ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Friday, September 3, 2010

កម្មករ​សហគ្រាស​ខេស៊ី​ហ្សេស៊ីន​ផ្អាក​ការ​តវ៉ា រង់ចាំ​ដំណោះស្រាយ

វិទ្យុអាស៊ី​សេរី, ដោយ អ៊ុក សាវបូរី 2010-09-02
អតីត​ក្រុម​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន (KC Gecin Enterprises) ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ បាន​ផ្អាក​ការ​តវ៉ា​ហើយ កាល​ពី​ថ្ងៃ​១ កញ្ញា ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​ការងារ។
រឿង​ហេតុ​នេះ​បាន​កើត​ឡើង ដោយសារ​កម្មករ​សំណង់​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​១៦ សីហា រហូត​មក ព្រោះ​តែ​សហគ្រាស​បញ្ឈប់​កម្មករ​ជាង ៦០​នាក់ ដោយ​គ្រាន់តែ​សុំ​បង្កើត​សហជីព។

តំណាង​កម្មករ​សំណង់​នៃ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន នៅ​ការដ្ឋាន​ព្រែក​ហូរ ខេត្ត​កណ្ដាល លោក ជា សុភាព បាន​ឲ្យ​ដឹង​ថា កម្មករ​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១ កញ្ញា ព្រោះ​ស្ដាប់​តាម​បញ្ជា​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​ ក្រុម​កម្មករ ផ្អាក​ការ​តវ៉ា​សិន​រង់ចាំ ១៥​ថ្ងៃ​នៃ​ការ​ដោះស្រាយ​កិច្ច​ចរចា។

លោក​បាន​បន្ត​ថា ៖ «គាត់​នឹង​យក​រឿង​ទៅ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង។ បើ​ថា អត់​មាន​ដំណោះស្រាយ ពួក​ខ្ញុំ​នឹង​ឡើង​ទៅ​តុលាការ​ទៀត!»

ក្រុម​កម្មករ​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​រសៀល​ថ្ងៃ​៣១ ខែ​សីហា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ផ្ដល់​លិខិត​លេខ​០១០ ឲ្យ​ពួក​គេ ២១​នាក់ ដែល​សហគ្រាស​មិន​ទាន់​បញ្ឈប់​ជា​ផ្លូវការ កាន់​ទៅ​បង្ហាញ​សហគ្រាស​ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​ វិញ។ ប៉ុន្តែ​ត្រូវ​សហគ្រាស​បដិសេធ ដោយ​សំអាង​ថា សហគ្រាស​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវការ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ នៃ​ក្រសួង​ការងារ។

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន លោក ង៉ែត សំអុល បាន​ថ្លែង​ថា ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ចោទ​ថា សហគ្រាស​រើសអើង​ការ​សុំ​បង្កើត​សហជីព គឺ​ខុស​ទាំង​ស្រុង។ សហគ្រាស​មិន​មាន​លិខិត​ស្នើសុំ​ជា​ផ្លូវការ​ពី​កម្មករ​ទាំង​នោះ ក្នុង​ការ​បង្កើត​សហជីព​ទេ។ រីឯ​ការ​ចោទ​ថា សហគ្រាស​បញ្ឈប់​កម្មករ​នោះ គឺ​មិន​មែន​បញ្ឈប់​ទេ កម្មករ​ទាំង​នោះ​ជួល​ប្រចាំ​ថ្ងៃ គ្មាន​កុងត្រា​អ្វី​ទាំង​អស់។ លោក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ លោក​នឹង​ទៅ​ទទួល​លិខិត​ផ្លូវការ​លេខ​០១០ ពី​ក្រសួង​ការងារ និង​ទៅ​បំភ្លឺ​បញ្ហា​មួយ​ចំនួន ដែល​មិន​ទាន់​ចរចា​ត្រូវរ៉ូវ​គ្នា។

លោក ង៉ែត សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​គាត់​ធ្វើ​បាតុកម្ម​នេះ គឺ​គាត់​មិន​បាន​ស្នើសុំ​មក​ក្រុមហ៊ុន ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ទេ។ អត់​មាន​ដោះស្រាយ​អ្វី​ទាំង​អស់ ជាមួយ​ក្រុមហ៊ុន ថា​គាត់​ចង់​បាន​អី​ពី​ក្រុមហ៊ុន គាត់​ត្រូវ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​សិន។ ចំណុច​ណា​ដែល​គាត់​ចង់​បាន ចំណុច​ណា​ដែល​គាត់​មិន​ចង់​បាន ឬ​ក៏​មិន​ពេញ​ចិត្ត គាត់​ត្រូវ​ដោះស្រាយ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រុមហ៊ុន​ឲ្យ​បាន ១​ដង ឬ​ចង់​យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​សិន ប៉ុន្តែ​នេះ​អត់​មាន​ទាល់​តែ​សោះ គឺ​គាត់​ចាប់ផ្ដើម​ឡើង​រត់ ឈប់ ហើយ​គាត់​នាំ​គ្នា​មក​បណ្ដោយ មក​ដាក់​បដា​ប្រឆាំង​ក្រុមហ៊ុន​តែម្ដង ហើយ​យើង​អត់​យល់​ពី​គោល​បំណង​របស់​គាត់​ដែរ»

ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៃ​ក្រសួង​ការងារ លោកស្រី បូរ ចាន់វាសនា បាន​ថ្លែង​ថា នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១០​ខាង​មុខ​នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នឹង​បើក​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ជា​ ថ្មី រវាង​អតីត​ក្រុម​កម្មករ​សំណង់ និង​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេស៊ី ហ្សេស៊ីន។

លោកស្រី បូរ ចាន់វាសនា បាន​បញ្ជាក់​ថា ៖ «ដំណើរការ​ហ្នឹង​នៅ​លើ​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។ អាជ្ញាកណ្តាល​គាត់​នឹង​កោះហៅ​ធ្វើ​សវនាការ​នៅ​ថ្ងៃ​ស្អែក ហើយ​លទ្ធផល​យ៉ាង​ណា យើង​អត់​ទាន់​ដឹង​ទេ! យើង​ចាំ​មើល​បន្ត​ទៅ​ទៀត»

អនុ​ប្រធាន​ទី​១ នៃ​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ គីម បាន​ឲ្យ​ដឹង​ថា កម្មករ​សំណង់​គោរព​តាម​ច្បាប់​ការងារ ដែល​បាន​ចែង និង​គោរព​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​បញ្ជា​ឲ្យ​កម្មករ​ផ្អាក​ការ​ តវ៉ា និង​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ការងារ។ លោក​ថា សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ នឹង​ខិតខំ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​សហគ្រាស និង​កម្មករ ដើម្បី​ឲ្យ​សហគ្រាស​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ៕

អាន​ព័ត៌មាន​​ដូច​គ្នា​ជា​ភាសា​អង់​គ្លេស ចុច​ទី​នេះ ឬ​ប្រើ អាសយដ្ឋាន​នេះ៖ http://chiatkh.blogspot.com/2010/09/kc-gecin-takes-stubborn-stand-abusing.html

No comments: