ចូលរួម​រំលែកទុក្ខ

ជាតិ ខេមរា សូម​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមចំពោះ​ក្រុម​គ្រួសារ​នៃសពទាំង​អស់​ដែល​បានជួបវាសនាអាក្រក់​កាលពីរាត្រីថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ​២០១០កន្លងទៅនេះ។

Saturday, September 4, 2010

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

សង្គម​ស៊ីវិល​​កំពុងរៀបចំ​​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ: "

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះក្រោយ​ពី​មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​នេះ​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​អង្គារ។ បណ្តឹង​នេះ​​ប្រឆាំង​នឹង​ជន​ពុក​រលួយ​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ហាមឃាត់​ ​ការ​យក​ពន្ធដារ​លើ​យានយន្ត​គ្រប់​ប្រភេទ​លើស​តម្លៃ​រដ្ឋ​ និង​ជម្លោះ​ដីធ្លី។​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​ទាំងអស់។


ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​រឿង​ពុក​រលួយ​ប្រមាណ​៧០​សំណុំ​រឿង​ទាក់ទង​នឹង​មន្ត្រី​ពន្ធដារ​ ​តុលាកា​រ ​ប៉ូលិស​ និង​ជម្លោះ​ដីធ្លី​ ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុងខែ​សីហា​នេះ។


សមាជិក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១៤​រូប​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជា​ផ្លូវការ​លើក​ទីមួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដែល​​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លោក​សន ជ័យ ​អ្នក​សម្រប​សម្រួល​បណ្តាញ​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​ជាង​៦០​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១០ ​ដើម្បី​ប្តឹង​ភ្នាក់ងារ​ពន្ធដារ​ដែល​បាន​ទារ​ប្រាក់​លើស​ ​ដោយ​បង្ខំ​ប្រជា​ពលរដ្ឋ​ឱ្យ​បង់ប្រាក់​៦០០០​រៀល​ ជា​ជាង​តម្លៃ​ផ្លូវការ​របស់​រដ្ឋ​ចំនួន​៤៥០០​រៀល។


លោក​សន ជ័យ​បាន​បញ្ជាក់​ថា​ ​ពាក្យ​បណ្តឹង​ទាំងអស់​នេះ​មាន​ភស្តុតាង​ជា​ឈ្មោះ ​និង​អត្ត​លេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ ដែល​ទារ​យក​ប្រាក់​លើស​ពី​តម្លៃ​កំណត់​របស់​នាយក​ដ្ឋាន​ពន្ធដារ​ហើយ​ក្នុង​ពាក្យ​បណ្តឹង​នីមួយៗ​ ​មាន​អ្នក​ប្តឹង​ពី​៥​នាក់​ទៅ​១៥​នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ​ភ្នាក់ងារ​ពន្ធដារ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់ប្រាក់​៥០០០​រៀល​ ​ជំនួស​តម្លៃ​រដ្ឋ​៣០០០​រៀល។


លោក​សន ជ័យ​បាន​បន្ត​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ត្រូវ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ចុង​ខែសីហា​នេះ​ដើម្បី​បញ្ឈប់ ​និង​ដាក់​ពិន័យ​ភ្នាក់ងារ​ពន្ធដារ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។


ខេត្ត​ដែល​មាន​ពាក្យ​បណ្តឹង​ច្រើន​ជាង​គេ​គឺ​ខេត្ត​កណ្តាល​ ​ខេត​កំពង់ស្ពឺ​ ​ខេត្ត​កំពង់​ចាម​ និង​ខេត្ត​តាកែវ។


លោក​សន ជ័យ​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​សាក​ល្បង​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​បាន​ឃើញ។


«អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន។ ​យើង​ចង់​ឃើញ​ការ​ប្រមូល​ពន្ធដារ​ប្រចាំ​ឆ្នាំ​នេះ​មាន​តម្លាភាព​ និង​ជា​គំរូ​មួយ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ»។


លោក​ជា ហ៊ាន ​ប្រធាន​អង្គការ​ការពារ​សត្វព្រៃ ​និង​ធនធាន​ជាតិ​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ថ្នាក់​ជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​២៤១​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​ជាតិ​ប្រាំបួន​នាក់​អំពី​ការធ្វើ​ពាណិជ្ជ​កម្ម​ឈើ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ។


លោក​ជា ហ៊ាន​បាន​បញ្ជាក់​ថា​ ​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​ពីរ​ទៀត​ទៅ​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​១៥០​នាក់​ ដែល​រួមមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​១០​នាក់​ ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​១៦​នាក់​ និង​ឈ្មួញ​កណ្តាល​មួយ​ចំនួន​​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​​ខុស​ច្បាប់​នៅ​ឧទ្យាន​ជាតិ​បុទមសាគរ​ ​ខេត្ត​កោះកុង​ និង​ដើម្បី​ចោទ​ប្រកាន់​មនុស្ស​៣០​នាក់​ ដែល​រួមមាន​ឧទ្យានុរក្ស​១០​នាក់​អំពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បូកគោ​ ខេត្ត​កំពត។


«ខ្ញុំ​មាន​ភស្តុតាង​ជា​ចម្លើយ​របស់​ជន​ល្មើស​ប្រព្រឹត្ត​ជាក់ស្តែង​ ​បាន​និយាយ​ថា​ ​មុន​ពេល​គាត់​ចូល​កាប់​ឈើ​ ឬ​ដឹក​ជញ្ចូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ ​គាត់​បាន​បង់ប្រាក់​ឱ្យ​មន្ត្រី​ឧទ្យានុ​រក្ស​បរិស្ថាន​ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​តាម​ប្រភេទ​ម៉ាស៊ីន​អារ​ឈើ​តូច​ធំ»។


លោក​ជា ហ៊ាន​បាន​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​នាំ​ខ្លួន​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។


«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ស៊ើប​អង្កេត​បន្ថែម​នោះ​​ដោយសារ​ ​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត​កោះកុង​ ​និង​ខេត្ត​កំពង់​ស្ពឺ​ដើម្បី​ឱ្យ​ចាត់ការ​មន្ត្រី​ពុករលួយ​នោះ​ ​តែ​ផ្ទុយ​ទៅវិញ​ ​តុលាការ​មិន​បាន​ចាត់​ការ​ទេ។ ​ដូច្នេះ​​ខ្ញុំ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀត។​ ​បើសិន​ជា​យើង​ប្រមូល​ភស្តុតាង​ ​ហើយ​បែរ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​រក​ពួក​ពុក​រលួយ​មិន​ឃើញ​ នោះ​ខ្ញុំ​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ពាក់​ព័ន្ធ​​របស់​រដ្ឋា​ភិបាល»។


លោក​ស្រី​ម៉ម ស៊ីថា ​​ប្រធាន​គណៈ​កម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា​ ​លោក​ស្រី​នឹង​ដាក់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ទំហំ​ជាង​៥​ហិចតា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សប្តាហ៍​ក្រោយ​នេះ។


លោក​ចាន់ សាវ៉េត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​ ADHOC ​បាន​បញ្ជាក់​ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​របស់​តុលាការ ​ ​ប៉ូលិស ​និង​ជម្លោះ​ដីធ្លី​ ​ប៉ុន្តែ​មិន​ទាន់​​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឡើយ​ ​ដោយ​សារ​មន្ត្រី​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​មិនទាន់​មាន​ឯករាជ្យ​និង​អព្យាក្រឹត្យ​ភាព​ពី​គណ​បក្ស​នយោបាយ។


«យើង​អត់ទាន់​មាន​ជំនឿ​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ។​ ពួកគេ​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ស៊ើប​អង្កេត​ ​ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ធ្វើ​សច្ចា​ប្រណិធាន​ដក​ខ្លួន​ចេញ​ពី​គណ​បក្ស​នយោបាយ​ទេ»។


លោក​ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែង​ថា​ ​លោក​បាន​ស្វាគមន៍​រាល់​ពាក្យ​បណ្តឹង​​ទាំងអស់​ ដែល​បាន​ប្តឹង​មក​អង្គភាព​របស់​លោក។ ​លោក​មិន​បដិសេធ​បណ្តឹង​ណាមួយ​ទេ​ ​បើមាន​ភស្តុតាង​គ្រប់គ្រាន់​ និង​ច្បាស់​លាស់។


«យើង​អាច​បើក​ការ​ស៊ើប​អង្កេត​លើ​ពាក្យបណ្តឹង​គ្រប់ប្រភេទ​ ​ឱ្យតែ​មាន​គ្រប់​ធាតុផ្សំ​ទាំងអស់​ ដើម្បី​ដំណើរ​ការ»។


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មាន​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​យ៉ាង​ពេល​លេញ​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាល​ពី​ថ្ងៃ​អង្គារ៕

"

No comments: