មន្ត្រីសហគមន៍អឺរ៉ុបនិងមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានជូបប្រាស្រ័យគ្នាដើម្បីស្វែងយល់អំពីកិច្ចព្រម ព្រៀងរវាងក្រុមហ៊ុនភ្នំពេញ Sugar Industry របស់លោកឧកញ៉ាលី យ៉ុងផាត់ និងសហគមន៍អឺរ៉ុប ក្នុងការនាំស្ករសទៅសហគមន៍អឺរ៉ុប ប៉ុន្តែមន្ត្រីអង្គការលីកាដូនិងមន្ត្រីសហគមន៍អឺរ៉ុបបានបដិសេធ មិនបានបង្ហាញអំពីលទ្ធផលជំនួបនេះទេ។
មន្ត្រីសហគមន៍អឺរ៉ុបនិងមន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃសុក្រនេះ បានជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងយល់ពីកិច្ចព្រមព្រៀងរវាងសហគមន៍អឺរ៉ុបជាមួយ និងក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ ក្នុងការនាំស្ករសចេញទៅកាន់ទីផ្សាររបស់សហគមន៍អឺរ៉ុប។
មន្រ្តីមកពីសហគមន៍អឺរ៉ុប និងមន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ ពុំបានបញ្ជាក់អំពីជំនួបផ្លូវការនេះ ថាតើនឹងជជែកអំពីបញ្ហាលម្អិតអ្វីខ្លះនោះទេ។
ក៏ប៉ុន្តែលោក Rafael Dochao Moreno ភារធារីសហគមន៍អឺរ៉ុប ត្រូវបានកាសែតផ្សាយជាប្រចាំថ្ងៃ ឈ្មោះThe Cambodia Daily ដកស្រង់សម្តីមកចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានប្រកាសឲ្យមានការស៊ើបអង្កេត ហើយការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីបញ្ជប់វេទិការបស់សហគមន៍អឺរ៉ុបចំនួនពីរថ្ងៃ ដែលបានធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញស្តីអំពីបញ្ហាសិទ្ធិមនុស្ស។
លោក Moreno បាននិយាយថា លោកកំពុងតែធ្វើការវិភាគទៅលើស្ថានភាពពិតប្រាកដមួយ នៅក្នុងខេត្តទាំងនោះ ហើយនេះគឺជាអ្វីដែលលោកបានធ្វើការវិភាគ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានសរសេរលិខិតមួយទៅគណបក្សប្រឆាំង ដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុនភ្នំពេញ SUGAR និងកំពង់ស្ពឺ SUGAR របស់លោកឧកញ៉ាលី យ៉ុងផាត់ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងរុក្ខាប្រមាញ់ និងនេសាទ។
ក្រុមហ៊ុនកំពង់ស្ពឺ SUGAR បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួនជាង៩០០០ហិកតាសម្រាប់ធ្វើការអភិវឌ្ឍដាំដើមអំពៅ ដើម្បីយកទៅធ្វើស្ករស។ ឥឡូវនេះក្រុមហ៊ុននេះ កំពុងតែមានរឿងចម្រូងចម្រាស់ជាមួយនឹងប្រជាពលរដ្ឋនៅក្នុងឃុំអមលាំង ខេត្តកំពង់ស្ពឺ រឿងវិវាទដីធ្លី។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កាសែត The Camboia Daily បានចុះផ្សាយថា ពិធីសារស្តីពីស្ករសរបស់សហគមន៍អឺរ៉ុប បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនមួយរូប គឺលោកលី យ៉ុងផាត់ ដែលពិធីសារនេះរំពឹងថា នឹងនាំចេញស្ករសទៅកាន់សហគមន៍អឺរ៉ុបទ្វេរដងនៅឆ្នាំ២០១២ខាងមុខនេះ។
លោកហេង សាន ជំនួយការរបស់លោកលី យ៉ុងផាត់ ត្រូវបានកាសែតដដែលនេះដកស្រង់សម្តីមកថា ការនាំស្ករសរបស់ក្រុមហ៊ុននេះសង្ឃឹមថា នឹងកើនឡើងរហូតដល់២០.០០០តោននៅឆ្នាំ២០១១និង៤០.០០០តោននៅឆ្នាំ២០១២។
នៅក្នុងអំឡុងខែមិថុនា ស្ករសចំនួន១ម៉ឺនតោនត្រូវបានដឹកទៅឲ្យក្រុមហ៊ុនឧស្សាហកម្មអង់គ្លេសដ៏ធំមួយ ដែលមានឈ្មោះថា Tate និង Lyle ដែលក្រុមហ៊ុននេះបានផ្សព្វផ្សាយពីការប្រើប្រាស់ពិធីសារស្ករសរបស់សហគមន៍អឺរ៉ុបជាមធ្យោបាយមួយក្នុងការបង្កើតប្រាក់ចំណេញ។
លោកលី យ៉ុងផាត់ ប្រធានក្រុមហ៊ុនភ្នំពេញ និងកំពង់ស្ពឺ SUGAR បានបដិសេធថា ក្រុមហ៊ុនរបស់លោកមិនបានចុះពិធីសារក្នុងការនាំស្ករសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបទេ។
«បាទអត់មានទេៗ»។
ចំណែកលោកយឹម សុវណ្ណ អ្នកតំណារាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបាននិយាយថា សហគមន៍អឺរ៉ុប ដែលជាអ្នកគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សទៅលើគ្រប់ផ្នែកទាំងអស់ គួរតែពិនិត្យមើលក្រុមហ៊ុនណា ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងការនាំយកផលិតផលរបស់ខ្លួនទៅកាន់ទីផ្សាររបស់ហគមន៍អឺរ៉ុបនោះ។
«សហគមន៍អឺរ៉ុបហ្នឹងពិនិត្យមើលផង ដើម្បីធ្វើម៉េចកុំឲ្យការដែលធ្វើអាជីវកម្មរកប្រាក់ចំណេញ វាធ្វើនៅលើខ្នងរបស់រាស្រ្ត ឬមួយបានមកដោយសារតែការគាបសង្កត់ ឬជិះជាន់កម្លាំងពលកម្ម ហើយប្រាក់ចំណេញដែលមិនស្អាតស្អំ គួរណាស់តែជួយឲ្យសភាពិនិត្យមើលស្ថានភាពទាំងអស់ហ្នឹង»។
ក្រុមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលមួយរូប កំពុងមានទំនាស់យ៉ាងស្រួចស្រាលជាមួយនឹងប្រជាពលរដ្ឋនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។
យ៉ាងតិចមានប្រជាពលរដ្ឋចំនួនពីរនាក់ត្រូវបានចាប់ឃុំដាក់ពន្ធនាគារ ដោយសារតែពួកគេប្រឆាំងជំទាស់ទៅនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុនកំពង់ស្ពឺ SUGAR ដែលប្រជាពលរដ្ឋបានចោទប្រកាន់ថា បានប៉ះពាល់ដល់ដីស្រែចំការរបស់ពួកគេ។ ទោះជាយ៉ាងណាក្តីពលរដ្ឋទាំងពីរនាក់នោះត្រូវបានដោះលែងមកវិញ៕
"
No comments:
Post a Comment