​យើង​​នៅ​មាន​ភាពថ្លៃ​ថ្លូរ ឬទេ បើ​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​ទៅ​ផ្ទះ​វិញ​នោះ? លោ​កបាន​​មាន​ប្រសាសន៍​​ដូច្នេះ​ក្នុង​​ឱកាស​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ខែ​កញ្ញា ​និង​លើក​ទិស​ដៅ​អនុ​វត្ត​បន្ត​សំរាប់​ខែ​តុលា ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា កន្លង​​មក​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃ​លិន ។

លោក​ឡី ចាន់​ឆាយ បាន​​មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ការរាយ​ការណ៍​ពី​មន្ត្រី​នគរ​បាល​មួយ​ចំនួន​ដែល​មក​ធ្វើ​ការ​គ្រាន់​តែ​ស៊ី​ញ៉េ​វត្ត​មាន ​ហើយ​​ក៏​​គេច​​ទៅ​​ផ្ទះ​បាត់​មិន​នៅ​ធ្វើ​ការ​ ។ ជាក់​ស្តែង​សូម្បី​តែ​ពេល​ប្រជុំ​នេះ ​ក៏​ដូច្នេះ​ដែរ ​មាន​មន្ត្រី​នគរ​បាល​ខ្លះ​ស៊ី​ញ៉េវត្ត​មាន​ ហើយ​មិន​ចូល​រួម​ប្រ​ជុំ​ទេ ស្មាន​តែ​លោក​មិន​ដឹង​​ឬ​​ថា អ្នក​ណា​មាន​មុខ​ប្រជុំ អ្នក​ណា​មិន​ចូល​រួម​ប្រជុំ​នោះ? ។ នេះ​បង្ហាញ​ថា វិន័យ​​របស់​មន្ត្រី​នគរ​បាល​យើង​នៅ​មាន​ភាព​ធូរ​រលុង​ជា​ខ្លាំង​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ឱ្យ​បាន​ឆាប់​រហ័ស ។ យើង​ជា​កូន​ចៅ​របស់​ប្រជា​ជន​ ជា​មន្ត្រី​របស់​រដ្ឋា​ភិបាល​​ស៊ី​ប្រាក់​ខែ និង​ស្លៀក​​ពាក់​ខោ​អាវ​រដ្ឋា​ភិបាល​ ដូច្នេះ​ត្រូវ​តែ​បំរើ​ប្រជា​ជន​ បំរើ​រដ្ឋា​ភិបាល​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​ទាំង​អស់​នេះ ។

លោក​ស្នង​ការ​បាន​បន្ត​ថា បញ្ហា​ទាំង​នេះ​អាច​មក​ពី​ប្រធាន​ការិយា​ល័យ​នីមួយៗ​ផង​ដែរ ។ ពេល​ខ្លះ​អាច​ប្រធាន​ការិយា​ល័យ​មិន​បាន​ប្រគល់​ការ​ងារ​ភារ​កិច្ច​ឱ្យ​គេ​ធ្វើ ដោយ​សារ​​​ការ​ងារ​ខ្លះ​មាន​លុយ​កាក់​បន្តិច​បន្តួច​ក៏​សំងំ​ធ្វើ​តែ​គ្នា​ឯង​ប៉ុន្មាន​នាក់​​ហ្នឹង​​ទៅ​ មិន​ចែក​គេ​ធ្វើ​​ទេ លុះ​ដល់​គេ​មក​ធ្វើ​ការ​មួយ​ថ្ងៃ​គ្មាន​ការ​ងារ​អ្វី​ធ្វើ ពីរ​ថ្ងៃ​គ្មាន​ការ​ងារ​ធ្វើ ​យូរៗ​ទៅ​ក៏​ណាយ​ហើយ​ក៏​​ធ្វើ​បែប​ហ្នឹង​ទៅ ។ ដូច្នេះ​ទាំង​ប្រធាន​ការិយា​ល័យ​ទាំង​ស្នង​ការ​រង​ទទួល​ផែន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​កែ​ប្រែ​លើ​បញ្ហា​ទាំង​អស់​នេះ និង​ត្រូវ​ក្តាប់​​ឱ្យ​បាន​ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ហៅ​មក​ណែ​នាំ​ បើ​នៅ​តែ​មិន​កែ​ប្រែ​ត្រូវរាយ​ការណ៍​មក​ថ្នាក់​លើ ដើម្បី​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ៕
"

No comments: